ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការដៃគូនានាបាននិងកំពុងអភិរក្សសត្វព្រៃ និងរុក្ខជាតិជិតផុតពូជជាង ១២០ ប្រភេទ ដែលការងារអភិរក្សទាំងនោះបានធ្វើឱ្យកម្ពុជានៅសេសសល់វត្តមានប្រភេទសត្វព្រៃនិងរុក្ខជាតិប្រភេទកម្រ និងជិតផុតពូជច្រើនគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ៤ ខែមីនាថា ក្នុងប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង និងមានផ្ទៃដីជាង៧លានហិកតា ស្មើនឹង ៤០ ភាគរយ នៃផ្ទៃដីប្រទេស។
លោកបានបន្តថា ដូច្នេះយោងតាមផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាតិស្តីពីជីវៈចម្រុះឆ្នាំ ២០២៦ និងផែនការយុទ្ធសាស្ត្រគ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ ២០១៧-២០៣១ បានបង្ហាញថា នៅកម្ពុជាមានវត្តមានប្រភេទសត្វបក្សី ថនិកសត្វ ត្រី ល្មូន សត្វល្អិតឥតឆ្អឹងកង ក៏ដូចជាថលជលិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។
លោកបានបញ្ជាក់ថា៖ «ក្រសួងបរិស្ថាន និងអង្គការដៃគូនានា បាននិងកំពុងអភិរក្សប្រភេទសត្វព្រៃ និងរុក្ខជាតិ ប្រភេទកម្រនិងជិតផុតពូជដែលបានចុះក្នុងបញ្ជីក្រហម IUCN សរុបមានចំនួន ១២៧ ប្រភេទ ក្នុងនោះវត្តមានថនិកសត្វមានចំនួន ៣៤ ប្រភេទ ក្នុងចំណោមថនិកសត្វសរុបចំនួន ១៦២ប្រភេទ សត្វបក្សីមានចំនួន ៣៩ ប្រភេទ ក្នុងចំណោមសត្វបក្សីសរុបចំនួន ៦០១ ប្រភេទ»។
លោក ខ្វៃ អាទិត្យា បានបន្តថា ចំពោះប្រភេទត្រីដែលបានចុះក្នុងបញ្ជីក្រហមIUCN សម្រាប់អភិរក្សមានចំនួន ៩ ប្រភេទ ក្នុងចំណោមត្រីសរុប ១ ៣៥៧ ប្រភេទ សត្វល្មូនមានចំនួន ២០ ប្រភេទ ក្នុងចំណោមសត្វល្មូនសរុប ១៧៤ ប្រភេទ។ ដោយឡែក ថលជលិកសត្វមានចំនួន ២ ប្រភេទ ក្នុងចំណោមថលជលិកសត្វសរុប ៧២ ប្រភេទ និងសត្វល្អិតឥតឆ្អឹងកងមានចំនួន ៦៧១ ប្រភេទ ក្នុងនោះមិនទាន់មានប្រភេទណាមួយត្រូវបានអភិរក្សនៅឡើយ ហើយចំណែករុក្ខជាតិមានចំនួន ២៣ ប្រភេទ ក្នុងចំណោមរុក្ខជាតិសរុប ៣ ១១៣ ប្រភេទ។
លោកបានបញ្ជាក់ថា៖ «ប្រភេទសត្វព្រៃ និងរុក្ខជាតិ ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ បាននិងកំពុងអភិរក្ស គឺជាប្រភេទសត្វព្រៃកម្រ និងជិតផុតពូជ។ ដូច្នេះតាមរយៈការងារអភិរក្សនេះ បច្ចុប្បន្ន ប្រទេសកម្ពុជាយើង មានវត្តមានប្រភេទសត្វព្រៃកម្រនិងជិតផុតពូជដែលនៅសេសសល់វត្តមានច្រើនជាងគេនៅលើពិភពលោក និងតំបន់អាស៊ីអាគ្នេយ៍»។
បើតាមលោក ខ្វៃ អាទិត្យាថា ជាក់ស្ដែងបើប្រៀបធៀបនឹងប្រទេសជិតខាង បច្ចុប្បន្នប្រទេសកម្ពុជា មានវត្តមានជីវចម្រុះនៃប្រភេទសត្វព្រៃកម្រ និងជិតផុតពូជ នៅសេសសល់ច្រើនជាងគេរួមមាន ប្រភេទសត្វខ្សឹប ត្រយងយក្ស ត្រយងចង្កំកស ត្រដក់ធំ ត្មាតភ្លើង ត្មាតផេះ ត្មាតត្នោត ផ្សោតទន្លេមេគង្គ ត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ស្វាកន្ទុយស និងរមាំងជាដើម។
ទន្ទឹមនេះ លោកបានអះអាងថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានា ដើម្បីការពារមរតកធម្មជាតិរួមមាន ព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ ជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុនិងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹតកាបូនឆ្នាំ ២០៥០។
