​ភ្នំពេញៈ​ លោក ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី ​បាន​អះ​អាង​ថា ក្នុង​រយៈ​ពេល​ ៦ ​ខែ នៃ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​លោក ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាក់​ទាញ​វិនិ​យោ​គិន​បរទេស ​នៅ​រាល់​ពេល​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​ក្រៅ​ប្រទេស​នោះ​ គឺ​សម្រេច​បាន​លទ្ធ​ផល​ជា​ផ្លែ​ផ្កា ​ដោយ​ក្នុង​រយៈ​ពេល​នេះ ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ (CDC) បាន​អនុម័ត​គម្រោង​ថ្មីៗ​ ១៧២​ គម្រោង ដែល​មាន​ទុន​វិនិ​យោគ​ជិត​ ៤​ ពាន់​លាន​ដុល្លារ​។​

​ការ​អះ​អាង​របស់ ​លោក​ ហ៊ុន ម៉ា​ណែ​ត នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​របស់​លោក និង​ភរិយា​ជាមួយ​ប្រជាព​លរដ្ឋ សហ​គមន៍​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស ​អូស្ត្រាលី ​និង ​នូ​វែល​សេ​ឡង់ ​នាទី​ក្រុង​មែល​ប៊​ន ប្រទេស​អូស្ត្រាលី នៅថ្ងៃទី ​៣ ​ខែមីនា ​នៅក្នុង​ឱកាស​ដែល​លោក​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ចូលរួម​កិច្ច​ប្រជុំ​ កំពូល​ពិសេស​ អាស៊ាន​-​អូស្ត្រាលី ​នៅ​​អូស្ត្រា​លី​។​

លោក ​ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​ថា​៖ «​ការ​វិនិយោគ​ នៅ​ក្នុង​រយៈ​ពេល ​៦ ​ខែ​ចុង​ក្រោយ​ ចាប់​ពី​ខែ​ ៨ ឆ្នាំ ២០២៣ ​ដល់​ខែ​១  ឆ្នាំ ​២០២៤ ដែល​ខ្ញុំ​ដាក់​គោល​ដៅ​ថា ដើរ​ទាក់​ម៉ូយ​នោះ ​នៅ​ក្នុង​រយៈ​ពេល​នេះ ​គម្រោង​ដែល​ CDC បាន​អនុម័ត​មាន​ ១៧២ ​គម្រោង​ទាំង​ក្នុង​ប្រទេស ​និង ​ក្រៅ​ប្រទេស ដែល​ទំហំ​វិនិ​យោគ​ជិត ​៤ ​ពាន់​លាន​ដុល្លារ ​ហើយ​នៅ​ពេល​គម្រោង​ទាំង​នេះ​បញ្ចប់​ គឺអាច​បង្កើត​ការ​ងារ​បាន​ ១៩​ ម៉ឺន​កន្លែង​ជូន​ប្រជា​ពល​រដ្ឋ​»​។​

​លោក​បាន​បន្ថែម​ថា នៅប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​លោក ស៊ុន ចាន់​ថុល អនុ​ប្រធាន​ទី​១​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​(CDC) នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​មក​ជួប​ជា​មួយ​គណៈ​ប្រតិ​ភូ​វិនិ​យោគ​មកពី​ប្រទេស​ចិន​ប្រមាណ ​១៥០ ​ក្រុម​ហ៊ុន​ ដែល​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​មួយ​ដែល​ផលិត​សម្បក​កង់​រថ​យន្ត ដែល​នឹង​វិនិ​យោគ​ជាង​ ១​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​។​

