ស្ថិតនៅក្រោមផ្ទះដ៏តូចចង្អៀតមួយក្នុងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដៃរបស់អ្នកស្រី វ៉ន ហៀង រំកិលទៅតាមចង្វាក់តម្បាញសម្ភារសិល្បៈ និងប្រពៃណី។
ក្នុងនាមជាម្តាយដែលមានកូន ៥ នាក់ ឆាកជីវិតក្រុមគ្រួសាររបស់អ្នកស្រីជួបនូវការលំបាកដែលរស់នៅក្បែរគែមប្រឡាយសម្បូរមូស។
ខណៈអង្គុយត្បាញដោយមិនចេះនឿយហត់ អ្នកស្រី ហៀង មិនត្រឹមតែជាសិប្បករវាយនភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សានូវកេរដំណែលនៃចរបាប់ ជាសម្បត្តិវប្បធម៌ដែលមានតាំងពីសម័យអង្គរទៀតផង។ ទោះបីជាមានស្ថានភាពលំបាកក៏ដោយ ក៏ការលះបង់របស់ស្ដ្រីរូបនេះមិនដែលសាបសូន្យឡើយ។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានឱ្យដឹងថា ក្បូរក្បាច់ចរបាប់មាននៅតាមជញ្ជាំងចម្លាក់បុរាណ ហើយសិប្បករបានដកស្រង់ក្បាច់ទាំងនោះមកធ្វើជាតម្បាញ.
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ចរបាប់ទាក់ទងខ្លាំងទៅនឹងជើងសំពត់ និងក្បាច់ផុស គ្រើម មានជើងជរត្រឹមត្រូវ ដែលមិនមែនត្បាញរាបធម្មតាដូចហូលនោះទេ។ វាមានក្បូរក្បាច់តាំងពីលើរហូតដល់ជរជើង រងស្បូវ រងជើង និងថង់រងសព្វគ្រប់ទាំងអស់»។
សិល្បៈបុរាណដែលបន្សល់តាំងពីសម័យអង្គរបានជួបឧបសគ្គជាច្រើន ជាពិសេសក្នុងអំឡុងសង្គ្រាម ដែលធ្វើឱ្យបាត់បង់សិប្បករ និងសិប្បកម្ម។
លោកបានឱ្យដឹងថា សិល្បៈតម្បាញចរបាប់បែរជាសម្បូរច្រើននៅប្រទេសថៃ ដោយសារមានប្រជាជនខ្មែរដើមជិត ២០ ខេត្ដនៅទីនោះ ដែលពួកគេនៅបន្ដអភិរក្សក្បាច់ក្បូរ និងការជ្រលក់ពណ៌។
«យើងបាត់ទៅ វាទៅជារបស់គេ។ យើងអាចស្រាវជ្រាវមកវិញ ពីប្រជាជនខ្មែរនៅប្រទេសជិតខាង ក៏ដូចជា ពីប្រាង្គប្រាសាទបុរាណរបស់យើង និងចរបាប់ចាស់ៗ ដែលយើងនៅសេសសល់សម្រាប់ជាគំរូត្បាញឡើងវិញ ដើម្បីបន្ដនិរន្ដរភាពចរបាប់ឡើងវិញ»។
នៅពេលនិយាយអំពីសូត្រខ្មែរ មនុស្សជាច្រើនគិតថា វាជាសំពត់ហូល ប៉ុន្តែចំពោះចរបាប់ជាមួយនឹងការរចនាបែបខ្មែរលើសលប់ ពិតជាបង្កប់នូវមរតកខ្មែរយ៉ាងត្រឹមត្រូវជាង។
ដូចជាផ្កាចាន់ដែលកម្របានឃើញនៅសំពត់ហូល វាតែងតែរំលេចនៅលើ ចរបាប់។ ទាក់ទងប្រវត្តិសាស្ត្រនៃរាជវង្ស ដូចជាត្រូវបានគ្រងដោយព្រះមហាក្សត្រិយានីរបស់ព្រះបាទសូរ្យវរ្ម័នទី២ នៅបន្សល់នៅប្រាសាទអង្គរវត្ត ប្រាសាទ ចរបាប់បានបង្ហាញនៅក្នុងពិធីមង្គលការនាពេលបច្ចុប្បន្ន។
ចលនាមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងរក្សាទុកនូវសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិដែលជាសិល្បៈបុរាណនៃចរបាប់។
