ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែ អនាធិបតេយ្យស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ ដើម្បីបង្កើតឱ្យមានឱកាសការងារ នៅនឹងកន្លែង និង ប្រយោល ជាពិសេស ចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម។
សេចក្តីប្រកាសព័ត៌មាន ពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យរបស់ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី១ ខែមីនា បានឱ្យដឹងថា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សេចក្តីប្រកាសបានបន្ថែមថា តំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីក និងរែងមាសដោយដៃតាម លក្ខណៈគ្រួសារ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្តូងរ៉ែ ក្រោមដី។
សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់បានចុះបង្ក្រាបកាលពីឆ្នាំ ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅ តែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និង ទប់ស្កាត់ក៏ដោយ។
បើតាមក្រសួងរ៉ែ និងថាមពល ជាក់ស្តែងនាពេលថ្មីៗនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។
ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។
ក្រសួងរ៉ែនិងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានណាមួយ ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។
ជាមួយគ្នានេះ ក្រសួងរ៉ែនិងថាមពលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧។
អ្នកសារព័ត៌មានបានទាក់ទងតាមរយៈលេខទំនាក់ទំនងនេះនៅថ្ងៃទី៣ ខែមីនា ដោយអ្នកទទួលមិនបានប្រាប់ឈ្មោះ បានប្រាប់ឱ្យដឹងថា ក្រុមការងាររបស់ខ្លួន បានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ពីការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ និងខុសច្បាប់ជាបន្តបន្ទាប់ ហើយសមត្ថកិច្ចបានចុះទៅបង្ក្រាបបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានស្នើសុំមិនធ្វើអត្ថាធិប្បាយច្រើននោះទេ ដោយគ្រាន់តែបញ្ជាក់ រូបលោកជាអ្នកទទួលព័ត៌មានសកម្មភាពរ៉ែអនាធិបតេយ្យ និងមិនមែនជាអ្នកនាំពាក្យទេ។
ជុំវិញបញ្ហានេះ លោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រាប់ថា មកទល់ពេលនេះ លោកមិនទាន់មានរបាយការណ៍ពីករណីបង្ក្រាប និងចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនៅឡើយទេ។ ប៉ុន្តែ ករណីនេះកន្លងមក ក្រសួងរ៉ែនិងថាមពល ដែលមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថ និងអាជ្ញាធរខេត្តបានរៀបចំផែនការទប់ស្កាត់ និងបង្ក្រាបរ៉ែអានាធិបតេយ្យនេះផងដែរ។
លោក នាង វណ្ណៈ បានបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចេញសេចក្តីជូនដំណឹងមួយទៅដល់ប្រជាពលរដ្ឋដែលធ្វើសកម្មភាពរ៉ែអនាធិបតេយ្យនេះ ដោយបានកំណត់ឱសានវាទ ឱ្យរុះរើសសម្ភារផ្សេងៗ ដូចជារំសេវផ្ទុះ ឬសារធាតុគីមី ចេញពីតាំងខាងលើនេះចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ។
លោក នាង វណ្ណៈ បានបញ្ជាក់ថា ៖«ក្រោយបញ្ចប់ឱសានវាទនេះ ជាបន្តបន្ទាប់មក ក្រុមការងារចម្រុះហ្នឹង បានចុះធ្វើការជាបន្តបន្ទាប់ ហើយខ្ញុំក៏មិនទាន់ទទួលរបាយការណ៍ពីការឃាត់ខ្លួន ឬចាប់ខ្លួនបងប្អូនដែលប្រកបរបររ៉ែអនាធិបតេយ្យ យ៉ាងណានោះ ខ្ញុំមិនទាន់ទទួលបានព័ត៌មានទេ»៕