ភ្នំពេញៈក្រសួងព័ត៌មានបានព្រមានលុបប្រកាសអនុញ្ញាតធ្វើអាជីវកម្មជាលើកចុងក្រោយទៅលើម្ចាស់គេហទំព័រចំនួន ៣ ប្រសិនមិនព្រមបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់មិនមានតុល្យភាពដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។
ម្ចាស់គេហទំព័រទាំង ៣ នាក់ ដែលទទួលរងការព្រមាននោះរួមមាន លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com, លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news និងលោក លុយ សារ៉ែន ម្ចាស់គេហទំព័រឈ្មោះ www.fbrtvhotnews.com។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី ២៦ ខែមីនា។
ក្រសួងបានបញ្ជាក់ថាកាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានដំណើរការសាកសួរលើករណីការចុះផ្សាយអត្ថបទព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។
ក្រោយពីបានស្តាប់ការបំភ្លឺរបស់លោកចាងហ្វាងព្រមទាំងបានពិនិត្យស្រាវជ្រាវ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ឃើញថា ការផ្សាយរបស់អង្គភាពទាំង៣ ខាងលើគ្មានមូលដ្ឋានច្បាស់លាស់មិនមានតុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
សេចក្តីជូនដំណឹងបានព្រមានថា៖ «ក្រសួងសូមព្រមានជាលើកចុងក្រោយ ឱ្យអង្គភាពសារព័ត៌មានទាំង៣ខាងលើនេះគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈនិងបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។ក្នុងករណីមិនអនុវត្តតាមការព្រមាននេះក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីវកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
លោកទេពអស្នារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា នៅក្នុងសង្គមកម្ពុជាក៏ដូចជាសង្គមជាតិផ្សេងទៀតលើពិភពលោកដែរការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។
ប៉ុន្តែការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិនីតិវិធីនិងលិខិតបទដ្ឋានគតិយុត្តជាធរមានអាចនាំមកនូវក្តីអន្តរាយការបាត់បង់សណ្តាប់ធ្នាប់បាត់បង់ទំនុកចិត្តក្នុងសង្គមនិងផលវិបាកជាច្រើនទៀតមិនអាចនឹកស្មានដល់។
លោកបានបញ្ជាក់ថា៖«រាល់ទង្វើដែលបំពាននឹងច្បាប់លិខិតបទដ្ឋានគតិយុត្តក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខ័ណ្ឌច្បាប់៖អ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញឱ្យមកទទួលការណែនាំដើម្បីតម្រង់ទិសការងារឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខ័ណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន រីឯក្នុងករណីបំពានធ្ងន់ធ្ងរអង្គភាពសារព័ត៌មានឬអ្នកពាក់ព័ន្ធអាចឈានដល់ទទួលវិធានការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាប័ណ្ណ)តែម្តង»។
នៅក្នុងឆ្នាំ២០២៣ក្រសួងបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាប័ណ្ណ)របស់អង្គភាពសារព័ត៌មានចំនួន ៦អង្គភាពនិងចំនួន ១អង្គភាពនាពេលថ្មីៗនេះដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាថ្មីម្តងទៀតលោកបានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មានឡើយពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មានហើយបំពេញភារកិច្ចខ្លួនក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ៕