​ភ្នំពេញៈ​ គណបក្សនយោបាយ​ចំនួន ៣ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុម​​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ហៅ​កាត់​ថា «​ក្រុមប្រឹក្សា​» អាណត្តិ​ទី​​​៤ ឆ្នាំ ​២០២៤ ​ដែលមាន​បេក្ខជន​ឈរឈ្មោះ​សរុប​ជិត ​១ ​ម៉ឺន​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​)​ នៅ​ថ្ងៃទី​ ៣ ខែមីនា​ បាន​លើកឡើងថា ការចុះ​បញ្ជី​គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​ ២០២៤ នៅ​ថ្ងៃទី ២ ​មីនា គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការ​បោះឆ្នោត (​គ​ធ​.​ខ​ប​)​ បានទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​របស់​គណបក្ស​ចំនួន ៣​។​

​គណបក្ស​ទាំង​ ៣ ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​គ្រប់​ទាំង​ ២៥ រាជធានី​ខេត្ត ដែលមាន​សមាជិក​ពេញសិទ្ធិ និង​បម្រុង​ចំនួន​ ៨ ៦១៨ ​រូប​,​ គណបក្ស​ឆន្ទៈ​ខ្មែរ បានដាក់​ពាក្យ​ស្នើ​ក្នុង​ក្រុង ស្រុក​ចំនួន​ ៣ លើ ២៥​ រាជ​ធានី​-ខេត្ត មាន​បេក្ខជន​ឈរឈ្មោះ​ទាំង​ពេញសិទ្ធិ និង​បម្រុង សរុប ៧៤៩ ​រូប​។

ចំណែក​គណបក្ស​កម្លាំង​ជាតិ បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ចំនួន ២​ រាជធានី​ខេត្ត លើ​ ២៥​ រាជ​ធានី​-ខេត្ត ដែលមាន​បេក្ខជន​ឈរ​ឈ្មោះ​ទាំង​ពេញសិទ្ធិ និង​បម្រុង​សរុប ៤២៧ ​នាក់​។ បើតាម គ​.​ជ​.​ប ផ្អែក​តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត គ​ធ​.​ខ​ប ត្រូវ​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​យ៉ាងយូរ​ ៥ ​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យស្នើសុំ​។​

​ប្រភព​ដដែល​បន្ថែមថា​៖ «​ការ​ដាក់ និង​ការទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី៤ ឆ្នាំ​ ២០២៤ មាន​រយៈ​ពេល ៥ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ ​២០២៤»​។​

​លោក គីម​សួរ ភី​រិ​ទ្ធ ប្រធានក្រុមប្រឹក្សាវិន័យ​គណបក្ស ឆន្ទៈ​ខ្មែរ​នៅ​ថ្ងៃទី​ ៣ ខែមីនា បាន​ថ្លែងថា គណបក្ស​របស់លោក​ក៏​នឹងដាក់​បញ្ជី​បេក្ខជន សម្រាប់​ការបោះ​​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ​ អាណត្តិ​ទី៤ ​ឆ្នាំ​ ២០២៤ ​គ្រប់​ក្រុង​ស្រុក របស់​រាជធានី​ខេត្ត​ទាំងអស់​ផងដែរ​។​

​លោក​ថា​៖ «​សម្រាប់​រាជធានី ខេត្ត​ដែល​បានរៀបចំ​គ្រប់គ្រាន់ គណបក្ស​ឆន្ទៈ​ខ្មែរ​ដាក់​ហើយ ប៉ុន្តែ​សម្រាប់​រាជធានី​ខេត្ត​ដែល​មិនទាន់​រៀបចំ​ឯកសារ​ហើយ​យើង​នៅ​រៀបចំ​បន្តទៀត​។ ដូច្នេះ គ​.​ជ​.​ប​ ​កំណត់ឱ្យ​ ៥ ថ្ងៃនេះ​មិនជា​បញ្ហា​ទេ ព្រោះ​គណបក្ស​បាន​ត្រៀមខ្លួន​តាំង​​ពី ​២ ​ខែ​មុន​មក​ម្ល៉េះ»​។ ទោះ​យ៉ាង​ណា លោក​ភី​រិ​ទ្ធ មិនទាន់​អាចធ្វើ​អត្ថាធិប្បាយ​បានទេ​ចំពោះ​លទ្ធ​​ផល​បែបណា​នោះ ប៉ុន្តែ​ជា​គោល​ការណ៍​គណបក្ស​របស់លោក​ដាក់​ពាក្យ​ចូលរួម​ការបោះ​ឆ្នោ​នេះ​ដើម្បី​ស្វែងរក​ការតស៊ូ​មតិ​។​

​ចំណែក លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ៊ុនស៊ិនប៉ិច ក៏​ថ្លែង​ដែរ​ថា គណបក្ស​ក៏​នឹងដាក់​ពាក្យស្នើសុំ​ចុះបញ្ជី និង​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ផងដែរ​។ លោក​ថា ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​របស់លោក​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​​ ៣ ខែ​​មីនា​តែម្តង សម្រាប់​ក្រុង​ស្រុក​ដែល​រៀបចំ​ឯកសារ​រួចរាល់​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក គ​.​ជ​.​ប នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នៅ​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២៤ ​លើកឡើងថា ការចុះបញ្ជី​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើឡើង​តាម​ទម្រង់​បែបបទ​លេខ ១០០៨ ដែល​កំណត់ដោយ គ​.​ជ​.​ប​។​

​លោក​ថា ទម្រង់​បែបបទ (​ទ​.១០០៨)​ មាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ដែល​គណបក្សនយោបាយ​អាចមក​ទទួលយក​នៅ​ទីស្តីការ គ​.​ជ​.​ប លេខាធិការដ្ឋាន​នៃ​គណៈ​កម្ម​ការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត (​លគ​ធ​.​ខ​ប​) ឬ​អាច​ទាញយក​ពី​គេហទំព័រ​របស់ គ​.​ជ​.​ប www.nec.gov.kh​។

លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​លើកឡើងថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ២​ ភេទ ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​ ៤ ត្រូវបំពេញ​លក្ខខណ្ឌ និង​មាន​លក្ខណសម្បត្តិ រួមមាន សញ្ជាតិ​​ខ្មែរ​ពី​កំណើត អាយុ​យ៉ាងតិច ២៥ ​ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៤ ឆ្នាំ​ ២០២៤ និង​ច្បាប់​ស្តីពី​វិ​សោ​​ធន​កម្ម​នៃ​ច្បាប់​នេះ ​(​ច​.​ប​.​ក​)»​។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​២៦ ​ឧសភា ឆ្នាំ ២០២៤៕