ភ្នំពេញៈ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ខណៈលោកកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អជាប្រពៃណីរវាងប្រទេសទាំង ២។
លោកបានបញ្ជាក់ដូចនេះ ក្នុងពេលឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់មីយ៉ាន់ម៉ា លោក ច សូ មីន (Kyaw Soe Min) ចូលជួបជូនសារតាំង និងសម្តែងការគួរសម នាវិមានព្រឹទ្ធសភា នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមខ្លឹមសារប្រកាសព័ត៌មានលើហ្វេសប៊ុករបស់ព្រឹទ្ធសភា។
ព្រឹទ្ធសភាបានឱ្យដឹងទៀតថា លោកសាយ ឈុំ បានប្រាប់ភាគីមីយ៉ាន់ម៉ា នាឱកាសនោះថា កម្ពុជានិងមីយ៉ាន់ម៉ា មានប្រវត្តិទំនាក់ទំនងជាប្រវត្តិសាស្រ្តយូរលង់មកហើយ មិនតែប៉ុណ្ណោះ ប្រទេសនិងប្រជាជនទាំង២ ក៏គោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នាផងដែរ។
លោក សាយ ឈុំ បានសាទរ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ហើយលោកជឿជាក់និងរំពឹងថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី នឹងខិតខំពង្រឹងនិងពង្រីកចំណងមិត្តភាពដ៏ល្អនេះឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោកបានបញ្ជាក់ថា ៖ «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំង២»។
យោងតាមព្រឹទ្ធសភា ជាការឆ្លើយ លោក ច សូ មីន (Kyaw Soe Min) បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អដែលមានរវាងប្រទេសទាំង២។
លោកថា៖ «តាមរយៈបេសកកម្មការទូតរបស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់តែខ្លាំងក្លាថែមទៀត»។
លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កម្ពុជា-មីយ៉ាន់ម៉ា មានទំនាក់ទំនងនយោបាយល្អធម្មតានឹងគ្នា ក៏ប៉ុន្តែទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងយោធាវិញប្រទេសទាំង២ មានការផ្លាស់ប្តូរតិចតួចជាមួយគ្នានៅឡើយ ដែលទោះបីមីយ៉ាន់ម៉ាមានវិបត្តិនយោបាយផ្ទៃក្នុងក្តី ក៏មិនសូវជះឥទ្ធិពលដល់ទំនាក់ទំនងប្រទេសទាំង២ នេះដែរ។
លោកលើកឡើងថា កន្លងមក កម្ពុជាតែងស្វះស្វែងរកដំណោះស្រាយនានាដើម្បីបិទបញ្ចប់វិបត្តិផ្ទៃក្នុងមីយ៉ាន់ម៉ា ជាពិសេសនៅអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរពេញក្នុងឆ្នាំ២០២២ ដែលបង្ហាញពីការផ្តល់តម្លៃលើទំនាក់ទំនងនេះពីសំណាក់កម្ពុជា ដោយកម្ពុជាធ្លាប់ហែលឆ្លងវិបត្តិជម្លោះផ្ទៃក្នុងដូចគ្នានេះដែរ។
លោក ស៊ឺន សម បានថ្លែងថា៖ «ក្នុងទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ា ផលប្រយោជន៍ដែលអាចផ្តល់ឱ្យគ្នានោះ គឺក្នុងនាមជាមិត្តភក្តិ បងប្អូន សមាជិកអាស៊ានតែ១ ដែលមានភាពស្និទ្ធស្នាល និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងករណីដែលត្រូវការគ្នា ពោលគឺជាការគាំទ្រគ្នាលើឆាកអន្តរជាតិ»។
លោកបានបន្តថា ៖ «មីយ៉ាន់ម៉ា កំពុងមានវិបត្តិក្នុងប្រទេស ដែលមិនអាចបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាឡើយក្នុងពេលនេះ ប៉ុន្តែជាការល្អកម្ពុជាមានមិត្ត ជាជាងមានសត្រូវ»។
ទោះជាយ៉ាងណា លោកថា ការមានទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជានិងរបបយោធាមីយ៉ាន់ម៉ានៅពេលបច្ចុប្បន្នមិនសូវជាចំណេញនិងជះផលវិជ្ជមានដល់កម្ពុជាប៉ុន្មានឡើយ នៅចំពោះមុខការបកស្រាយដោយលម្អៀងពីក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដោយសមាជិកមួយចំនួនហាក់ដាក់បន្ទុកខ្លាំងនិងដាក់សម្ពាធដល់របបយោធាមីយ៉ាន់ម៉ា ចំណែកកម្ពុជាវិញប្រើឥរិយាបថការទូតទន់ភ្លន់៕