ក្រចេះៈ ក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីចំនួន ១ ក្បាលទៀត នៅក្នុងអន្លង់កោះផ្តៅ ខេត្តក្រចេះដែលសរុបក្នុងរយៈពេលជិត ៣ ខែនេះ មានកូនផ្សោតកើតថ្មីចំនួន ៦ ក្បាល តែបានងាប់ទៅវិញចំនួន ២ ក្បាល។
កូនផ្សោតទើបនឹងកើតថ្មី ១ ក្បាលនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF កាលពីថ្ងៃទី ២៥ មីនា នៅអន្លង់កោះផ្ដៅ ស្ថិតក្នុងភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ។
កូនផ្សោតកើតថ្មីនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ២ ក្បាលផ្សេងទៀត ហើយវាគឺជាកូនផ្សោតទី ៦ ដែលបានកើតនៅដើមឆ្នាំ ២០២៤ នេះ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម កាលពីយប់ថ្ងៃទី ២៥ ខែមីនា។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ មីនាថា គិតមកដល់ពេលនេះមានរយៈពេលជិត ៣ ខែដែលកម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ ក្បាល ក្នុងនោះងាប់ទៅវិញចំនួន ២ ក្បាល។ ដូច្នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មានកូនផ្សោតកើតថ្មីតែ ១ ក្បាលទេ ក្នុងនោះក៏បានងាប់ទៅវិញផងដែរ។
លោកថ្លែងថា៖ «ឆ្នាំនេះពិតជាពិសេសមែនទែន ដែលយើងបានទទួលកូនផ្សោតកើតថ្មីដល់តែ ៦ ក្បាល ហើយបានស្លាប់ទៅវិញតែ ២ ក្បាលប៉ុណ្ណោះ។ ដូច្នេះវាជាសមិទ្ធផលមួយដ៏ល្អនាពេលអនាគត ដែលវត្តមានផ្សោត នឹងមានចំនួនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ»។
លោក អ៊ុក វិបុល ឱ្យដឹងទៀតថា ទោះបីជាទទួលបានលទ្ធផលល្អក្ដី ប៉ុន្តែកូនផ្សោតដែលត្រូវបានងាប់នោះ សុទ្ធតែទទួលរងកត្តាគំរាមកំហែងពីឧបករណ៍នេសាទមិនស្របច្បាប់ និងការយាយីពីក្រុមផ្សោតឈ្មោលធំៗដើម្បីដណ្ដើមយកមេផ្សោត។
លោកប្រាប់ថា៖ «ចំពោះការគំរាមកំហែងនេះ យើងមិនបានព្រងើយកន្ដើយនោះទេ ដោយយើងបានដាក់ក្រុមការងារជួយសង្គ្រោះ ដើម្បីបំបែកចេញពីក្រុមផ្សោតឈ្មោលកុំឱ្យធ្វើបាបផ្សោតញី ព្រមទាំងកូនផ្សោតទើបនឹងកើតទាំងនោះ។ យើងក៏បានផ្ដាំឱ្យប្រជាពលរដ្ឋដែលជាអ្នកនេសាទ ត្រូវធ្វើយ៉ាងណាចៀសឆ្ងាយពីអន្លង់ផ្សោតរស់នៅ ព្រោះផ្សោតងាយនឹងជាប់មងនិងឧបករណ៍នេសាទមិនស្របច្បាប់ផ្សេងទៀត»។
ទន្ទឹមនឹងនេះដែរ លោក អ៊ុក វិបុល ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ហាមដាក់មងនេសាទដែលមានក្រឡាធំជាង ៤ សង់ទីម៉ែត្រ និងត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទណាផ្សេងទៀតដែលបង្កហានិភ័យដល់សត្វផ្សោត ជាពិសេសត្រូវចូលរួមរាយការណ៍មកខាងជលផល ប្រសិនជាបានឃើញវត្តមានកូនផ្សោតទើបនឹងកើត ក៏ដូចជាបានឃើញការបំពានរបស់ផ្សោតឈ្មោលព្រួតគ្នាធ្វើបាបកូនផ្សោត។
ដោយឡែក លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ក៏បានបញ្ជាក់ដែរថា ក្នុងនាមជាអ្នកអភិរក្ស និងជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំណត់ត្រាកូនផ្សោតកើតថ្មីនេះគឺជាព័ត៌មានល្អ លើកទឹកចិត្ត និងផ្តល់នូវក្តីសង្ឃឹម ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កាន់តែខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ទៅលើការងារចុះល្បាតនិងបង្ក្រាបទៅលើបទល្មើសនេសាទ ដោយការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម។
លោកថ្លែងទៀតថា៖ «សូមចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាកាត់បន្ថយបញ្ហាប្រឈមទាំងនោះឱ្យដល់ចំណុចសូន្យតែម្ដង ដែលមានន័យថា មិនឱ្យមានបទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅតំបន់ផ្សោតរស់នៅឡើយ»។
សូមបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ បើតាមការប៉ាន់ស្មាន សព្វថ្ងៃនេះផ្សោតដែលរស់នៅក្នុងខេត្តស្ទឹងត្រែងនិងក្រចេះ មានចំនួនប្រមាណជា ៩០ ក្បាលរាប់ទាំងផ្សោតមេពូជ និងផ្សោតវ័យជំទង់ផងដែរ៕