​ភ្នំពេញៈ ក្រសួងបរិស្ថាន​បាន​បានឱ្យដឹងថា ការជំរុញកសាង​សមត្ថភាព​សហគមន៍​មូលដ្ឋាន​ទៅលើ​មុខរបរឱ្យមាន​ភាពជឿជាក់ និង​អាច​ម្ចាស់ការ​លើ​ខ្លួនឯង​បានជា​រឿង​សំខាន់បំផុត ក្នុងការ​រួមចំណែក​ការពារ​ធនធានធម្មជាតិ​។

លោក ជា ​សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ផែនការ​យុទ្ធសាស្ត្រ​ ៥ ​ឆ្នាំ​របស់​អង្គការ​រី​ខូ​ហ្វ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ​៤ ខែមីនា នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​ប្រភព​ដដែល​បាន​លើកឡើងថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ អង្គការ​រី​ខូ​ហ្វ បាន​ផ្តល់នូវ​កិច្ចការងារ និង​បទពិសោធន៍ ជាច្រើន​ដល់​សហគមន៍​មូល​ដ្ឋា​ន ជាពិសេស​ការងារ​អភិរក្ស​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ និង​ការប្រមូល​ផល​អនុផល​ព្រៃឈើ នៅក្នុង​សហគម​ន៍ រួមទាំង​ការបង្កើន​ជីវភាព​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន​ផងដែរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ តម្រូវការ​ចាំបាច់​រប​ស់​សហគមន៍​មូលដ្ឋាន​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​លើ​ការគាំទ្រ​ផ្នែក​ជីវភាព នៅមានកម្រិត និង​មិនទាន់​ឆ្លើយ​តប​តម្រូវការ​បាន​នៅឡើយ​។​

​លោក​បន្ថែមថា តម្រូវការ​គាំទ្រ​ផ្នែក​ជីវភាព​របស់​សហគម​ន៍​កាន់តែ​ធំ ចំណែក​តំបន់​អភិរក្ស​ធនធានធម្មជាតិ​កាន់​តែមាន​កម្រិត និង​កំពុងតែ​មានការ​ប្រឈម​ជាច្រើន ទៅលើ​វិស័យ​ផ្សេងៗ​ទៀត​។ ហេតុនេះ ការគិតគូរ​ឱ្យ​ខ្ពស់​ទៅលើ​សកម្ម​ភាព​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន​គឺជា​រឿង​ចាំបាច់​។ ចាំ​​បាច់​នៅត្រង់ថា ត្រូវធ្វើ​ដូចម្តេច​ឱ្យ​ទិដ្ឋភាព នៃ​មុខរបរ​ផ្សេងៗ​ទៀត នៅក្នុង​សហគមន៍​អាចធ្វើ​ទៅបាន ពិសេស​គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​អាចមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ទៅលើ​ការប្រកបមុខរបរ​។​

​លោក​ថ្លែងថា​៖ «​បើសិនជា​ជីវភាព​របស់គាត់ បាន​ឆ្លងកាត់​ទៅលើ​ការ​មាន​ការងារ​ត្រឹមត្រូវ គាត់​នឹង​សម្លឹង​ឃើញ​នូវ​ភាព​ចាំបាច់ ក្នុងការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​នៅ​មូលដ្ឋាន​របស់គាត់ តែបើ​ជីវភាព​របស់គាត់​រួញ​ហើយ​ធាត់​[​ដោយសារ​ធនធានធម្មជាតិ​] គាត់ មើលឃើញ​ធនធានធម្មជាតិ​នៅ​មូលដ្ឋាន​របស់គាត់​ជា​តម្រូវការ​ចាំបាច់​រប​ស់គា​ត់​»​។​

​លោក​បាន​បញ្ជាក់ថា កន្លង​​មក​បទល្មើស​ធនធាន​ធម្មជាតិ ដែល​កើតឡើង ភាគច្រើន​គឺ​អ្នក​នៅ​មូលដ្ឋាន​ជា​អ្នកប្រព្រឹត្ត​ដោយផ្ទាល់ តួយ៉ាង​ដូចជា​ការ​កាប់​រាន​ដីព្រៃ និង​ការចូល​ព្រៃ​កាប់​ឈើ​ជាដើម ដែល​សកម្ម​ភាព​ទាំងនោះ ពេលខ្លះ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​មិនបាន​យល់ថា នោះ​ជាការ​បម្រើ​ប្រយោជន៍​ដល់​អ្នកមាន​លុយ ហើយ​ធ្វើឱ្យ​ហិនហោច​ធនធានធម្មជាតិ​នោះទេ ព្រោះ​ចំណូល​ដែល​បានមកពី​សកម្មភាព​ទាំងនោះ ជា​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​ពួកគាត់​។​