«​ជា​មួយ​គ្នា​នោះ ​ក្រុម​ហ៊ុន​ដែល​កំពុង​ដំណើរកា​រ​ស្រាប់​នៅ​កម្ពុជា ​ដោយសា​រតែ​គេ​មាន​ទំនុក​ចិត្ត​លើ​រាជរដ្ឋាភិ​បាល​កម្ពុជា​ ក្នុង​ការ​រក្សា​ស្ថិរ​ភាព​នយោ​បាយ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ គេ​បាន​សម្រេច​ចិត្ត​ព​ង្រី​កការវិ​និយោគ​បន្ថែម​ចន្លោះ​ពី ​២០០ ​លាន​ដុល្លារ​ ទៅ ​៦០០ ​លាន​ដុល្លារ​ថែម​ទៀត​។​ គេ​ទុក​ចិត្ត​ ទើប​គេ​ពង្រីក ​ហើយ​ការ​ពង្រីក​នេះ ​នឹង​បង្កើន​ចំនួន​ការងារ​ និង​ប្រាក់​ចំណូល​ជូន​ដល់​ពលរដ្ឋ​យើង​។​នេះ​គឺជា​និរន្តរ​ភាព​ក្នុង​រយៈ​ពេល​ ៦​ខែ ដែល​យើង​បានធ្វើ​»​។​ នេះ​ជាការ​បញ្ជាក់​បន្ថែម​ របស់​លោក​នាយករ​ដ្ឋមន្ត្រី​។​

លោក​បាន​បន្ថែម​ថា ​នៅ​ថ្ងៃទី​៥​ ខែមី​នា ខាង​មុខ​ ​លោក​នឹង​មាន​ជំនួប​ជាមួយ​វិស័យ​ឯកជន​របស់​ប្រទេស​អូ​ស្ត្រាលី ​តាម​រយៈ​វេទិ​កា​ធុរកិច្ច​រវាង​វិស័យ​ឯក​ជន​កម្ពុជា និង​អូ​ស្ត្រាលី សរុប​ជាង​២០០​ក្រុម​ហ៊ុន ​ដើម្បី​បន្ត​ទាក់​ទាញ​ការ​វិនិយោ​គ​បន្ថែម​ទៀត​។​

​លោក​បាន​ថ្លែង​ទៀត​ថា​៖ «​អ្នកខ្លះ​គេ​ថា ​កម្ពុជា​ទាក់​ទាញ​អ្នកវិ​និយោ​គ​តែ​ពី​ចិន ខ្ញុំ​ថា​អត់​ទេ ខ្ញុំ​ដើរទា​ក់​ម៉ូយ​គ្រប់​ទីកន្លែង​ ពី​ណា​ក៏​ខ្ញុំ​ស្វា​គមន៍​ដែរ​។ ​ទោះ​បីជា​ជួប​ ១០០ ​ក្រុម​ហ៊ុន ហើយ​ទៅ​បាន​តែ​ ១​ ឬ ​២ ក៏​ជា​ជោគ​ជ័យ​ដែរ ​ហើយ​ការ​ងារ​ផ្សេង​ទៀត​ទុក​ឱ្យ​វិស័យ​ឯក​ជន​គេ​អ្នក​ធ្វើ​បន្ត ថា​គួរ​វិនិ​យោគ​ទៅ​លើ​អ្វីខ្លះ​»​។​

​ទាក់​ទង​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​-​តេ​ជោ​វិញ ​លោក​នាយក​រដ្ឋមន្ត្រី​បានលើ​កឡើង​ដែរ​ថា គម្រោង​នេះ​នឹង​ក្លាយ​ជា​ចំណែក​បម្រើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ពី​ទន្លេ ទៅ​សមុទ្រ ​បង្កើត​ការ​ងារ ​និង​ជួយ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​មាន​កម្រិត​ទាប​។​

លោក​បាន​បញ្ជាក់​ថា​៖ «​គម្រោង​ធំ​មួយ ​ដែល​យើង​ព្យា​យាម​ជំរុញ​ឱ្យ​លេច​ចេញ​ជា​រូប​រាង​ គឺ​គម្រោង​ព្រែក​ជីក​ ហ្វូណន​-​តេ​ជោ ដែល​ជា​គម្រោង​ភ្ជាប់​ពី​សមុទ្រ​នៅ​កំពត ​មក​ដល់​ទន្លេ​បា​សាក់​យើង​ ដើម្បី​សម្រួល​ដល់​កា​រដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកឱ្យ​កាន់​តែ​ឆាប់​រហ័ស និង​មាន​តម្លៃ​សម​រម្យ ​និង​ជំរុញ​ឱ្យ​តំបន់​គម្រោង​នេះ​ក្លាយ​ជា​តំបន់​ឧស្សា​ហ​កម្ម​ផង​ដែរ​»​។​

