ភ្នំពេញៈ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជាបានថ្លែងថា លោកពិតជាមានសេចក្តីសប្បាយរីករាយចំពោះសកម្មភាពសម្របសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ប្រទេសចិន ដើម្បីឈានទៅរកបទឈប់បាញ់នៅអ៊ុយក្រែន ដែលវាជាគំរូមួយដ៏ល្អសម្រាប់ប្រទេសផ្សេងទៀត។
លោកបានថ្លែងដូចនេះ ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ ២០២៤ នៃវេទិកាបូអាវ (Boao) សម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ តំបន់ជាច្រើននៃពិភពលោក មិនទាន់បានធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងលើជនស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ។ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣ ហើយជាអកុសល [យើង]មិនទាន់បានឃើញពន្លឺនៃសន្តិភាពនោះឡើយ រីឯសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏នៅតែបន្តឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយចំពោះសកម្មភាពសម្របសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ប្រទេសចិនដើម្បីឈានទៅរកបទឈប់បាញ់នៅអ៊ុយក្រែន»។
បច្ចុប្បន្ននេះ តំបន់ជាច្រើននៃពិភពលោក មិនទាន់បានធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងលើជនស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ។
លោកបានបន្តថា៖ «យើងជឿជាក់ថា សកម្មភាពបែបនេះនឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវផ្សេងទៀតនៃសហគមន៍អន្តរជាតិ នៅក្នុងការពន្លឿនការចរចា និងឈានទៅសម្រេចបានបទឈប់បាញ់នៅអ៊ុយក្រែនក៏ដូចជាតំបន់ផ្សេងទៀតនៅក្នុងពិភពលោកដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងជម្លោះ»។
វេទិកាបូអាវសម្រាប់អាស៊ីត្រូវបានទទួលស្គាល់ថា ជាវេទិកាប្រកបដោយឥទ្ធិពលមួយសម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលដែលបានពាំនាំសំឡេង និងបញ្ញាញាណរបស់អាស៊ីនៅក្នុងការដោះស្រាយបញ្ហាប្រឈមលំបាកនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងពិភពលោកមួយដែលមានសន្តិភាព និងឈានទៅរកភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។
នាឱកាសនោះដែរ លោក ហ៊ុន សែន បានចូលរួមអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃមហាសន្និបាតទាំង ២ ពោលគឺសម័យប្រជុំពេញអង្គប្រចាំឆ្នាំ សភាជាតិប្រជាជន និងសន្និសីទប្រឹក្សានយោបាយប្រជាជនចិនដែលបានកំណត់វិធានការសំខាន់ៗដើម្បីជំរុញទំនើបកម្មប្រទេសចិនផ្អែកលើបរិបទ និងចរិតលក្ខណៈរបស់ចិន។
លោកបានបន្ថែមថា ការសង្កត់ធ្ងន់លើនវានុវត្តន៍លើបច្ចេកវិទ្យា និងឧស្សាហកម្ម ជាពិសេសតាមរយៈការអភិវឌ្ឍនៃកម្លាំងផលិតភាពថ្មី ក៏ដូចជាផ្តល់សារៈសំខាន់លើបរិបទ និងនិរន្តរភាព គឺសុទ្ធតែបានបង្ហាញថា ចិនព្យាយាមផ្តោតលើកត្តាគុណភាព ជាងការសម្រេចកំណើនដាច់ខាត។