បច្ចេកទេសតម្បាញសូត្របែបប្រពៃណីនេះមានតាំងពីសម័យអង្គរ ដែលអង្គការធនធានការងារកម្ពុជា (CLRO) បានចាប់ផ្តើមបង្កើតគម្រោងអភិវឌ្ឍន៍ ដើម្បីស្រោចស្រង់សិប្បកម្មនេះឡើងវិញ។
គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កឡើងដោយអ្នកឈឺឆ្អាលចំនួន ៥ នាក់ ក្នុងឆ្នាំ ២០២៣ ដែលបន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយសិប្បករ ចរបាប់បានរកឃើញបញ្ហាសំខាន់ៗចំនួន ២៩ ដែលគំរាមកំហែងដល់ការរស់រាននៃទម្រង់សិល្បៈនេះ។
លោក ឈីវ វេយ្យារ៉ា នាយកប្រតិបត្តិនៃ CLRO បានឱ្យដឹងថា៖ «បញ្ហាប្រឈម គឺយើងនៅសល់តែអ្នករើសផ្កា(ភាសាអ្នកភូមិ ) មានន័យថា អ្នកដំឡើងពុម្ពប្រហែល ២០ នាក់ ហើយជំងឺរាតត្បាតកូវីដ ១៩ បានគំរាមកំហែងដល់អាជីវកម្មពួកគេធ្ងន់ធ្ងរ»។
គម្រោងនេះមានគោលបំណងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់ ruhpkaa ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនចំនួន និងប្រាក់ចំណូលរបស់ពួកគេផងដែរ ដោយហេតុនេះធានាបាននូវភាពបន្តនៃសិប្បកម្ម។
ថវិកាប៉ាន់ស្មានសរុបសម្រាប់ការអនុវត្តគម្រោងនេះ ជាង ២៣ ម៉ឺនដុល្លារ (១៨ ម៉ឺនដុល្លារ សម្រាប់ឆ្នាំដំបូង និងជាង ៥ ម៉ឺនដុល្លារ សម្រាប់ពាក់កណ្តាលនៃឆ្នាំទី២ សម្រាប់រយៈពេល ១ ឆ្នាំកន្លះ)។
ចរបាប់ទាមទារការអភិរក្សការថែរក្សាសិល្បៈបុរាណតម្បាញសូត្រខ្មែរ គឺមានសារៈសំខាន់ដោយសារវាបានផ្សារភ្ជាប់ជាមួយផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សង្គម និងសេដ្ឋកិច្ច។
លោក វេយ្យារ៉ា បាននិយាយថា៖ «ក្បាច់ក្បូរដ៏ស្មុគស្មាញដែលបានឃើញនៅក្នុងចរបាប់ គឺជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជាអស់ជាច្រើនសតវត្សរ៍មកហើយ ដែលបង្ហាញនៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងការបន្តពីអតីតកាលរហូតដល់បច្ចុប្បន្ន»។
លោកបានបន្ដថា៖ «តាមរយៈការអភិរក្សចរបាប់យើងការពារប្រវត្តិសាស្ត្ររស់រានមានជីវិតដែលផ្តល់នូវការយល់ដឹងអំពីបទដ្ឋានសិល្បៈ និងសង្គមនៃអរិយធម៌ខ្មែរបុរាណ រួមចំណែកដល់ការយល់ដឹងរបស់យើងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជាតិកាន់តែទូលំទូលាយ»។
ការតម្បាញចរបាប់ជាប់ពាក់ព័ន្ធនឹងសំណុំជំនាញដ៏ស្មុគស្មាញមួយដែលបានឆ្លងកាត់ជាច្រើនជំនាន់។ ការថែរក្សាវាធានាដល់ការរស់រានមានជីវិតនៃជំនាញសិល្បៈហត្ថកម្មប្រពៃណីទាំងនេះ ការពារកុំឱ្យបាត់បង់ក្នុងសម័យទំនើប និងសកលភាវូបនីយកម្ម។
