ភ្នំពេញៈ លោក ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមានស្តូបឈ្នះ-ឈ្នះ បានឱ្យដឹងថា កម្ពុជាសម្រេចសាងសង់ស្តូបឈ្នះ-ឈ្នះ ចំនួន ៣ បន្ថែមទៀត ដោយយកលំនាំតាមវិមានឈ្នះ-ឈ្នះ នៅភ្នំពេញ។
លោកបានបន្តថា វិមានឈ្នះ-ឈ្នះ ធ្វើឡើងនៅខេត្តកោះកុង, ឧត្តរមានជ័យ និងនៅខេត្តប៉ៃលិនដែលជានិមិត្តរូបនៃសន្តិភាព និងជាប្រតិបត្តិករការទូតសន្តិភាព រំឭកដល់គុណបំណាច់នយោបាយឈ្នះ-ឈ្នះ ដែលនាំសន្តិភាពពេញលេញដល់កម្ពុជា។
លោកបានបញ្ជាក់ដូចនេះតាមរយៈសុន្ទរកថា ក្នុងពិធីផ្សព្វផ្សាយការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រ «សួនតេជោសន្តិភាព» កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។
លោក ទៀ បាញ់ បានលើកឡើងថា ការសាងសង់វិមានឈ្នះ-ឈ្នះ ឡើង ជាសំណង់ស្ថាបត្យកម្មមួយរំលេចពីអត្តសញ្ញាណនៃកតញ្ញុតាធម៌ ការដឹងគុណដល់គុណបំណាច់នយោបាយឈ្នះ-ឈ្នះ ក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបដែលជានិមិត្តរូបនៃសន្តិភាព ខណៈរដ្ឋាភិបាលកំពុងសាងសង់ស្តូបនយោបាយឈ្នះ-ឈ្នះ នៅទីតាំង ៣ ផ្សេងទៀត គឺកោះកុង អន្លង់វែង និងប៉ៃលិន ជាប្រតិបត្តិករការទូតសន្តិភាពដើម្បីផ្សព្វផ្សាយ ការធានាអាយុជីវិត ការធានាអាជីពនិងមុខរបរ និងការធានាកម្មសិទ្ធិឯកជនដល់កម្លាំងសមាហរណកម្មភាគីខ្មែរក្រហម។
លោកបានថ្លែងថា៖ «នយោបាយឈ្នះ-ឈ្នះ បានប្រែក្លាយកម្ពុជាពីវាលពិឃាត តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ទៅជាប្រទេសមានសន្តិភាព ឯកភាពជាតិពេញលេញ ទីតាំងទេសចរណ៍ដ៏ទាក់ទាញ»។
លោក ទៀ បាញ់ បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ ជាគំនិតផ្តួចផ្តើមរបស់លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិតជាផ្តល់ផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជាពិតប្រាកដមែន ហើយបានក្លាយជាខ្សែចរន្តក្នុងនយោបាយជាតិ ជាគោលដៅអភិវឌ្ឍន៍អតីតតំបន់សមរភូមិទៅជាទីស្ថានសុខដុម។
លោកថា រយៈពេល ២៥ ឆ្នាំកន្លងទៅនេះ មិនមែនជាការវាយតម្លៃខ្ពស់និងជ្រុលនិយមទេ តែជាសច្ចភាពពិតនាំមកនូវសន្តិភាពពេញលេញ ខណៈអង្គការសហប្រជាជាតិចំណាយប្រាក់អន្តរាគមន៍ ២ ពាន់លានដុល្លារក៏មិនទាន់បានសន្តិភាព។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការសាងស្តូបឈ្នះ-ឈ្នះ បន្ថែមទៀតនៅទីតាំងអតីតតំបន់រឹងមាំរបស់ខ្មែរក្រហមនេះ ជាការចារឹកប្រវត្តិសាស្ត្រដើម្បីអ្នកជំនាន់ក្រោយបានសិក្សាពីបទពិសោធន៍ជូរចត់អតីតកាល។
លោកថា៖ «ការសាងសង់នេះ ជាការចារឹកនូវភ័ស្តុតាងសម្រាប់ខ្មែរតទៅអនាគតដើម្បីចងចាំថា សង្គ្រាម វាងាយនឹងឆាបឆេះ ប៉ុន្តែការកសាងសន្តិភាពគឺពិបាក ហើយត្រូវការឆន្ទៈនយោបាយរឹងមាំ អ្នកដឹកនាំរឹងមាំនិងច្បាស់លាស់ ទើបអាចស្វែងរកសន្តិភាពបាន»។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ បានកសាងនៅឆ្នាំ ២០១៦ និងសម្ពោធជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០១៨ ដោយចំណាយពេលជិត ៣ ឆ្នាំ ដែលវិមាននេះមានកម្ពស់ ៥៤ ម៉ែត្រ សង់លើផ្ទៃដី ៨ ហិកតា ដោយចំណាយទឹកប្រាក់ប្រមាណ ១២ លានដុល្លារ។ វិមានអនុស្សាវរីយ៍នេះសង់ឡើងក្នុងន័យរំឭកលើការយកឈ្នះ ឬការផ្តួលរំលំរបបខ្មែរក្រហមទាំងស្រុង និងការធ្វើឱ្យកម្ពុជាមានសន្តិភាពពេញបរិបូរណ៍។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកថ្ងៃ ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា ជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ឈប់សម្រាកប្រចាំឆ្នាំ។
ទិវាសន្តិភាពនេះ ធ្វើឡើងដើម្បីរំឭកដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងបានកសាងសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ ការរំឭកដឹងគុណ និងចងចាំជានិច្ចពីគំរូភាពដ៏អង់អាចក្លាហាននិងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម សមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបានការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា៕