លោកក៏បានលើកឡើងទៀតថា សម្រាប់តំបន់ និងពិភពលោក លោកមានសេចក្តីរីករាយនៅពេលដែលចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម បើកចំហ និងបង្ហាញការប្តេជ្ញាយ៉ាងមុតមាំ នៅក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិតាមរយៈការលើកកម្ពស់សកលភាវូបនីយកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។
លោក ហ៊ុន សែន បានបន្ថែមថា តំបន់របស់[យើង] ក៏មានចំណុចជម្លោះជាច្រើនដែលអាចធ្វើឱ្យមានជម្លោះកើតឡើង ប្រសិនបើមេដឹកនាំនៅអាស៊ី មិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវ។
លោកបានថ្លែងថា៖ «ក្តីបារម្ភរបស់ខ្ញុំនាពេលបច្ចុប្បន្ន គឺស្ថិតនៅលើទិដ្ឋភាព ដែលភូមិសាស្រ្តនយោបាយនៅតែបន្តគ្របដណ្តប់ទៅលើរបៀបវារៈសេដ្ឋកិច្ចសកល ព័ត៌មាននៃការធ្លាក់ចុះសេដ្ឋកិច្ច ឬវិបត្តិទៅតាមវិស័យនៅក្នុងប្រទេសមួយ បានក្លាយទៅជាហេតុផលនៃការប្រកាសពីជ័យជម្នះសម្រាប់តំបន់ផ្សេងទៀត ក្នុងពិភពលោក»។
ការបោះឆ្នោតប្រជាធិបតេយ្យបានក្លាយជាឱកាសដើម្បីធ្វើការសន្យាជ្រុលនិយម ធ្វើសកម្មភាពប្រទុស្តប្រឆាំង និងជំរុញផលប្រយោជន៍អាត្មានិយមដោយមិនបានគិតគូរដល់ផលប្រយោជន៍សកល និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានបទ។
លើសពីនេះ ការសើរើរចនាសម្ព័ន្ធនៃខ្សែច្រវាក់ផ្គត់ផ្គង់នាពេលបច្ចុប្បន្ន មិនបានលើកទឹកចិត្តឱ្យមានការទទួលវិបុលភាព និងការផ្ទេរបច្ចេកវិទ្យាដោយបើកចំហមិនរើសអើង និងមានសមធម៌នោះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាជំរុញឱ្យមានការបង្រួមកាន់តែតូចទៅនៃរង្វង់ប្រទេស ១ក្រុមដែលចង់ធ្វើឱ្យប្រទេសផ្សេងទៀតធ្លាក់ចុះខ្សោយ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា នៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រនឹងមិនវិលត្រឡប់ថយក្រោយនូវការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគតដើម្បីវិបុលភាពរួមគ្នា»។
លោកបន្តថា អាស៊ីបានសម្រេចការអភិវឌ្ឍយ៉ាងខ្លាំង ហើយបានដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំកំណើន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតខ្សោយ បើប្រៀបធៀបក្នុងរយៈកាល ៣ ទសវត្សរ៍ចុងក្រោយ។
កំណើនសេដ្ឋកិច្ចរឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្ម របស់ពិភពលោក បានផ្តល់ឱ្យអាស៊ីនូវតួនាទីដ៏សំខាន់ ទោះបីជាសេដ្ឋកិច្ចពិភពលោក មានកំណើនទាប និងត្រូវប្រឈមនូវការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូល នៅរំពឹងថានឹងអាចរួមចំណែកដល់ ៦០%នៃកំណើនផ.ស.ស ជាក់ស្តែងរបស់ពិភពលោកនៅក្នុងឆ្នាំ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ុន សែន។
លោកសង្កត់ធ្ងន់ថា ៖ «ក្នុងន័យនេះ តំបន់របស់យើងចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាឱ្យបាននូវសម្ទុះវិជ្ជមាន សកម្មភាពរបស់យើងត្រូវតែដឹកនាំ ដោយគោលការណ៍ពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ដែលបម្រើឱ្យយើងទាំងអស់គ្នា មិនមែនសម្រាប់ឱ្យក្រុមនៃប្រទេសណាមួយនោះទេ»។
លោកក៏បានកោតសរសើរប្រទេសចិនចំពោះការទទួលបន្ទុកក៏ដូចជាការទទួលខុសត្រូវដ៏ធ្ងន់ក្នុងតួនាទីជាអ្នកដឹកនាំសកលដើម្បីគាំទ្រដល់ការរីកចម្រើនរបស់បណ្តាប្រទេសចាប់ពីទ្វីបអាស៊ី អាហ្វ្រិករបស់ដល់អាមេរិកឡាទីន។
គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅបណ្តាទ្វីបនានា។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនរបស់បណ្តាប្រទេសដែលភាគីទទួលផល រួមទាំងប្រទេសកម្ពុជា ផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងត្រូវទទួលស្គាល់ផងដែរថា ម៉ូដែលនៃការរីកចម្រើន និងការអភិវឌ្ឍរបស់ចិន បានអនុញ្ញាតឱ្យប្រទេសផ្សេងទៀតទទួលបានវិបុលភាពជាមួយគ្នា ពោលគឺមិនមែនបោះបង់ប្រទេសដទៃដើម្បីកំណើនរបស់ខ្លួននោះឡើយ»។
នេះគឺជាការទទួលខុសត្រូវរួមទាំងអស់គ្នាក្នុងការលើកកម្ពស់កំណើនរួមដោយភាពសណ្តាប់ធ្នាប់អន្តរជាតិ ពហុភាគីផ្អែកលើប្រធានបទ វិធានច្បាប់ដែលផ្តល់ឱ្យគ្រប់ប្រទេសទាំងអស់មិនថាតូចឬធំ អាចមានឱកាសលេចធ្លោ មានការរីកចម្រើន និងមានសម្លេងទទួលស្គាល់នៅលើឆាកអន្តរជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងត្រូវខិតខំការពារនូវបូអាវភាគីនិយមដែលគាំទ្រដល់ផលប្រយោជន៍សហគមន៍នៃប្រជាជាតិនិយមដើម្បីឱ្យប្រជាជនទូទាំងពិភពលោកទទួលបានសន្តិភាព និងគុណភាពជីវិតកាន់តែប្រសើរ»។
អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច បានថ្លែងថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជារឿងត្រឹមត្រូវណាស់នៅក្នុងវេទិកាបូអាវនេះ ដែលពិភពលោកបច្ចុប្បន្ននេះត្រូវការឱ្យមានការចូលរួមពីពហុប៉ូល ព្រោះសង្គ្រាមកើតឡើងពីក្រុមផ្សេងៗគ្នា មានទាំងក្រុមគាំទ្រដោយលោកខាងលិច និងគាំទ្រពីក្រុមម្ខាងទៀត។ ដូច្នេះដំណោះស្រាយត្រូវឱ្យមានការចូលរួមពីពហុប៉ូល ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ។
លោកបានថ្លែងថា៖ «តួនាទីចិន ទាំងសេដ្ឋកិច្ច យោធា និងការដោះស្រាយជម្លោះផ្សេងៗនៅក្នុងពិភពលោកកំពុងតែមានការរីកចម្រើន មានការទទួលស្គាល់ពីអន្តរជាតិបណ្តើរៗ ដែលនេះគឺបង្ហាញពីការដោះស្រាយមានការចូលរួមពីពហុប៉ូល»។
លោក ជ័យ តិច បានបន្តទៀតថា ចិនបានដើរតួនាទីជួយសម្របសម្រួលជាច្រើន ហើយក្នុងនោះចិនក៏ដើរតួសម្របសម្រួលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ ក្នុងនោះក៏មានការរីកចម្រើនខ្លះៗដែលអាចសង្ឃឹមថា សង្គ្រាមនេះអាចនឹងបញ្ចប់បាននៅពេលខាងមុខ។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា តួនាទីអ្នកសម្របសម្រួលអន្តរជាតិនេះ មានសារៈសំខាន់ណាស់ ព្រោះបើទោះជាប្រទេសណាក៏ដោយបានចូលខ្លួនទៅសម្របសម្រួលជម្លោះអ៊ុយក្រែន-រុស្ស៊ីនេះបាន គឺមិនត្រឹមតែសង្គ្រោះបានអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែននោះទេ តែសង្គ្រោះបានពិភពលោកផងដែរ។
លោកបានបញ្ជាក់ថា៖ «ប្រទេសចិន ជាប្រទេសមហាអំណាចលេចធ្លោមួយបន្ទាប់ពីអាមេរិក អ៊ីចឹងប្រទេសចិន អាចជាប្រទេសមានតួនាទីសំខាន់ដែលអាចមានទំនាក់ទំនងល្អជាមួយសហព័ន្ធរុស្ស៊ីនិយាយជារួម និងនិយាយដោយឡែកជាមួយនឹងលោកពូទីន រួមនឹងលោកហ្សេឡេនស្គីផងដែរ ដែលនេះជាតម្លៃមួយរបស់ប្រទេសចិន ឆ្ពោះទៅរកបទឈប់បាញ់»៕