​លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា នា​យប់​ថ្ងៃទី​ ២ ខែមីនា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រធានសភា​ស្ត្រី នៅ​សាធារណរដ្ឋ​បារាំង រយៈពេល ១០ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ​ ២០២៤ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី យ៉ា​អ៊ែ​ល ប្រូ​ន ពី​វេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​បារាំង​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​រដ្ឋសភា​បានឱ្យដឹងថា​៖ «​ដំណើរ​ទស្សនកិច្ច​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ទំនាក់​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ កម្ពុជា​-​បារាំង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​»​។​

​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​នេះដែរ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ឱកាស​មួយ​ ដើម្បី​ពង្រឹង​វិស័យ​ការទូត​សភា​កម្ពុជា​ជាមួយ​សភា​នានា​នៅលើ​សកលលោក ជាពិសេស​ការលើកកម្ពស់​សមភាព​យេនឌ័រ គោលការណ៍​ពហុភាគី​និយម ដើម្បី​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​សង្គម​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

​ក្នុងអំឡុង​នៃ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​បារាំង លោកស្រី ឃួន សុ​ដា​រី នឹងមាន​ជំនួប​សំខាន់ៗ ដែល​ក្នុងនោះ​មាន ជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​បារាំង ប្រធានរដ្ឋសភា​ឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា អាល្លឺម៉ង់ ប្រធានរដ្ឋសភា​បែលហ្ស៊ិក និង​ប្រធានរដ្ឋសភា​តង់​ហ្សា​នី ព្រមទាំង​ចូលរួម​ពិធី​សម្ពោធ​ការតាំងពិព័រណ៍ ឧទ្ទិស​ដល់​សិទ្ធិ​នយោបាយ​របស់​ស្ត្រី​នៅលើ​ពិភពលោក​។​

​រដ្ឋសភា បាន​បញ្ជាក់ថា ៖ «​ក្រៅពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានសភា​ជា​ស្ត្រី សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ក៏​នឹងមាន​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នៃ​សភា​និយាយ​ភាសា​បារាំង​(APF) ផងដែរ ដើម្បី​ជំរុញ​បន្ថែម​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង APF និង​សភា​កម្ពុជា​។​ក្រៅពីនេះ គណៈប្រតិភូ​រដ្ឋសភា​ក​ម្ពុ​ជា​ក៏​នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​បារាំង គណៈកម្មការ​សង្គមកិច្ច​នៃ​រដ្ឋសភា​បារាំង និង​ជំនួប​រវាង​អគ្គលេខាធិការ នៃ​រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​បារាំង​ផងដែរ​»​។​

​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣ ខែមីនា​ថា នេះ​គឺជា​ដំណើរ​ទស្ស​កិច្ច​ផ្លូវ​ការលើក​ទី​២ របស់លោក​ស្រី ឃួន សុ​ដា​រី នៅក្រៅ​ប្រទេស ខណៈ ដែល​កាលពី​កន្លងទៅ​លោកស្រី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​របស់ខ្លួន​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​។ 

​លោក​បាន​បញ្ជាក់ថា ៖ «​ទស្សនកិច្ច​នេះ គឺ​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​កម្ពុជា​ជាមួយនឹង​ប្រទេស​បារាំង​ដែលជា​អតីត​អាណាព្យាបាល​របស់ខ្លួន ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត និង​ជា​រឿង​ល្អ​បំផុត​»​។ 

លោក ស៊ឺន សម បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​លោកស្រី ឃួន សុ​ដា​រី គួរតែ​ទៅ និង​បំពេញ​ការទូត​បន្ថែមទៀត​ក្នុងនាម​ជា​ប្រធានរដ្ឋសភា​កម្ពុជា​។ យើង​ដឹង​ហើយ ទោះជា​ការបំពេញ​ទស្សនកិច្ច​នេះ ផ្តោតលើ​ប្រធានសភា​ជា​ស្ត្រី​ក៏ដោយ ក៏ប៉ុន្តែ​ទំនាក់ទំនង​ជាមួយ​បារាំង គ្រប់​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា​ជាដើម​នេះ គឺ​សុទ្ធសឹង​ជាមាន​តួនាទី​យ៉ាងសំខាន់ ពង្រឹង​ទំនាក់​ទំ​ង​កម្ពុជា​-​បារាំង​»​។  

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​រដ្ឋសភា កិច្ចប្រជុំ​កំពូល​ប្រធានសភា​ស្ត្រី​នា​ឆ្នាំ ​២០២៤​ នេះ នឹងមាន​ការចូលរួម​ពី​ប្រធានសភា​ជា​ស្ត្រី​នៅ​ទូទាំង​ពិភពលោក មកពី​ប្រទេស​ចំនួន​ ២៥​ ប្រទេស សំដៅ​ជំរុញ​បន្ថែម​នូវ​ការទូត​សភា​ប្រកបដោយ​ភាព​បុ​រេ​សកម្ម ដែល​គិតគូរ​ពី​បញ្ហា​ស្ត្រី​និង​ក្មេងស្រី ការលើកកម្ពស់​សិទ្ធិ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក និង​ការប្រឆាំង​រាល់​ទម្រង់​នៃ​អំពើហិង្សា​លើ​ស្ត្រី​។ សំខាន់​ជាងនេះទៅទៀត សភា​ដើរតួនាទី​នាំមុខ ក្នុងការ​ជំរុញឱ្យមាន​សមភាព​រវាង​ស្ត្រី​និង​បុរស តាមរយៈ​ការតាក់តែង​និង​អនុម័ត​ច្បាប់​ពាក់ព័ន្ធ​សំខាន់ៗ​។​

​កិច្ចប្រជុំ​កំពូល​នេះ​មាន​វេទិកា​តុមូល​សំខាន់​ចំនួន​ ២​ ផងដែរ រួមមាន​៖ ទី​១ ការអប់រំ​ប្រកបដោយ​សមភាព ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​លើ​ស្ត្រី និង​សុខភាព​ស្ត្រី និង​ទី​២ សមភាព​និង​ចំនួន​ស្មើគ្នា​រវាង​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​នយោបាយ និង​ការអះអាង​អំពី​តួនាទី​គំរូ​របស់​ស្ត្រី​៕