ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយវិទ្យាស្ថានអាយធី អេឃើដីមី ស្នេប និងអង្គការឌីវីវី អន្តរជាតិ រៀបចំវេទិកាថ្នាក់ជាតិលើកទី ១ ស្តីពីការសិក្សាពេញមួយជីវិត ក្រោមប្រធានបទ «បច្ចេកវិទ្យាឌីជីថលបង្កឱកាសសិក្សាពេញមួយជីវិត» នាថ្ងៃទី ២៨ ខែមីនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ផ្សាយចេញនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។
ក្រសួងអប់រំ ឱ្យដឹងថា វេទិកាថ្នាក់ជាតិលើកទី១ ស្តីពីការសិក្សាពេញមួយជីវិតនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការពិគ្រោះយោបល់រៀបចំយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបការលើកកម្ពស់ការយល់ដឹងពីការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការសិក្សាប្រកបដោយនវានុវត្តន៍ផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនិងការអប់រំបរិយាបន្ន។
វេទិកានេះនឹងមានការចូលរួមពីក្រសួងស្ថាប័នជាសមាជិករបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត និងដៃគូអភិវឌ្ឍន៍ជាង ៨០ ស្ថាប័នចូលរួមកិច្ចពិភាក្សានិងធ្វើបទបង្ហាញ លើប្រធានបទសំខាន់ៗជាច្រើន។ក្រសួងអប់រំបានបញ្ជាក់ថា៖ «ប្រធានបទសំខាន់ៗដែលនឹងលើកយកមកពិភាក្សាក្នុងវេទិកានោះរួមមានតួនាទីនៃការសិក្សាពេញមួយជីវិត រួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច, ទីផ្សារការងារ និងការអភិវឌ្ឍជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលបង្កឱកាសសម្រាប់ការសិក្សាពេញមួយជីវិត»។
បើតាមសេចក្តីប្រកាសដដែល លទ្ធផលនៃកិច្ចពិភាក្សាពីវេទិកានេះ នឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំផែនការ សកម្មភាពសម្រាប់លើកកម្ពស់ការសិក្សាពេញមួយជីវិត ការប្រើប្រាស់ឌីជីថលជំនួយការសិក្សា និងការបង្កើនការចូលរួមរបស់យុវជនក្នុងការបណ្តុះបណ្តាលជំនាញ ដើម្បីធានាបានថា គ្រប់ភាគីពាក់ព័ន្ធអាចយកទៅអនុវត្តបានគាំទ្រដល់ការអភិវឌ្ឍកម្លាំងការងាររបស់ប្រទេសកម្ពុជាធានាកំណើនសេដ្ឋកិច្ចជាតិ។
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានគាំទ្រចំពោះការបង្កើតឱ្យមានវេទិកានេះដោយលោកចាត់ទុកថា នេះជាវេទិកាថ្មីមួយស្តីអំពីគុណ ប្រយោជន៍ពីការសិក្សាពេញមួយជីវិត ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលស្របតាមបរិបទសង្គមបច្ចុប្បន្ន។
លោកបន្តថា៖ «មនុស្សយើងបើចង់ជោគជ័យ គឺត្រូវតែអនុវត្តទ្រឹស្តីការសិក្សាពេញមួយជីវិតព្រោះថា ការវិវត្តន៍របស់មនុស្សតាំងពីកើត រហូតដល់វ័យចំណាស់គឺទាល់តែយើងចេះដុសខាត់បន្ថែម ហើយទោះបីពីក្មេងយើងរៀនបានច្រើន តែមកដល់វ័យកណ្តាល និងវ័យចាស់យើងអត់បានសំលៀងដុសខាត់នោះ គឺយើងអត់មានការរីកចម្រើន អត់មានភាពវ័យឆ្លាត អត់មានគំនិត ក្នុងការជជែកវែកញែកណាមួយទេ»។
អ្នកជំនាញអប់រំរូបនេះបានចាត់ទុកការរៀនមួយជីវិត គឺជាគ្រឹះសំខាន់ឱ្យយើងមានការគិតពិចារណាបានស៊ីជម្រៅ។ ការរៀនបែបនេះ អាចធ្វើបានគ្រប់ទីកន្លែង ដូច្នេះការរៀនមួយជីវិតត្រូវតែធ្វើឡើងគ្រប់មធ្យោបាយ ហេតុនេះការចេះប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល គឺជាទុនសំខាន់ជួយឱ្យការសិក្សាពេញមួយជីវិតរបស់មនុស្សម្នាក់មានប្រសិទ្ធភាពនិងគុណភាពទ្វេដង។
សូមបញ្ជាក់ដែរថា វេទិកាខាងលើនេះនឹងរៀបចំតាមវិធីសាស្ត្រចម្រុះដែលមានអ្នកជំនាញមកពីក្រសួងស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិតនិងដៃគូអភិវឌ្ឍន៍ ចូលរួមផ្ទាល់៕