ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភាគីពាក់ព័ន្ធ បានបញ្ចប់ការពិគ្រោះយោបល់ជាលើកចុងក្រោយ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ដើម្បីរៀបចំដាក់ជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចពិនិត្យមុននឹងដាក់ឆ្លងទៅទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ កាលពីថ្ងៃទី២៦ ខែមីនា មានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាសកកម្មភាពជនពិការរាជធានី-ខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងតំណាងជនមានពិការភាពជាច្រើនរូបផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោក ម៉េត មករា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានជំនួយបច្ចេកទេសពីអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងទទួលបានការគាំទ្រដោយភាពជាដៃគូអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនមានពិការភាព។
លោកបានបន្តថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ក៏ដូចជាការបង្កើតក្របខ័ណ្ឌត្រួតពិនិត្យវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ នៅពេលខាងមុខ។
លោកថ្លែងបញ្ជាក់ថា៖ «សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំនៅតាមតំបន់ចំនួន ៣ ដងរួចមកហើយ ដែលសិក្ខាសាលាថ្ងៃនេះគឺដើម្បីពិគ្រោះយោបល់ចុងក្រោយ។ ដូច្នេះក្រោយពីទទួលបានធាតុចូលពីសិក្ខាសាលានេះក្រុមការងារនឹងរៀបចំបញ្ចូលទិន្នន័យដើម្បីរៀបចំដាក់ជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដឹកនាំប្រជុំពិនិត្យមុននឹងដាក់ឆ្លងទៅទីស្តីការគណៈរដ្ឋមន្ត្រី»។
អាណត្តិកន្លងមក ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ គឺទទួលបានការចាប់អារម្មណ៍និងមានការចូលរួមអនុវត្តយ៉ាងផុលផុសពីគ្រប់ក្រសួង-ស្ថាប័នសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ និងបានដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្នផងដែរ។
ដោយឡែក លោកស្រី Cai Caiប្រធានផ្នែកសមភាពយេនឌ័រនិងបរិយាបន្នសង្គម ផ្នែកអភិវឌ្ឍន៍សង្គម UNESCAP ក៏បានលើកឡើងដែរថានេះជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព ដែលរួមបញ្ចូលទាំងការធានា និងលើកកម្ពស់ការសម្រេចបានពេញលេញនៃសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានសម្រាប់ជនមានពិការភាព ដោយមិនមានការរើសអើងណាមួយផ្អែកលើមូលដ្ឋាននៃពិការភាព។
លោកស្រីបានថ្លែងថា៖ «ក្រោមអនុសញ្ញានេះដែរ ក៏ស្របតាមការប្ដេជ្ញាចិត្តរបស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំណត់ថា ប្រជាជនកម្ពុជារស់នៅដោយសេចក្តីថ្លៃថ្នូរ សុភមង្គល ទទួលបានសិទ្ធិស្មើគ្នា និងទទួលបានឱកាសស្មើគ្នានៅក្នុងសង្គម។ យើងគាំទ្រដល់ប្រទេសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានានូវសិទ្ធិជនមានពិការភាពឱ្យត្រូវបានទទួលស្គាល់»។
ជាមួយគ្នានេះ ខាងអង្គការ UNDP ក៏បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD)ដំណើរការធ្វើវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកម្ពស់សិទ្ធិជនពិការ ក៏ដូចជាការរៀបចំរបាយការណ៍ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការដើម្បីដាក់ជូនអង្គការសហប្រជាជាតិផងដែរ។
ចំណែក លោក ឈ ប៉ុណ្ណារ័ត្ន មន្ត្រីកម្មវិធីអង្គការជនពិការកម្ពុជា (CDPO) ក៏បានប្រាប់ឱ្យដឹងថា ការកសាងនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ គឺវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជនមានពិការភាព ក្នុងការដែលទទួលបានសេវា និងគម្រោងផ្សេងៗពីសង្គម ដើម្បីជាការឆ្លើយតបទៅនឹងពិការភាពរបស់ពួកគាត់។
លោកថា យុទ្ធសាស្ត្រនេះ វាក៏ជាផ្លូវមួយដើម្បីឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បានចូលរួមអនុវត្តទាំងអស់គ្នា ជាពិសេសស្ថាប័នពាក់ព័ន្ធទាំងអស់នោះ បានដាក់បញ្ជូនផែនការ ឬគម្រោងរបស់ខ្លួននីមួយៗ ទៅក្នុងផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព។
លោកបានថ្លែងថា៖«អ៊ីចឹង!ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពនេះ គឺវាមានសារៈសំខាន់ខ្លាំងមែនទែន ដើម្បីជួយទៅដល់ជនដែលមានពិការភាពរបស់យើងឱ្យបានចូលរួមក្នុងសង្គមមួយយ៉ាងពេញលេញដោយស្មើភាព។ ហេតុនេះប្រសិនជាយើងអត់មានផែនការយុទ្ធសាស្ត្រហ្នឹងទេ គឺការអនុវត្តរបស់ស្ថាប័នរដ្ឋ ទាំងអង្គការ ទាំងអីទាំងអស់ ដូចវាអត់ឆ្លើយតបទៅនឹងតម្រូវការរបស់ជនដែលមានពិការភាពនោះទេ»។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ រហូតដល់ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព បានចំនួនសរុប ៣១៨ ៤៧៣នាក់ ស្រីចំនួន ១៥៥ ៤១០ នាក់ ហើយក្នុងនោះក្រសួង បានអនុម័តក្នុងការបោះពុម្ពបណ្ណជូនជនមានពិការភាព បានចំនួន ២៥៤ ៤១៩នាក់៕