ភ្នំពេញ: នៅក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ក្នុងរាជធានីភ្នំពេញគំនូរដ៏កម្រមួយក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ របស់វិចិត្រករខ្មែរដ៏ល្បីឈ្មោះ ញឹក ឌឹម ត្រូវបានបរិច្ចាគជាផ្លូវការដោយក្រុមគ្រួសាររបស់អតីតទូតអូស្ត្រាលី Robert Merrilleesនៅថ្ងៃទី ២៥ ខែមីនា នៅសារមន្ទីរ ស.ស.រ។
នៅក្នុងឱកាសដ៏មានន័យនេះ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានិងតំណាងគ្រួសារលោក Merrillees បានចូលរួមក្នុងពិធីប្រគល់នេះ។
ផ្ទាំងគំនូរដែលបង្ហាញយ៉ាងរស់រវើកនៃទេសភាពជនបទនៃប្រទេសកម្ពុជាផ្ដោតលើការរស់នៅប្រជាជនតាមបែបប្រពៃណី ជាមួយនឹងទេសភាពត្រូពិកដ៏ខៀវស្រងាត់ និងផ្ទះឈើប្រណីត។
គំនូរដ៏ស្អាតប្លែកនេះទទួលបាននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ ដោយលោក Robert Merrillees និងភរិយារបស់លោកគឺលោកស្រី Helen ក្នុងអំឡុងអាណត្តិការទូតរបស់លោកនៅកម្ពុជាដែលបង្ហាញពីទិដ្ឋភាពបែបជនបទនៃប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យសិល្បៈខុសប្លែកពីគេរបស់លោក ញឹក ឌឹម ។
បន្ទាប់ពីបានខិតខំប្រឹងប្រែងស្តារឡើងវិញដោយចិត្តសប្បុរសគ្រួសារលោក Merrillees បានសម្រេចចិត្តបរិច្ចាគស្នាដៃដ៏កម្រនេះមកកាន់សារមន្ទីរ ស.ស.រ ដោយធានានូវការអភិរក្ស និងឱកាសសម្រាប់មនុស្សជំនាន់ក្រោយអាចទស្សនាបាន។ ហេតុនេះ គំនូរនេះនឹងត្រូវបានបញ្ចូលទៅក្នុងសមុច្ច័យរបស់សារមន្ទីរ ស.ស.រ ។
សហប្រធានសារមន្ទីរ ស.ស.រ គឺលោក ប្លែស គីលីយ៉ង់ បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លានេះ។
លោកបានថ្លែងថា៖ «ស្នាដៃរបស់លោក ញឹក ឌឹម គឺជាការឆ្លុះបញ្ចាំងពីទិដ្ឋភាពវប្បធម៌ និងសិល្បៈដ៏រស់រវើក ដែលរីកដុះដាលក្នុងអំឡុងពេលក្រោយទទួលបានឯករាជ្យ មុនពេលប្រទេសត្រូវបានបំផ្លាញដោយសង្គ្រាម និងក្នុងរបបខ្មែរក្រហម»។
លោកបានបន្ដថា៖ «ការបរិច្ចាគនេះកាន់តែមានអត្ថន័យ ព្រោះសារមន្ទីរទើបតែបានសម្ពោធផ្នែកនៃពិព័រណ៍អចិន្ត្រៃយ៍ដែលទើបបានកែលម្អ គឺសម័យឯករាជ្យ សាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម ដោយមានការពិពណ៌នាបន្ថែមអំពីការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមដែលបានកើតឡើងនៅពេលនោះ»។
អ្នកស្រី Dolla S. Merrillees ជាកូនស្រីលោក Robert Merrillees និងជាតំណាងគ្រួសារ បានលើកឡើងពីសារៈសំខាន់នៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃការបរិច្ចាគនេះ។
អ្នកស្រីបានថ្លែងថា៖ «យើងខ្ញុំពិតជារំភើបណាស់ដែលបានប្រគល់គំនូរនេះ គូរដោយវិចិត្រករខ្មែរដ៏ល្បីល្បាញ គឺលោក ញឹក ឌឹម ជូនប្រជាជនខ្មែរ។គំនូរនេះទទួលបានដោយឪពុកម្តាយខ្ញុំផ្ទាល់ពីវិចិត្រករនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ វាជាកម្មសិទ្ធិដ៏គួរឱ្យស្រឡាញ់ជាមួយនឹងរូបគំនូរដែលគាត់បានគូរពីគ្រួសាររបស់យើង។ ដោយសារស្នាដៃរបស់គាត់ភាគច្រើនត្រូវបានបំផ្លាញដោយរបប ប៉ុល ពត យើងខ្ញុំសង្ឃឹមថា គំនូរនេះនឹងផ្ដល់ភាពរីករាយដល់មនុស្សជំនាន់ក្រោយ»។
លោក ញឹក ឌឹម កើតក្នុងគ្រួសារកសិករមួយនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ក្នុងឆ្នាំ ១៩៣៤ បានក្លាយជាបុគ្គលលេចធ្លោក្នុងសិល្បៈខ្មែរជាមួយនឹងស្នាដៃសិល្បៈបែបទំនើបនៃទេសភាពប្រពៃណី និងជីវភាពប្រចាំថ្ងៃ។
ស្នាដៃរបស់លោកភាគច្រើនជាគំនូរពណ៌ប្រេង និងពណ៌ទឹក តំណាងឱ្យស្ពានរវាងបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងការបង្ហាញសិល្បៈសម័យទំនើប។
ជីវិត និងអាជីពរបស់លោក ញឹក ឌឹម ត្រូវបានបញ្ចប់ភ្លាមៗដោយខ្មែរក្រហមដែលធ្វើឱ្យស្នាដៃរបស់លោកនៅរស់រានមានជីវិត ជាវត្ថុបុរាណដ៏មានតម្លៃនៃប្រវត្តិសាស្ត្រកម្ពុជា។ រចនាប័ទ្មសិល្បៈរបស់ ញឹក ឌឹម ត្រូវបានគេទទួលស្គាល់ថា មានភាពខុសប្លែកគ្នា និងការប្រើប្រាស់ពណ៌ដិតៗ។
ស្នាដៃរបស់លោករមែងបង្ហាញពីទេសភាពប្រពៃណីខ្មែរ តំបន់ទេសចរណ៍ដូចជាអង្គរ និងទឹកឈូ ខេត្តកំពត និងជនជាតិខ្មែរ និងជនជាតិដើម។
ការប្រគល់ផ្ទាំងគំនូររបស់លោក ញឹក ឌឹម ទៅកាន់សារមន្ទីរ ស.ស.រ គឺជាឱកាសនៃការប្រារឰពិធីនិងការបង្ហាញពីអតីតកាល។ការបរិច្ចាគនេះរំឭកពីវប្បធម៌របស់ប្រទេសកម្ពុជា ឆ្លងកាត់អតីតកាលនិងបច្ចុប្បន្នហើយធានានូវកេរដំណែលរបស់លោក ញឹក ឌឹម និងយុគសម័យដែលលោករះត្រចះត្រចង់៕