ពិព័រណ៍សិប្បកម្មខ្មែរ ឆ្នាំ២០២៤ និងរាត្រីសមោសរ សំពត់ខ្មែរ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានធ្វើឡើងចាប់ពីថ្ងៃទី១ដល់ទី៣ ខែមីនា មានអ្នកចូលរួមជាង២០០០នាក់ ខណៈដែលក្រសួងលើកឡើងថា នេះជាជោគជ័យដ៏ធំមួយ សម្រាប់ការរៀបចំកម្មវិធីនេះ ជាលើកទី១ ក្រោយវិបត្តិកូវីដ១៩។
លោកស្រី ជ័យ ច័ន្ធកិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ ថា ការរៀបចំពិព័រណ៍សិប្បកម្មខ្មែរ ឆ្នាំ២០២៤ រួមជាមួយនឹងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ កាលពីចុងសប្តាហ៍មុននេះ គឺទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកចូលរួមមានចំនួនច្រើនលើសពីការរំពឹងទុក។
លោកស្រីបានបញ្ជាក់ថា៖«ការចូលរួមរបស់មហាជនក្នុងព្រឹត្តិការណ៍នេះ គឺលើសពីអ្វីដែលយើងរំពឹងទុក។នេះក៏ដោយសារតែមានការចូលរួមជ្រោមជ្រែងពីអ្នកពាក់ព័ន្ធរួមមាន ក្រុមការងារពិព័រណ៍,influencer, សិប្បករ និងសិល្បករ ដែលបានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីនេះ»។
លោកស្រីជ័យ ច័ន្ធកិត្យា បានបន្ថែមថា ដោយមើលឃើញការគាំទ្ររបស់សាធារណជន និងសិប្បករ ក្រុមការងារពិព័រណ៍ មានគម្រោងនឹងស្នើសុំការឯកភាពពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ ដើម្បីរៀបចំពិព័រណ៍នេះ នាពេលខាងមុខទៀត ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានច្រើននូវមរតកវប្បធម៌ខ្មែរទាំងអស់នេះ។
បើតាមលោកស្រី អគ្គនាយករង ពិព័រណ៍សិប្បកម្មខ្មែរ ដែលប្រព្រឹត្តទៅដោយជោគជ័យបែបនេះ ដោយសារអមជាមួយនឹងកម្មវិធីសមោសរ សំពត់បត់ខ្មែរផងដែរ ដែលញ៉ាំងឱ្យកម្មវិធីកាន់តែមានភាពទាក់ទាញ។
«សិប្បករយើង បានលក់ផលិតផលដោយដៃរបស់ពួកគាត់បានច្រើននៅក្នុងពិព័រណ៍នេះ ខណៈដែលមហាជន បានប្លែកនូវការទស្សនានិងជាវនូវវត្ថុសិប្បកម្មដ៏ស្រស់ស្អាតយ៉ាងច្រើន ដោយបានធ្វើឱ្យសិប្បករខ្លះលក់បានខ្ទង់ម៉ឺនដុល្លារក្នុងរយៈពេល៣ថ្ងៃ។ពួកគាត់ចង់ឱ្យយើងរៀបចំបែបនេះ នៅពេលបន្តបន្ទាប់ ហើយយើងនឹងពិចារណា រៀបចំនាពេលអនាគតដ៏ឆាប់ខាងមុខនេះ»។នេះបើតាមការបញ្ជាក់ពីលោកស្រី ជ័យ ច័ន្ធកិត្យា។
នៅក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» នៅសាលសន្និសីទចតុម្មុខ កាលពីល្ងាចថ្ងៃទី២ ខែមីនា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងការចូលរួមរបស់អង្គការ សមាគម ផ្នែកឯកជន និងសហគមន៍ ក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីសំដៅរួមគ្នាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិគឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ដោយជំរុញលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលវប្បធម៌ថ្មីៗ លើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។
លោកស្រីបានបញ្ជាក់ថា៖«វាក៏ដើម្បីឆ្លើយតបទៅនឹងទីផ្សារថ្មីៗថែមទៀត និងទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពរបស់សិល្បករ សិប្បករយើង ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងកិត្យានុភាពជាតិ ស្របតាមទិសស្លោក កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»។
ជាមួយគ្នានោះដែរ លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងដែរថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវិធី ដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតដល់យុវជន យុវតីខ្មែរជំនាន់ក្រោយ ក្នុងការបង្កើនចំណេះដឹង ជាពិសេសបានយល់កាន់តែច្បាស់ពីប្រវត្តិ ក៏ដូចជាតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាសម្លៀកបំពាក់ដ៏ថ្នៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណភូមិ។
លោកស្រីបានលើកទឹកចិត្តដល់អ្នកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ យកចិតទុកដាក់ទៅលើតម្លៃសម្លៀកបំពាក់ ដែលប្រើប្រាស់ដោយកូនខ្មែរ ដោយកុំច្នៃម៉ូដលើសលប់ពេក ដែលអាចមើលទៅមិនសមរម្យ ប្រាសចាកពីតម្លៃសម្លៀកបំពាក់របស់ខ្មែរ ដែលមានលក្ខណៈចាស់ទុំ សុភាព និងថ្នៃថ្នូរ ពិសេសលោកស្រីបានលើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីដូចនេះជារៀងរាល់ឆ្នាំ។
សូមជម្រាបថា កម្មវិធីរាត្រីសមោសរ សំពត់ខ្មែរ និងពិព័រណ៍សិប្បកម្មខ្មែរ រៀបចំឡើងស្របពេល ទិវាវប្បធម៌ជាតិ ៣មីនា។ នាឆ្នាំ២០២៤នេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ហើយទិវានេះទៀតសោត ជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំឭកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