លោក អាទិត្យា លើកឡើងថា៖ «ចំពោះវិធានការការពារសត្វព្រៃ និងធនធានធម្មជាតិនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ដៃគូសហការ ជាពិសេសប្រជាសហគមន៍តំបន់ការពារធម្មជាតិ ពង្រឹងការចូលរួមឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀតជាមួយក្រសួងបរិស្ថានដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាននិងការពារអភិរក្សធនធានធម្មជាតិយើង»។
ក្រៅពីនេះ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ដោយអនុវត្ត ១០០ ភាគរយ មិនលើកលែងដល់បទល្មើសធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក្រសួងបានផ្តោតសំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន។ ជាពិសេសការជំរុញការដាំស្តារព្រៃឈើដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន ៦០ ភាគរយ នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ នេះជាការបន្ថែមរបស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
ដោយឡែក ក្រសួងបរិស្ថាន និងអង្គការ USAID ប្រចាំកម្ពុជាបានចូលរួមអបអរសាទរទិវាសត្វព្រៃពិភពលោក ៣ ខែមីនា ដោយកម្ពុជាបាននិងកំពុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សសត្វព្រៃកម្រ សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ៏មានតម្លៃសម្រាប់មនុស្សជាតិ។
បើតាមក្រសួងបរិស្ថាន សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២ ០៨៥ ប្រភេទ ក្នុងនោះរួមមាន ថនិកសត្វបក្សីល្មូន ថលជលិក ត្រី និងសត្វល្អិត។
ប្រភពដដែលបន្តថា ប្រទេសកម្ពុជាក៏ចាត់ទុកជាប្រទេសដែលមានវត្តមានប្រភេទសត្វ កម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា ទន្សោង ត្រយងយក្ស ត្រយងចង្កំកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាងប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។
ចំណែកអង្គការ USAID បានលើកឡើងលើហ្វេសប៊ុកកាលពីថ្ងៃទី ៣ ខែមីនថា ក្នុងការចូលរួមប្រារព្ធទិវាសត្វព្រៃពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ការតភ្ជាប់មនុស្ស និងភពផែនដី ការប្រើប្រាស់ភាពច្នៃប្រឌិតបែបឌីជីថលក្នុងការអភិរក្សសត្វព្រៃ»។
ជាមួយគ្នានេះ USAID មរតកបៃតង ក៏បានចែករំលែកវីដេអូពីសកម្មភាពសត្វព្រៃជាច្រើនប្រភេទ ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិរបស់យើង ដែលបានដាក់នៅក្នុងតំបន់ការពារនៃជួរភ្នំក្រវាញផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា៖ «ដើម្បីជួយការពារសត្វព្រៃ និងអភិរក្សជីវៈចម្រុះនៅជួរភ្នំក្រវាញរបស់យើង USAID មរតកបៃតង បានសហការជាមួយ អង្គការអភិរក្សអន្តរជាតិកម្ពុជា ក្នុងការដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិជាង ២០០ កន្លែង ដើម្បីកត់ត្រាប្រភេទសត្វព្រៃផ្សេងៗ។ សកម្មភាពទាំងនេះ មានគោលបំណងបម្រើជាសូចនាករក្នុងការត្រួតពិនិត្យជីវៈចម្រុះនៅក្នុងឧទ្យានជាតិនេះ»។
លទ្ធផលនៃការសិក្សា និងការវិភាគទិន្នន័យដែលបានពីម៉ាស៊ីនថតនឹងអនុញ្ញាតឱ្យមានវិធីសាស្ត្រកាន់តែមានប្រសិទ្ធភាពក្នុងការអភិរក្សសត្វព្រៃនៅក្នុងឧទ្យានជាតិនេះ។
ជាមួយគ្នានេះអង្គការ USAID ក៏បានអំពាវនាវឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងរួមគ្នាធ្វើសកម្មភាពដើម្បីការពារជីវិតសត្វព្រៃឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយបានឃើញទាំងអស់គ្នា៕