ឥស្សរជននិងមិត្តអ្នកអានមួយចំនួនបានសម្តែងការសោកស្តាយចំពោះការឈប់បោះពុម្ពផ្សាយរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ទាំងភាសាខ្មែរ និងអង់គ្លេស បន្ទាប់ពីកាសែតខេមរភាសាមួយនេះបានដំណើរការបោះពុម្ពផ្សាយអស់រយៈពេលជាង ៣០ ឆ្នាំ ដោយពួកគាត់បានបង្ហាញទស្សនៈយល់ឃើញដូចតទៅនេះ ៖
លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងរាស្ត្រខេត្តកំពង់ចាម «ជាការសោកស្តាយ ព្រោះខ្ញុំមើលកាសែតនេះរាល់ថ្ងៃដែរ។ ខ្ញុំអានស្ទើរគ្រប់កាសែត ព្រោះកាសែតនីមួយៗជួយបំពេញគ្នាទៅវិញទៅមកលើព័ត៌មាន។ បាត់កាសែតមួយមិនប៉ះពាល់ដល់ការលើកកម្ពស់អំណានទេ តែធ្វើឱ្យជើងមេឃព័ត៌មានរួញចូល»៕
លោក មាស នី អ្នកស្រាវជ្រាវ និងវិភាគបញ្ហាសង្គម «សម័យនេះជាសម័យឌីជីថល អ៊ីចឹងឃើញមានកាសែតមួយចំនួន ដែលបោះពុម្ពទាំងរបស់រដ្ឋក៏មានបិទទ្វារបណ្តើរៗដែរ ដូច្នេះជាដំណើរការមួយដែលយើងមានការសោកស្តាយ ប៉ុន្តែធ្វើម៉េចបើស្ថានភាពវាបែបហ្នឹងទៅហើយ។ ប៉ុន្តែបើ ភ្នំពេញ ប៉ុស្តិ៍ មិនបិទទាំងស្រុង ហើយនៅផ្សាយអនឡាញ នឹងមានផលប្រយោជន៍ច្រើនសម្រាប់សង្គមជាតិ ព្រោះអីតាមរយៈកាសែតឯករាជ្យ យើងបានទទួលផលប្រយោជន៍ ២។
ផលប្រយោជន៍ម្ខាងនោះ គឺយើងបានចេញផ្សាយនូវព័ត៌មានពិត ដែលរដ្ឋាភិបាលគាត់យកទៅមើលជារៀងរាល់ថ្ងៃ។ ខ្ញុំជឿថា រដ្ឋាភិបាលគេនឹងមានក្រុមការងាររបស់គេតាមដានព័ត៌មានរាល់ថ្ងៃ អាហ្នឹងជារឿងមួយសំខាន់ដែរ។ យើងឃើញហើយ កាសែតខ្លះដែលជាកាសែតនិយមរដ្ឋាភិបាល គាត់តែងតែមិនសូវនិយាយស្អីដែលជាការពិតប្រាប់រដ្ឋាភិបាលទេ ច្រើនតែលើកឡើងតាមបែបបញ្ជោររដ្ឋាភិបាល ឬអាចថា លើកជើងរដ្ឋាភិបាល។ ទី២ ទៀត សារព័ត៌មានឯករាជ្យដូចជាភ្នំពេញប៉ុស្តិ៍នេះ នឹងអាចជួយដល់អ្នកសិក្សាស្រាវជ្រាវច្រើនទៀត ព្រោះក្នុងការដកស្រង់ព័ត៌មានពីភ្នំពេញប៉ុស្តិ៍សម្រាប់ពង្រីកចំណេះដឹងថ្មីៗថែមទៀត ឬវិភាគទិន្នន័យផ្សេងៗ គេបានពីសារព័ត៌មានដែលឯករាជ្យហ្នឹងឯង បើសារព័ត៌មានហ្នឹង មិនឯករាជ្យក៏អ្នកស្រាវជ្រាវពិបាកនឹងយកទៅប្រើដែរ នេះជាផលប្រយោជន៍ដែលខ្ញុំមើលឃើញ ហើយខ្ញុំមានការសោកស្តាយ ប៉ុន្តែធ្វើម៉េចបើការវិវឌ្ឍពិភពលោកមកដល់ចំណុចហ្នឹងហើយបាទ»៕
