រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Anne-Marie Trevelyan មកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូងចាប់ពីថ្ងៃទី ២-៤ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ។
សេចក្តីប្រកាសព័ត៌មានស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានឱ្យដឹងនាថ្ងៃទី ៣ ខែមីនា ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Trevelyan គ្រោងជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតង។
សេចក្តីប្រកាសព័ត៌មានបន្តថា ពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជានៅតែបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយគំនិតផ្ដួចផ្ដើមនានា រួមទាំងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំដែលមានតម្លៃជាង ១ ០០០ លានផោន (ជាង ១,២០០ លានដុល្លារ)។
ប្រភពដដែលបន្តថា កម្ពុជាក៏ជាប្រទេសអាទិភាពមួយសម្រាប់កម្មវិធីភាពជាដៃគូវិនិយោគ របស់ចក្រភពអង់គ្លេស ដែលជំរុញការវិនិយោគពីវិស័យឯកជនទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ។
លោកស្រី Trevelyan ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះថា លោកស្រីមានសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីនៅកម្ពុជា ហើយថាកម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្របុរាណដ៏គួរឱ្យស្ញប់ស្ញែង និងដែលបានជម្នះភាពលំបាកនាពេលថ្មីៗនេះ ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងអាស៊ាន។
លោកស្រីត្រូវបានស្រង់សម្ដីក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ទំនាក់ទំនងទ្វេភាគីអង់គ្លេស-កម្ពុជា កំពុងរីកចម្រើនលើវិស័យផ្សេងៗ ហើយយើងប្តេជ្ញាគាំទ្រប្រទេសកម្ពុជា ចំពោះដំណាក់កាលបន្ទាប់នៃដំណើរអភិវឌ្ឍន៍របស់ខ្លួន។ ខ្ញុំទន្ទឹងរង់ចាំស្ដាប់បន្ថែមទៀតអំពីកិច្ចការងារនៃគម្រោងភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសដែលកំពុងអនុវត្តសម្រាប់ប្រទេសកម្ពុជា និងតួនាទីនៃការអប់រំរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍទេពកោសល្យនៅទីនេះ»។
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានថ្លែងថា លោកស្វាគមន៍យ៉ាងក្រៃលែងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Trevelyan នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងថ្នាក់រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចូលកាន់តំណែងកាលពីខែសីហា ឆ្នាំ ២០២៣។ ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
លោកថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ចក្រភពអង់គ្លេសប្តេជ្ញាគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលបង្កើតការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាព គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះក៏នឹងក្លាយជាឱកាស សម្រាប់ការពិភាក្សាបើកចំហលើបញ្ហាជាតិ និងអន្តរជាតិសំខាន់ៗ។ ខ្ញុំរីករាយដែលលោកជំទាវរដ្ឋមន្ត្រីអាចស្ដាប់ឮពីប្រជាជនកម្ពុជាជាច្រើនអំពីអនាគត»។
ក្នុងអំឡុងពេលនៅទីក្រុងភ្នំពេញ លោកស្រី Trevelyan នឹងធ្វើទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដំបូងគេដែលបានបើកសាខានៅក្នុងប្រទេសកម្ពុជា ហើយមានដើមកំណើតនៅទី ក្រុង Leicester នៃចក្រភពអង់គ្លេស។
លោកស្រីនឹងជួបជជែកជាមួយបុគ្គលិកសាកលវិទ្យាល័យ និងបុគ្គលិកផ្តល់សេវាអប់រំផ្សេងទៀត នៅមុនពេលសាកលវិទ្យាល័យនេះបើកទ្វារស្វាគមន៍ក្រុមនិស្សិតដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៤។
ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងកុមារី គឺជាអាទិភាពយូរអង្វែងនៅក្នុងទំនាក់ទំនងចក្រភព អង់គ្លេស-កម្ពុជា។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់ ចក្រភពអង់គ្លេស កាលពីឆ្នាំ ២០២៣ បានសន្យាផ្តល់មូលនិធិ ៣០ លានផោន (៣៧ លានដុល្លារ) ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់ស្ត្រី និងកុមារីនៅទូទាំងអាស៊ីអាគ្នេយ៍។
មូលនិធិនេះនឹងគាំទ្រដល់ស្ត្រី និងកុមារីប្រមាណ ១០ ម៉ឺននាក់ តាមរយៈការផ្ដល់អាហារូបករណ៍ និងថ្នាក់បំប៉នបន្ថែម ក៏ដូចជា ការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្កើនគុណភាពនៃមេរៀន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ជាការបង្ហាញនៃការគោរពរបស់ចក្រភពអង់គ្លេសចំពោះប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា លោកស្រីរដ្ឋមន្ត្រីក៏នឹងទៅទស្សនាវត្ថុបុរាណនៅសារមន្ទីរជាតិកម្ពុជា ដែលទើបធ្វើមាតុភូមិនិវត្តន៍ពីចក្រភពអង់គ្លេសមកកម្ពុជានាពេលថ្មីៗនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Trevelyan ក៏គ្រោងជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងស្តាប់ពីការងារសំខាន់ៗរបស់ស្ដីពីអភិបាលកិច្ចល្អ តម្លាភាព ការការពារ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងប្រទេសផងដែរ៕