ភ្នំពេញៈទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA)នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នឹងរៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារជាង ២ ៥០០ កន្លែង សម្រាប់ផ្តល់ជូនសិស្ស និស្សិត និងអ្នកស្វែងរកការងារ។
ការរៀបចំវេទិកាការងារនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ ខែមីនា ខាងមុខ ក្នុងទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខណៈវេទិកានេះនឹងមានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការនាំយកក្រុមហ៊ុនធំៗចំនួន២២ស្ថាប័ន ជាមួយនឹងឱកាសការងារចំនួន ២ ៥២៥ កន្លែង សម្រាប់ផ្តល់ជូនសិស្ស និស្សិត និងអ្នកស្វែងរកការងារ។
យុវជន សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារឬចង់ផ្លាស់ប្តូរការងារសូមត្រៀមប្រវត្តិរូប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២២ ហើយជាពិសេសយុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនដាក់ពាក្យស្វែងរកការងារផងដែរ។ នេះបើយោងតាមហ្វេសប៊ុករបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។
លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានថ្លែងថា វេទិកាការងារតាមសាកលវិទ្យាល័យ គឺជាយុទ្ធសាស្ត្រមួយទៀតរបស់ NEA ក្នុងការនាំយកឱកាសការងារទៅកាន់និស្សិតដែលកំពុងសិក្សាហើយពុំមានពេលគ្រប់គ្រាន់ដើម្បីស្វែងរកការងារធ្វើ។
លោកស្រីថ្លែងបញ្ជាក់ថា៖ «នាងខ្ញុំពិតជាសរសើរ NEA ណាស់ ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់និស្សិតឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានទីផ្សារការងារ»។
ចំណែកលោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិកនិងផ្សព្វផ្សាយនៃក្រុមហ៊ុនធនាគារឯកទេសអ៊ីអន (ខេមបូឌា) ភីអិលស៊ីបានលើកឡើងដែរថា ធនាគារពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានសហកាយ៉ាងជិតស្និទ្ធជាមួយNEAក្នុងកម្មវិធីវេទិកាការងារផ្សេងៗនិងនៅតាមសាកលវិទ្យាល័យនិងវិទ្យាស្ថានផ្សេងៗផងដែរ។
លោកបានបន្ថែមថា៖ «ខ្ញុំមើលឃើញថា វេទិកាការងារតាមបណ្តាគ្រឹះស្ថានអប់រំនានាគឺជារបត់ថ្មីមួយក្នុងការនាំយកឱកាសការងារដល់កន្លែងសម្រាប់សិស្ស និស្សិត ពិសេសសកម្មភាពការងារដែលសម្របសម្រួលដោយNEA គឺមានលទ្ធផលល្អ និងការសហការយ៉ាងកក់ក្តៅផងដែរពីគ្រប់ភាគី ទាំងវិស័យរដ្ឋ និងឯកជន»៕