ភ្នំពេញៈ ក្រុមហ៊ុន Fresh Start Energy បានបង្ហាញបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី ខណៈលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញពីការស្វាគមន៍ចំពោះក្រុមហ៊ុននេះចំពេលដែលកម្ពុជាកំពុងបង្កើនការយកចិត្តទុកដាក់លើវិស័យថាមពល។
កិច្ចពិភាក្សារវាងលោក ហ៊ុន ម៉ាណែត ជាមួយនឹងលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy បានធ្វើឡើងកាលពីថ្ងៃទី ២ ខែមីនា ពោលគឺអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារដែលបានផ្សាយតាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត។
ក្នុងកិច្ចពិភាក្សាទ្វេភាគីនោះ លោក Mario Vecchio លើកឡើងថា ក្រុមហ៊ុន Fresh Start Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start កំពុងមានប្រតិបត្តិការនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុនរបស់លោកបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និងស្ថានីយប្រេងឥន្ធនៈ ជាដើម។ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗសម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់ ហើយលោកមានបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។
ក្រោយពីបានស្តាប់គោលបំណងរបស់ក្រុមហ៊ុន FreshStart Energy ហើយ លោក ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ និងអរគុណចំពោះក្រុមហ៊ុននេះដែលបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈលោកលើកឡើងថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹងនិងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជននៃប្រទេសទាំង ២ ផងដែរ។
ចំពោះវិស័យថាមពលនេះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ»។ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុនមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួលនិងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល មានមហិច្ឆតាបង្កើនថាមពលបៃតងនិងពង្រីកវិសាលភាពការផ្គត់ផ្គង់អគ្គិសនីទៅគ្រប់កន្លែងនៅជនបទ។
ទាក់ទងនឹងការវិនិយោគលើការគ្រប់គ្រងថាមពលអគ្គិសនីនេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ដើម្បីពន្លឿនការផ្លាស់ប្តូរចាំបាច់ត្រូវមានការវិនិយោគ ហើយដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន ការកំណត់ទិសដៅគោលនយោបាយឱ្យច្បាស់លាស់ គឺជាអ្វីដែលសំខាន់និងចាំបាច់។
លោកថា៖ «ផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ដែលទើបត្រូវបានអនុម័តកាលពីពេលថ្មីៗនេះបានដាក់បញ្ចូលប្រសិទ្ធភាពថាមពលទៅក្នុងសេណារីយ៉ូរបស់ខ្លួនដូចគ្នានឹងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលដែលត្រូវប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ ២០២២ ផងដែរ»។
លោកបន្តថា បច្ចុប្បន្នក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ សហភាពអឺរ៉ុបបានសហការជាមួយនឹងក្រសួងពាក់ព័ន្ធ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងក្រុមហ៊ុននានា ដើម្បីគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យា និងការសន្សំសំចៃថាមពល។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីអំឡុងពេលសម្ពោធការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុងកាលពីខែធ្នូឆ្នាំ ២០២៣ ថ្លែងថា តាមនិន្នាការពិភពលោកបច្ចុប្បន្ន និងតាមការប្រកាសរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាត្រូវធ្វើអន្តរកាលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
លោកថា ក្រសួងរ៉ែនិងថាមពល មានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យកម្ពុជាមានការផ្គត់ផ្គង់ថាមពលមួយប្រកបដោយគុណភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានថ្លៃលក់សមរម្យប៉ុណ្ណោះទេ ហើយក៏ត្រូវប្តេជ្ញាចូលរួមអនុវត្តធ្វើយ៉ាងណាឱ្យកម្ពុជាឈានឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនតាមការប្រកាសរបស់រាជរដ្ឋាភិបាលផងដែរ។
ដើម្បីសម្រេចតាមផែនការនេះ លោកថា ចាំបាច់គឺត្រូវបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ៕