សមាគមស្វាយចន្ទីកម្ពុជា (សសក) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្អាកលក់គ្រាប់ចន្ទីឆៅជាបណ្តោះអាសន្នសិន ស្របពេលដែលតម្លៃក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ខណៈដែលបាតុភូតអែលនីណូ បាននិងកំពុង បង្កផលប៉ះពាល់យ៉ាងខ្លាំងលើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា(សសក) បានប្រាប់ឱ្យដឹងថាដោយសារការអូសបន្លាយ នៃអាកាសធាតុ ដែលមានកម្តៅជាង ៤០អង្សាសេ បានធ្វើឱ្យគាំងផ្កាមិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗ។ ក្នុងនោះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានព្យាករកាលពីដើមខែមករា ឆ្នាំ២០២៤ ផងដែរថាទិន្នផលស្វាយចន្ទី នាឆ្នាំ២០២៤នេះ នឹងថយចុះចន្លោះពី ១០ភាគរយ ទៅ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
លោកបានបញ្ជាក់ទៀតថា៖«បើទោះបីជាទិន្នផល កំពុងធ្លាក់ចុះក្តី តម្លៃគ្រាប់ស្វាយចន្ទីឆៅបែរជាធ្លាក់ចុះយ៉ាងគំហុក ដែលនេះមិនសមទាល់តែសោះ។ សសក បាននិងកំពុងណែនាំ ឱ្យសមាជិករបស់ខ្លួនឱ្យហាលគ្រាប់ទុករង់ចាំតម្លៃប្រសើរឡើងនៅខែកក្កដា ឬខែកញ្ញា។ ហាលគ្រាប់ទុកបើមានលទ្ធភាព កុំឱ្យឈ្មួញបរទេសបានចិត្ត ចន្ទីខូចច្រើនណាស់ឆ្នាំនេះ មិនគួរធ្លាក់ថ្លៃទេ! អ្នកមានលទ្ធភាពគួរហាលទុក កុំលក់ប្រជែងជាមួយកសិករតូចតាច! រើសក្រុមហ៊ុនល្អ សម្រាំងគុណភាពគ្រាប់»។
ទោះយ៉ាងនេះក្តី លោកបានបន្ថែមថា នៅក្នុងទិន្នន័យខែមករា ឆ្នាំ២០២៤ នេះបញ្ជាក់ថា កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាម កើនឡើង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា៖«ការកើនឡើងការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមនេះ មិនមែនជាគ្រាប់ចន្ទីក្នុងឆ្នាំ២០២៤ នោះទេ ដ្បិតរដូវប្រមូលផលចន្ទីនៅកម្ពុជា គឺពាក់កណ្តាលខែកុម្ភៈ។ ការនាំចេញកើនឡើងនេះ សសក ក៏បានដឹងដែរ ព្រោះសមាជិកជាឈ្មួញកណ្តាលរបស់ សសក បានរាយការណ៍ពីការសល់គ្រាប់ឆៅនេះនាចុងខែធ្នូ ឆ្នាំមុន។ ដូច្នេះគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលទេ ហើយការធ្លាក់ទិន្នផលស្វាយចន្ទីនៅកម្ពុជា អាចបង្កើនតម្លៃគ្រាប់កែច្នៃលើទីផ្សារអន្តរជាតិនាឆ្នាំ២០២៤ នេះ»។
បើតាម លោក អួន ស៊ីឡុត ដើម្បីរក្សាតម្លៃស្វាយចន្ទីឱ្យមានស្ថិរភាព សសក បានបញ្ចុះបញ្ចូលសមាជិករបស់ខ្លួននិងកសិករដទៃឱ្យបន្ថយ និងរក្សារចម្ការត្រឹម ៥០០ ០០០ ហិកតា សម្រាប់តែផ្គត់ផ្គង់ការកែច្នៃក្នុងស្រុក ដែលអាចត្រូវការ ៣០ រោងចក្របន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាមាន រោងចក្រធុនមធ្យមចំនួន ៧។
