ភ្នំពេញៈ កម្ពុជា វៀតណាម និងប្រទេសថៃ បានបង្ហាញការតាំងចិត្តរួមគ្នាថានឹងជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ចរវាងប្រទេសទាំង ៣ (CVTEC) សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គម និងដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។
ការប្តេជ្ញានេះធ្វើឡើងតាមរយៈកិច្ចប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅឯនាយសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីអភិបាលខេត្តត្រាតប្រទេសថៃ តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម សមាគមទេសចរណ៍ ព្រមទាំងអភិបាលខេត្ត និងអភិបាលរងខេត្ត ព្រះសីហនុ កំពត កោះកុង និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
នាឱកាសនោះ លោក អ៊ុន វ៉ាល់ឡឺរ៉ូ បានបញ្ជាក់ដែរថា វត្តមាននៃការចូលរួមពីតំណាងទាំង ៣ ប្រទេសក្នុងកិច្ចប្រជុំ បានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅមុខក្នុងការអភិវឌ្ឍខេត្តជាប់សមុទ្ររបស់ប្រទេសទាំង ៣ ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក (Win Win)។
លោកបានបន្តថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីមិត្តថៃបង្កើត CVTEC ក៏ដូចជារៀបចំឱ្យមានកិច្ចប្រជុំ CVTEC និងបង្កើតព្រឹត្តិការណ៍ផ្សេងៗកន្លងមកដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិក សំដៅគំនិតផ្តួចផ្តើមជំរុញសក្តានុពលទេសចរណ៍ និងផលិតផលថ្មីៗនៃខេត្តជាប់សមុទ្រក្នុងរបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ»។
លោកអះអាងដែរថា៖ «តាមរយៈបង្កើត CVTEC មានគំនិតផ្តួចផ្តើម ២ គឺ ខិតខំបង្កើតផលិតផលថ្មីៗ ផ្អែកតាមការងារយុទ្ធសាស្ត្រ “បង្កើន ៥ អភិវឌ្ឍ៣” (BUILD+3Ds) ដែលជាការងារអាទិភាពគាំទ្រដល់កិច្ចជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់យើង ធ្វើការរៀបចំកិច្ចប្រជុំនេះជាបន្តបន្ទាប់ និងបង្កើតយន្តការមួយច្បាស់លាស់សម្រាប់សម្របសម្រួលដល់កិច្ចប្រជុំបន្តបន្ទាប់នាឆ្នាំខាងមុខ»។
សម្រាប់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូនទេសចរ ការអភិវឌ្ឍ និងផ្សព្វផ្សាយសេវាកម្មទេសចរណ៍ នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំង ៣ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបំណិនទេសចរណ៍។
លោកបន្តថា ៖«រដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធចូលរួមការពារនិងអភិរក្សសម្បត្តិវប្បធម៌និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់»។
បើតាមលោកអភិបាលខេត្តបច្ចុប្បន្ននេះសង្កេតឃើញថា និន្នាការទេសចរណ៍អន្តរជាតិនៅក្នុងតំបន់ និងពិភពលោកបាននិងកំពុងដំណើរការ និងវិវឌ្ឍរីកចម្រើនល្អប្រសើរឡើងវិញជាបណ្ដើរៗ។
ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នេះ បានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍលើវិស័យទេសចរណ៍ សេដ្ឋកិច្ច-ឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មជាដើម។
លោកថា៖ «ដើម្បីជំរុញលើវិស័យនានា រដ្ឋាភិបាលបានបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ការ វិនិយោគដូចជាកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ភាពអំណោយផល នៃច្បាប់និងគោលនយោបាយដែលផ្តល់ការអនុគ្រោះ និងលើកទឹកចិត្តខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រការដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវទឹក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងបណ្តាប្រទេសធំៗក្នុងតំបន់និងពិភពលោក»។
ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ខេត្តជាប់មាត់សមុទ្រ គឺជាតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា ហើយការអភិវឌ្ឍខេត្តទាំងនោះបន្ថែមទៀតនឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំស្វាគមន៍ចំពោះប្តេជ្ញា និងការជំរុញការវិនិយោគ និងទេសចរណ៍នៅខេត្តជាប់មាត់សមុទ្ររបស់ប្រទេសពាក់ព័ន្ធនេះ ដែលនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាពេលអនាគត។ យើងនៅមិនទាន់ប្រើប្រាស់ខេត្តនេះឱ្យអស់សក្តានុពលទេ។ ប្រសិនបើមានការអភិវឌ្ឍបន្ថែមទៀតនឹងទាក់ទាញភ្ញៀវទេសចរមកស្នាក់នៅទីនេះកាន់តែមានរយៈពេលយូរជាងមុន»៕