ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ១០០ លានដុល្លារ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពទី១ ក្នុងគោលដៅគ្របដណ្តប់ទៅលើប្រជាជនប្រមាណ ៩ លាននាក់ ឱ្យទទួលបានសេវាថែទាំសុខភាពគ្រប់ៗគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤។
លោកបានលើកឡើងពីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ដោយក្នុងនោះគោលនយោបាយអាទិភាពទី១ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះត្រូវទទួលបានសេវាថែទាំសុខភាពគ្រប់ៗគ្នា។
លោកបានថ្លែងថា៖ «គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលនេះ ប្រៀបបីដូចជាគម្រោង Social Security program ដែលគេបានអនុវត្តនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាអាមេរិកជាដើម ហើយរដ្ឋត្រៀមថវិកាប្រមាណ ១០០ លានដុល្លារ សម្រាប់អនុវត្តគម្រោងនេះ»។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖«Social Security ផ្អែកទៅលើរូបមន្ត ២ ទី១ គឺរដ្ឋចេញ ១០០ ភាគរយសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រលំបាកបំផុត ឥឡូវយើងមានរៀបចំជាមូលនិធិសមធម៌ដែលហៅថា បណ្ណក្រីក្រសុខាភិបាលដោយបានផ្តល់ដល់ ៤៩ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជន ១,៨ លាននាក់ ហើយដែលបានទទួលផលពីនេះ។ រូបមន្ត ១ ទៀត គឺតាមរយៈបេឡាសន្តិសុខសង្គមគឺត្រូវបង់ភាគទាន។ ភាគទានមានន័យថា រដ្ឋជួយចេញខ្លះ»។
លោកបានបន្តថា រដ្ឋបានចេញរូបមន្តថ្មីមួយទៀត សម្រាប់អ្នកជាបុគ្គលស្វ័យនិយោជន៍មានន័យថា អ្នកប្រកបមុខរបរអាជីពដោយខ្លួនឯង ដោយបង់តែ ១៥ ៦០០ រៀល ក្នុង ១ ខែ ខណៈដែលនៅអូស្ត្រាលីអាចនឹងបង់ច្រើនជាងនេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «គិតមកដល់ថ្ងៃទី ២៩ ខែកុម្ភៈ ប.ស.ស មានសមាជិកជាមន្ត្រីរាជការជាង ៤៦ ម៉ឺននាក់ និងកម្មករនិយោជិត ១,៥ លាននាក់។ ដូច្នេះសរុបមានខ្ទង់ជាង ២ លាននាក់ទៅហើយ ដែលមានកម្មវិធីប.ស.ស។ ដោយឡែកការចុះឈ្មោះដោយស្ម័គ្រចិត្តរបស់បុគ្គលស្វ័យនិយោជន៍មាន ១៣២ ០០០ នាក់។ នេះជាជម្រើសមូលដ្ឋាន ហើយថ្ងៃក្រោយមានជម្រើសកាន់តែល្អប្រសើរជាងនេះទៀត»។
«ចង់បញ្ជាក់ថា ៩ លាននាក់ ដែលយើងចង់បាននេះគឺគាត់លែងភ័យព្រួយនៅពេលឈឺថ្កាត់ ដោយរដ្ឋមានកម្មវិធីជួយបង់ ដែលនេះជាកម្មវិធីអនុវត្តដើម្បីពលរដ្ឋយើងមានសុខភាពល្អ។ នេះជាកិច្ចការដែលយើងដាក់ចេញ»។ លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែម។
លោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី ៤ ខែមីនាថា ជាការពិតណាស់ គោលនយោបាយអាទិភាពទី១ នេះ វាមានសារៈសំខាន់ និងចាំបាច់សម្រាប់ក្រសួងសុខាភិបាល។
លោកបានបញ្ជាក់ថា៖ «វាសំខាន់ និងចាំបាច់ណាស់សម្រាប់ប្រព័ន្ធសុខាភិបាលរបស់យើង ដើម្បីឈានទៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ទាក់ទងនឹងការពង្រីក និងសម្រួលដល់ការទទួលបានការថែទាំសុខភាពសម្រាប់មនុស្សគ្រប់គ្នា ឆ្លើយតបទៅនឹង UHC (Universal Health Coverage) ដែលជាគោលដៅចុងក្រោយនៃការធានារ៉ាប់រងសុខភាពជាសកល»។
ជាមួយគ្នានេះដែរ លោក នុត សម្បត្តិ អ្នកជំនាញផ្នែកសុខាភិបាល និងសុខុមាលភាពសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងដែរថា ការត្រៀមថវិកាប្រមាណ ១០០ លានដុល្លារ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពទី១ នេះ គឺជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងវិស័យសុខុមាលភាពសង្គម។
លោកបានថ្លែងថា៖ «កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះគឺជាកម្មវិធីដ៏ល្អមួយ ខណៈដែលយើងមានធនធានមនុស្ស និងធនធានបញ្ញាស្រាប់។ យ៉ាងណាមិញបើមានទាំង ២ នេះហើយ តែយើងគ្មានថវិកាសម្រាប់ទ្រទ្រង់យើងក៏មិនអាចសម្រេចជោគជ័យបានដែរ ព្រោះថាថវិកាជាកត្តាជំរុញឱ្យមានធនធានបច្ចេកទេស»៕