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា«សម្រាប់ខ្ញុំ ការបិទការបោះពុម្ពផ្សាយ កាសែតភ្នំពេញប៉ុស្តិ៍ ខ្ញុំពិតជាមានការសោកស្តាយពីព្រោះកាសែតភ្នំពេញប៉ុស្តិ៍ជាកាសែត ដែលមានឈ្មោះបោះសំឡេងជាង ៣០ ឆ្នាំប្លាយ ដូច្នេះអវត្តមានកាសែតបោះពុម្ពនេះ គឺជាការបាត់បង់នូវប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់អ្នកអាន។ ថ្វីបើការវិវឌ្ឍផ្នែកបច្ចេកវិទ្យា គេ Transform ពីការបោះពុម្ពផ្សាយទៅជាអនឡាញអស់យ៉ាងណាក៏ដោយ ប៉ុន្តែព័ត៌មានដែលចេញផ្សាយជាទម្រង់ការបោះពុម្ពនេះ នៅតែមានតម្លៃជាអត្តសញ្ញាណមួយសម្រាប់ស្ថាប័ន ភ្នំពេញ ប៉ុស្តិ៍។ មែនទែន ភ្នំពេញ ប៉ុស្តិ៍ ជាកាសែតមួយដែលទទួលបាននូវការជឿទុកចិត្តពីអ្នកអានច្រើន ហើយខ្ញុំក៏បានរៀនសូត្រ បានព័ត៌មាន បានទស្សនៈយោបល់ល្អៗពីភ្នំពេញប៉ុស្តិ៍ដែរ ហើយកន្លងមកខ្ញុំជាអ្នកតាមដាន អ្នកអានកាសែតភ្នំពេញប៉ុស្តិ៍គួរសមដែរ ជាពិសេសគឺច្បាប់បោះពុម្ពផ្សាយ ខ្ញុំតែងសន្សំទុកជាឯកសារ ព្រោះយើងពឹងលើវេបសាយ លើអ៊ីនធឺណិតហ្នឹងវាអាចបាត់បង់ដែរ ប៉ុន្តែបើសិនជាយើងរក្សានូវការបោះពុម្ពបានអាហ្នឹងគឺជារឿងមួយដែលល្អ។ ខ្ញុំនៅតែស្តាយ ហើយចង់ឃើញឱ្យមានការវិនិយោគឡើងសាជាថ្មីឡើងវិញ ទៅលើកាសែតភ្នំពេញប៉ុស្តិ៍ ដោយរក្សាទម្រង់ ២ ដើរទន្ទឹមគ្នា គឺទម្រង់បោះពុម្ព និងទម្រង់អនឡាញ ដូចដែលធ្វើកន្លងមក ហ្នឹងបើសិនជាអាច»៕
លោក ឃៀង សុជីវី អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ«ជាច្រើនឆ្នាំមកនេះ គ្រប់ស្ថាប័នដែលខ្ញុំធ្វើការ ខ្ញុំតែងឱ្យគេទិញកាសែត ភ្នំពេញ ប៉ុស្តិ៍ ដាក់ការិយាល័យដើម្បីបុគ្គលិកអាន និងទទួលបានព័ត៌មានសំខាន់ៗ ជាប្រយោជន៍ដល់ការងារផង និងការអភិវឌ្ឍចំណេះដឹងរបស់បុគ្គលិកម្នាក់ៗផង។ កាសែតចាស់ៗដែលគេឈប់អាន ខ្ញុំខំយកមករក្សាទុកជាច្រើនផង ដើម្បីទុកជាឯកសារពិគ្រោះ។
ខ្ញុំមានការសោកស្តាយខ្លាំងណាស់ព្រោះការលើកកម្ពស់អំណាន និងបង្កើនចំណេះដឹងទូទៅពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រីរាជការ សិស្ស និស្សិត បញ្ញវន្ត អ្នកស្រាវជ្រាវ និងប្រជាជនទូទៅ។ ខ្ញុំបានស្គាល់បុគ្គលិកជាអ្នកនិពន្ធ និងអ្នកកាសែតរបស់ ភ្នំពេញ ប៉ុស្តិ៍នេះ ៣-៤ នាក់ដែរ ដែលពួកគាត់សុទ្ធតែបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ មានសមត្ថភាពវិភាគ ស៊ើបអង្កេត និងសរសេរល្អ ប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពង់ខ្ពស់ និងគ្របដណ្តប់វិស័យ និងផ្នែកសំខាន់ៗ ដ៏មានសារៈប្រយោជន៍។ ខ្ញុំមានការសោកស្តាយខ្លាំងណាស់ ដែលកាសែតភ្នំពេញប៉ុស្តិ៍ប្រកបដោយការផ្តល់ព័ត៌មាន និងចំណេះដឹងដ៏ទូលំទូលាយ ឥតលម្អៀង និងមានសារប្រយោជន៍ ដល់ប្រជាជនខ្មែរត្រូវបានបិទការបោះពុម្ពបែបនេះ»៕
លោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា«ទោះជាពិភពលោកដើរកាន់តែលឿនលើបច្ចេកវិទ្យាឌីជីថល និងការកើន ចំនួនសារព័ត៌មានអនឡាញ ការបាត់បង់កាសែតបោះពុម្ព ដែលមានវ័យចំណាស់ជាង ៣០ ឆ្នាំ ពិតជាគួរឱ្យសោកស្តាយណាស់។ យ៉ាងណាក៏ដោយចុះ ខ្ញុំនៅតែសប្បាយរីករាយបន្ទាប់ពីដឹងថា ភ្នំពេញប៉ុស្តិ៍នៅបន្តផ្សាយតាមអនឡាញ។ ការឈប់ផ្សាយកាសែតនេះមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មានទេ ប៉ុន្តែអាចជាជ្រុងមួយធ្វើឱ្យបាត់បង់លើការលើកកម្ពស់ការអាននៅកម្ពុជា»៕
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា «សម្រាប់ខ្ញុំក្នុងនាមជាអ្នកអានកាសែតជាច្រើន រួមទាំងកាសែត ភ្នំពេញ ប៉ុស្តិ៍ផង ហើយក៏ជាអ្នកធ្លាប់ផ្តល់បទសម្ភាសន៍ ផ្តល់ Comments ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា ជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍។
ខ្ញុំមើលឃើញថា ការបិទឈប់បោះពុម្ពផ្សាយ កាសែតនេះ វាប៉ះពាល់ដល់ការទទួលបានព័ត៌មាន និងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាអ្នកអាន សាធារណជនជាអ្នកចូលចិត្តអានជាភាសាអង់គ្លេស ពីព្រោះទោះបីជាប្រជាពលរដ្ឋយើងភាគច្រើន បច្ចុប្បន្ននេះ មានជាង ១១ ទៅ ១២ លាននាក់ ដែលប្រើប្រាស់អ៊ីនធឺណិតក្តី ប៉ុន្តែទម្លាប់របស់ប្រជាពលរដ្ឋយើង ក្នុងការអានសារព័ត៌មានតាមប្រព័ន្ធអនឡាញ ហាក់ដូចជានៅមានតិចហើយថ្មីនៅឡើយ។ ពួកគាត់ច្រើនតែទទួលបានព័ត៌មាន តាមបប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាហ្វេសប៊ុកជាដើម ជាងការចូលទៅអានព័ត៌មាន ក្នុងផេច ឬវេបសាយរបស់សារព័ត៌មានផ្ទាល់។ កាសែតភ្នំពេញប៉ុស្តិ៍ក៏ជាកាសែតមួយ ដែលមានវិជ្ជាជីវៈ និងឯករាជភាពក្នុងកម្រិតមួយផងដែរ»៕