លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រកាសឱ្យសហគ្រាស និងក្រុមហ៊ុនទាំងអស់ ដែលប្រកបអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងពាក់ព័ន្ធវិស័យព័ត៌មានត្រូវមកបង់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្ម និងសុំការអនុញ្ញាតបើកជាថ្មីក្នុងករណីមិនគោរពតាម នឹងត្រូវផាកពិន័យ និងបិទអាជីវកម្មជាដើម។
លោកបានប្រកាសដូចនេះតាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី១ ខែមីនា ដោយលោកបានលើកឡើងថា ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សេវាករ ដែលប្រកបអាជីវកម្ម សេវាកម្ម ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍សហគ្រាស គ្រឹះស្ថានបោះពុម្ភផ្សាយ និងរោងពុម្ព ធៀបការ ក៏ដូចជាកន្លែងជួសជុលបរិក្ខារគ្រប់ប្រភេទ និងហាងកាហ្វេអ៊ីនធឺណិតជាដើម ត្រូវមកបំពេញបែបបទសុំការអនុញ្ញាតបើកជាថ្មី នៅឆ្នាំ២០២៤នេះ។
លោកបានឱ្យដឹងទៀតថា ដោយឡែក ប្រភេទអាជីវកម្ម និងសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមរយៈប៉ាណូ បណ្ណប្រកាស ប៉ាណូយីហោ ផ្លាកសញ្ញា ផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗតាមទីសាធារណៈ និងជាប់អគារពាណិជ្ជកម្ម ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ និងការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវតែមកបំពេញបែបបទបង់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅឆ្នាំ២០២៤នេះផងដែរ។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា៖ «ក្នុងករណីម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករទាំងឡាយណា ដែលមិនបានគោរព នឹងត្រូវអនុវត្តតាមនីតិវិធីរដ្ឋបាល ដោយធ្វើការផាកពិន័យ ឬផ្អាកជាបណ្ដោះអាសន្ន ឫបិទការធ្វើអាជីវកម្មជាស្ដាពរ»។
ដោយឡែក ចំពោះក្រុមហ៊ុន ពាណិជ្ជករ អាជីវករទាំងឡាយណា ដែលមិនមកស្នើសុំបង់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្ម សុំការអនុញ្ញាតបើកថ្មី ឬបន្តសុពលភាពលើកសផ្លាកយីហោនោះទេ រដ្ឋបាលខេត្តនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល ដោយចុះធ្វើការរុះរើនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ ដោយដាក់បន្ទុកចំណាយ និងរាល់ការខូចខាត លើម្ចាស់អាជីវកម្មជាអ្នកទទួលខុសត្រូវ។
មួយវិញទៀត ក្នុងករណីធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណីជាតិ សោភណភាព សិទ្ធិបុគ្គល និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ម្ចាស់អាជីវកម្ម សេវាកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកបានបន្តថា៖ «ដូច្នេះសូមអំពាវនាវឱ្យអាជីវករ ពាណិជ្ជករទាំងអស់ ដែលប្រកបអាជីវកម្មប្រភេទខាងលើនេះ មកបំពេញបែបបទបង់ថ្លៃសេវាផ្សព្វផ្សាយ សុំការអនុញ្ញាតបើកថ្មី ឬបន្តសុពលភាពសម្រាប់ឆ្នាំ២០២៤ នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តកែប»។
ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ច ងាយស្រួលក្នុងការគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន អាជីវករ ពាណិជ្ជករទាំងអស់ ត្រូវមកដាក់ពាក្យស្នើសុំអនុញ្ញាតមុននឹងដំណើរការ ឬសុំបន្តសុពលភាពចាប់ពីថ្ងៃជូនដំណឹងទៅដែលមានរយៈពេលកំណត់ ៦០ ថ្ងៃ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក សោម ពិសិដ្ឋ។
អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ចំពោះការអនុវត្តបែបនេះ វាស្របទៅនឹងច្បាប់ប្រកបអាជីវកម្ម ខណៈរាល់ម្ចាស់អាជីវករ និងពាណិជ្ជករ ដែលមានប្រភេទអាជីវកម្មជាប់កាតព្វកិច្ច ត្រូវតែមកបំពេញបែបបទបង់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក៏ដូចជាសុំការអនុញ្ញាតបើកអាជីវកម្មជាដើមទៅតាមច្បាប់កំណត់។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ថា អ្វីៗដែលអាជ្ញាធរធ្វើនេះ ទៅតាមគោលការណ៍ច្បាប់ ហើយប្រសិនជាការងារទាំងអស់នោះមិនដើរទៅតាមគោលការណ៍ច្បាប់នោះទេ វាអាចនឹងពិបាកគ្រប់គ្រង ហើយពិបាកថា នរណាជាប្រភេទអាជីវកម្មជាប់ពន្ធ»។
ដូច្នេះ ពាណិជ្ជករ អាជីវករទាំងអស់ ដែលប្រកបអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងវិស័យព័ត៌មាន និងសោតទស្សន៍ជាដើម គួរតែមកបំពេញបែបបទតាមការណែនាំរបស់អាជ្ញាធរ ពីព្រោះការងារនេះ មិនមែនជាការសម្រេចថ្នាក់ខេត្តនោះទេ ប៉ុន្តែវាជាការអនុវត្តតាមច្បាប់កំណត់។ នេះបើតាមការបន្ថែមរបស់លោក ហុង វណ្ណៈ៕