​សូមជ​ម្រាបថា​ នា​ពិធី​បិទ​សន្និ​បាត​បូក​សរុប​វាយ​តម្លៃ​កា​រងារ​ឆ្នាំ ​២០២៣ ​និង​ លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ ​របស់​ក្រសួង​សា​ធា​រណ​ការ និង​ដឹក​ជញ្ជូន​ កាល​ពី​ថ្ងៃទី​២៩​ ខែកុម្ភៈ ​ឆ្នាំ ​២០២៤​ លោក ​ស៊ុន ចាន់ថុ​ល ក៏បាន​ជំ​រុញឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​សា​ធារ​ណការ​​និង​ដឹក​ជញ្ជូន គឺ​លោក​ ប៉េង ពោធិ៍​នា ​ព​ន្លឿ​ន​ការ​ងា​រ​ចរចា​ជា​មួយ​ក្រុម​ហ៊ុន​សាជីវក​ម្ម​ស្ពាន ​និង​ថ្នល់​ចិន (CRBC) នូវ​កិច្ច​ព្រម​ព្រៀង​សម្ប​ទាន​ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ការ​ដ្ឋាន​សាង​សង់​គម្រោង​នាវា​ចរណ៍​ព្រែក​ជីក​ហ្វូ​ណន​-​តេ​ជោ​។​

លោក​បាន​បញ្ជាក់​ថា​៖«​នេះ​ជា​គម្រោង​អាទិ​ភាព​ខ្ពស់ ​ដែល​សម្តេច​តេ​ជោ ​ក៏ដូច​ជា​សម្តេច​ធិបតី ​បាន​ជំរុញ​ឱ្យ​យើង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​នេះឱ្យ​មាន​ប្រសិទ្ធ​ភាព ​ដោយ​សម្តេច​ធិបតី​ចង់​ធ្វើ​ឱ្យ​គម្រោង​នេះ ​គឺជា​គម្រោង​ត​ភ្ជាប់​ផ្លូវ​ទឹក​ និង​ផ្លូវ​សមុទ្រ​ឱ្យ​បាន​។​ នេះ​ជា​គម្រោង​ដ៏​សំខាន់​មួយ ​ដោយ​យើង​សង្ឃឹម​ថា ​យើង​អាច​ពិភា​ក្សា​ចរ​ចា​លើ​កិច្ច​ព្រម​ព្រៀង​សម្ប​ទាន​នេះ​ អាច​នឹង​នៅ​ខែ​៦ ឬ​៧ ខាង​មុខ​នេះ ​ដើម្បី​ឈាន​ដល់​ការ​បើក​ការ​ដ្ឋាន​សាង​សង់​ គម្រោង​ព្រែក​ជីក​ហ្វូ​ណន-​តេ​ជោ​»​។​

​សូម​បញ្ជាក់​ថា ​គម្រោង «​ព្រែក​ជីក​ហ្វូណន-​តេ​ជោ​» មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ ​ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ឆ្លងកា​ត់​តាម​ព្រែក​តា​ឯក​នៃ​ទន្លេ​បាសាក់​ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង ​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ ​និង​បន្ត​រហូតដ​ល់​សមុទ្រ​ខេត្ត​កែប​ ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​៤​ រួ​មមាន​ ខេត្ត​កណ្តាល ​ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប​។​

​ផ្លូវ​ទឹក​នេះ​នឹង​មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាងលើ​​ប្រវែង​ ១០០ ​ម៉ែត្រ និ​ង​ មុខ​កាត់​ផ្នែក​ខាង​ក្រោម​ប្រមាណ ៨​០ ​ម៉ែត្រ ​និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​​ម៉ែត្រ (​ជម្រៅ​នាវា​ចរ​ណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិ​ភាព ០,៧​ម៉ែត្រ​) មាន​គន្លង​នាវាច​រណ៍​ចំនួន ​២​គន្លង​ អាច​ចេញ​-​ចូល​ និង ​ចៀស​គ្នា​បាន​ដោយ​សុវត្ថិ​ភាព​។ ការ​សាង​សង់​គម្រោង​ផ្លូ​វទឹក​ថ្មី​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថានឹង​ចំណាយ​ទុន​វិនិ​យោគ 
 ១​ ៧០០​ លាន​ដុល្លារ​ និង​រយៈ​ពេល​សាង​សង់​ប្រមាណ ​៤​ឆ្នាំ​៕