ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់បោកអាជីវកម្មកម្ចីអនឡាញ ចំពោះគណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា កម្ចីរហ័ស» ដែលបានផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហក និងអះអាងថា អាជីវកម្មរបស់ខ្លួនបាន ចុះបញ្ជីត្រឹមត្រូវជាមួយក្រសួង។
ការប្រកាសបែបនេះធ្វើឡើង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្ដឹងពីសាធារណជនពីករណីមានការបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា កម្ចីរហ័ស» បានផ្សព្វផ្សាយដោយអះអាងថា អាជីវកម្មខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម។
ក្រសួងបន្តថា គេហទំព័រដដែលនេះ ក៏បានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផលប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួនផងដែរ។ សេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «សូមបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញមួយនេះហើយអាជីវកម្មកម្ចីអនឡាញនេះក៏ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួងពាណិជ្ជកម្មដែរ»។
ក្រសួងបានព្រមានថា ម្ចាស់អាជីវកម្មកម្ចីអនឡាញ «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបសញ្ញា (Logo) និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម ហើយក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការ តាមនីតិវិធីជាធរមានចំពោះការផ្សព្វផ្សាយបោកប្រាស់ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។មិនអាចទាក់ទងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា កម្ចីរហ័ស» ដើម្បីសុំធ្វើការអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី ២៧ ខែមីនា។
ទាក់ទងរឿងនេះលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ស្ថានភាពបច្ចុប្បន្ននេះ លោកមើលឃើញថា បញ្ហាកម្ចីប្រាក់តាមប្រព័ន្ធអនឡាញនេះ គឺមានការផ្សព្វផ្សាយច្រើនទាំងនៅលើបណ្ដាញសង្គម និងនៅតាមទីសាធារណៈខណៈប្រជាពលរដ្ឋដែលជាជន រងគ្រោះក៏មានច្រើនផងដែរ។ ការរងគ្រោះនេះដោយសារប្រជាពលរដ្ឋមិនមានការយល់ដឹងពីអាជីវកម្ម ឬក្រុមហ៊ុនកម្ចីណាដែលស្របច្បាប់ និងមិនស្របច្បាប់ ជាពិសេសក៏អាចធ្វើឱ្យជនរងគ្រោះត្រូវបានជនល្មើសបង្ខំឱ្យថតរូបអាក្រាតកាយដើម្បីផ្ញើជាការដោះដូរជាមួយការបង់ប្រាក់កម្ចីជាដើម។
លោកបានថ្លែងបញ្ជាក់ថា៖ «ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែមានការប្រកាសថា មានក្រុមហ៊ុនណាខ្លះ ដែលស្របច្បាប់ និងក្រុមហ៊ុនណាខ្លះដែលមិនស្របច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកុំឱ្យធ្លាក់ក្នុងការចាញ់បោក ឬរងគ្រោះដោយសារកម្ចីអនឡាញហ្នឹង»។
លោកបន្តថា មួយវិញទៀតនៅពេលមានបណ្ដឹង ឬក៏ការផ្សព្វផ្សាយដែលគ្មានច្បាប់អនុញ្ញាតគួរតែចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះច្រើន។ ជាមួយគ្នានេះ លោក អំ សំអាត ក៏បានរំឭកឱ្យពលរដ្ឋ គួរតែមានការពិចារណា ក៏ដូចជាសិក្សាទៅលើកម្ចីណាដែលផ្ដល់កាប្រាក់ឱ្យងាយស្រួលពេក ជាពិសេសត្រូវសិក្សាទៅលើដំណើរការអាជីវកម្ម ឬក្រុមហ៊ុនកម្ចីទាំងនោះឱ្យបានច្បាស់ ដើម្បីកុំឱ្យខ្លួនក្លាយជាជនរងគ្រោះបន្តបន្ទាប់ទៀត៕