«រោងចក្រធុនមធ្យម សំដៅទៅលើសមត្ថភាពផលិតកែច្នៃគ្រាប់ឆៅចន្លោះពី ៧០០០ តោន ទៅ ១៥០០០ តោន។ បច្ចុប្បន្នកម្ពុជាមានសិប្បកម្មកែច្នៃតូចៗលក្ខណៈគ្រួសារចំនួន ៣៥ ដែលគួរតែលើកទឹកចិត្ត និងជំរុញឱ្យក្លាយជារោងចក្រធុនមធ្យម»។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។
ការអំពាវនាវរបស់សមាគមស្វាយចន្ទីនេះ គឺសមស្របនឹងកាលៈទេសៈ ដែលកំពុងតែកើតមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃនៃស្វាយចន្ទីក្នុងពេលបច្ចុប្បន្ននេះ។ នេះជាការគាំទ្ររបស់លោក ណុក ប៊ុនថន ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រចាំខេត្តកំពង់ធំ។
លោកបានបញ្ជាក់ដូច្នេះថា៖«ការធ្លាក់ថ្លៃនេះ គឺចាប់ពី ៥១០០ រៀល មកនៅត្រឹម ៤៦០០ រៀល ក្នុង ១ គីឡូ ក្រាម។ ដូច្នេះខ្ញុំអាចនឹងលក់ខ្លះដើម្បីទូទាត់ថ្លៃចំណាយ និងសល់ប៉ុន្មានហាលទុក សម្រាប់លក់នៅប៉ុន្មានខែខាងមុខ ដែលតម្លៃអាចនឹងល្អប្រសើរឡើងវិញ»។
ចំណែក លោក តុប វ៉ាន់ឌី ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រចាំខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងដែរថា ទិន្នផលស្វាយចន្ទី នៅខេត្តកំពង់ចាមឆ្នាំនេះ បានធ្លាក់ចុះខ្លាំង ពី ១ហិកតាចន្លោះ៣ទៅ៤តោន មកនៅសល់ត្រឹមជាង ១ តោន តែប៉ុណ្ណោះ។
ស្របពេលដែលតម្លៃមិនសូវល្អទៀតនោះ ទាំងលោក វ៉ាន់ឌី និងកសិករដាំចន្ទីមួយចំនួនបានសម្រេចចិត្តកាប់ចន្ទីចោលខ្លះ ហើយនឹងយកដីទៅដាំដំឡូងមីវិញ ព្រោះបានតម្លៃគ្រាន់បើជាង។
លោកបាននិយាយដូច្នេះថា៖«បើកឆាកឆ្នាំនេះ តម្លៃចន្ទីមិនសូវល្អសោះ ស្របពេលដែលទិន្នផលក៏ធ្លាក់ចុះយ៉ាងគំហុកទៀត ដោយតម្លៃជាង ៤០០០ រៀលក្នុង ១ គីឡូក្រាម សម្រាប់គ្រាប់ឆៅ។ឆ្នាំនេះរាំងស្ងួតខ្លាំងពេក ធ្វើឱ្យទិន្នផល និងគុណភាពចន្ទីធ្លាក់ចុះ ទាំងខ្ញុំនិងកសិករផ្សេងទៀតទប់ទល់មិនចង់រួច»។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ខាងសមាគម នឹងធ្វើទស្សនកិច្ចផ្លូវការនៅអាហ្វ្រិកខាងលិចនាពាក់កណ្តាល ខែមីនានេះ ដើម្បីចូលរួមជាមួយបណ្តាប្រទេសផលិតគ្រាប់ចន្ទីឆៅ។ សម្ព័ន្ធភាពអ្នកដាំចន្ទីអាហ្វ្រិក នៅទីក្រុងអាក្រា ប្រទេសហ្គាណា បានស្វាគមន៍ចំពោះទស្សនកិច្ចនេះ ហើយរីករាយចំពោះសហប្រតិបត្តិការលើជំនួញស្វាយចន្ទីខណៈប្រធានបទមួយចំនួន ក៏នឹងត្រូវលើកឡើង ក្នុងជំនួបក្រៅផ្លូវការ ស្តីពីការប្រែប្រួលអាកាសធាតុ និងការថយចុះផលិតកម្មស្វាយចន្ទីផងដែរ៕