លោក វេយ្យារ៉ា បានលើកឡើងថា៖ «ការគាំទ្រទម្រង់សិល្បៈនេះអាចនាំទៅដល់ការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសហគមន៍ និងការកាត់បន្ថយភាពក្រីក្រ»។
ការអភិរក្ស ចរបាប់ប្រពៃណីលើកកម្ពស់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈការប្រើប្រាស់សរសៃធម្មជាតិ និងថ្នាំជ្រលក់ ហើយលើកទឹកចិត្តឱ្យផ្លាស់ប្តូរឆ្ងាយពីឧស្សាហកម្មម៉ូដទាន់សម័យឆ្ពោះទៅរកគំរូនៃការប្រើប្រាស់ប្រកបដោយនិរន្តរភាពបន្ថែមទៀត។
តាមរយៈការអភិរក្សនិងលើកស្ទួយចរបាប់កម្ពុជាអាចបង្ហាញបេតិកភណ្ឌសិល្បៈដ៏ពិសេសរបស់ខ្លួននៅលើឆាកពិភពលោក បង្កើនការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹង។
នាយកប្រតិបត្តិនៃ CLRO បានអះអាងថា៖ «នេះមិនត្រឹមតែបង្កើនមោទនភាពក្នុងចំណោមប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវសិល្បៈប្រពៃណីជាសកល លើកទឹកចិត្តដល់ភាពចម្រុះ និងការឱ្យតម្លៃលើវប្បធម៌»។
សិប្បកម្មធ្វើដោយដៃចាញ់បច្ចេកទេសទំនើបឧបសគ្គដ៏សំខាន់មួយចំពោះនិរន្តរភាពរបស់ចរបាប់ គឺការផលិតដោយប្រើម៉ាស៊ីន ហើយគម្រោងនេះជំរុញឱ្យអ្នកប្រើប្រាស់ជាពិសេសកូនក្រមុំជ្រើសរើសចរបាប់ពិតប្រាកដក្នុងពិធីអាពាហ៍ពិពាហ៍ដែលត្បាញដោយដៃក្នុងស្រុក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រជាប្រិយភាពឆ្ពោះទៅរក ផាមួងជរជើងបាននាំឱ្យមានការថយចុះ ៨០ ភាគរយ នៃផលិតកម្មចរបាប់។ នេះបើយោងតាមរបាយការណ៍របស់អង្គការ CLRO។
លោក វេយ្យារ៉ា បានបញ្ជាក់ថា៖ «ដើម្បីទាញចរបាប់ត្រឡប់ពីការបាត់បង់ យើងត្រូវតែចាប់ផ្តើមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងចំណោមវិធានការដែលបានស្នើគឺផ្តល់ការការពារពិសេសដល់សិប្បករដូចជាអត្ថប្រយោជន៍ថែទាំសុខភាពដ៏ទូលំទូលាយ និងការចុះឈ្មោះចូលក្នុងបេឡាជាតិរបបសន្តិសុខសង្គមជាដើម»។
លោកបន្ថែមថា៖ «យើងកំពុងផ្តោតលើការផ្តល់សិទ្ធិអំណាចដល់សិប្បកររបស់យើងតាមរយៈការបណ្តុះបណ្តាលអាជីវកម្ម ក្នុងគោលបំណងពង្រីកលទ្ធភាពរបស់យើងតាមរយៈការលក់អនឡាញលើទីផ្សារអន្តរជាតិ»។
ជាងនេះទៅទៀត មានការតស៊ូមតិបង្កើតមជ្ឈមណ្ឌលតម្បាញនៅទីតាំងសមរម្យថ្មី ដោយសារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្នបង្កបញ្ហាប្រឈមភូមិសាស្ត្រសម្រាប់អ្នកតម្បាញចរបាប់។
ភាពលំបាកខាងសេដ្ឋកិច្ចសង្គមដែលប្រឈមមុខដោយសិប្បករ យ៉ាងហោចណាស់ ១៥ ភាគរយ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
លោក វេយ្យារ៉ា បានព្រមានថា៖ «ប្រសិនបើសិល្បៈតម្បាញក្បាច់ចរបាប់ត្រូវបានបាត់ទៅ វប្បធម៌របស់កម្ពុជានឹងត្រូវខូចខាតដោយមិនអាចជួសជុលបានឡើយ»៕