លោក Markus Bueril នាយក​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិ​​ការ​ស្វ៊ី​ស (SDC) មានប្រសាសន៍ថា កម្ពុ​ជាមាន​ភាព​ងាយ​រង​​គ្រោះ​ក្នុង​ហានិភ័យ​ផ្នែក​បរិ​យា​កាស ដោយសារ​ធនធាន​ផ្សេងៗ ក៏ដូចជា​បរិស្ថាន ពឹង​ផ្អែកលើ​ធម្មជាតិ​ជាច្រើន​។ ជាក់ស្តែង​នៅ​តំបន់​ដាច់​ស្រ​​យា​ល​ជាច្រើន សមត្ថភាព​សហគមន៍​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅមានកម្រិត ហេតុនេះ​ការកាប់បំផ្លាញ​ព្រៃឈើ ការ​សឹករេចរឹល​ព្រៃឈើ ធ្វើឱ្យ​កាន់​តែមាន​ការបាត់បង់​ធនធានធម្មជាតិ ហើយ​ការប្រែប្រួល​អាកាសធាតុ​កាន់តែ​កើនឡើង​។​

​លោក​ថ្លែងថា​៖ «​ផែនការ​យុទ្ធសាស្ត្រ​ ២០២៣-២០២៨ ដែល​យើង​កំពុង​សម្ពោធ និង​ផ្សព្វផ្សាយ​នៅថ្ងៃនេះ នឹង​ជួយ​ពង្រឹង​ស្ថាប័ន​ផ្សេងៗ ជាពិសេស ផ្នែក​និរន្តរភាព​ហិរញ្ញវត្ថុ និង​ផ្នែក​បរិស្ថាន​ដើម្បី​ផ្តល់​សិទ្ធិអំណាច ក៏ដូចជា​កសាង​សមត្ថភាព​ដល់​ក្រុម​អ្នករងគ្រោះ​ដើម្បីឱ្យ​កាន់​តែ​ទទួលបាន ក៏ដូចជា​គ្រប់​​គ្រង​ទៅលើ​ព្រៃឈើ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​»​។ 

​លោក​បន្តថា ផែនការ​យុទ្ធ​សាស្ត្រ​នេះ មានបំណង​ក្នុងការ​ផ្តល់នូវ​ជម្រើស​ជីវភាព​រស់នៅ ដែលមាន​លក្ខណៈ​ជា​បរិ​យាប​ន្ន បង្កើន​សមត្ថភាព​រប​ស់​សហ​គម​ន៍​ឱ្យមាន​ភាព​ធន់ និង​ទទួលបាន​អត្ថប្រយោជន៍ ពី​ព្រៃឈើ​តាម​លក្ខណៈ​សមរម្យ​។​

​លោក​ថា គោលបំណង​នេះ​គឺ​ស្របគ្នា ជាមួយនឹង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​ភាព ដែល​ផ្តោតលើ​កម្មវិធី​ ៣ ​សំខាន់​គឺ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​បរិ​យាប​ន្ន ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល ទី​២ ​គឺ​អភិបាលកិច្ច និង​ការចូលរួម​របស់​ពល​រដ្ឋ ដោយ​ធ្វើការ​ជាមួយ​ទាំង​រាជរដ្ឋាភិបាល ដើម្បី​កែលម្អ​សេវា ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ទន្ទឹម​នោះ​ដើម្បី​ប្រជាពលរដ្ឋ​អាច​ចូលរួមចំណែក​ក្នុង​ការកែលម្អ​រដ្ឋាភិបាល វិញ​ផងដែរ​។ ចំណែក​ទី​៣ គឺ​បម្រែបម្រួល​អាកាស​ធាតុ ដែល​ផ្តោតលើ​ការលំបាក​សំខាន់ៗ ដែលមាន​នៅក្នុង​តំបន់​ទន្លេមេគង្គ សំដៅ​ការ​​គ្រប់គ្រង​ទឹក ក៏ដូចជា​ព្រៃឈើ និង​ប្រើប្រាស់​ឱ្យមាន​និរន្តរភាព​។​

​លោក​បានឱ្យដឹងថា ភាពជា​ដៃគូ​សម្រាប់​ធនធានធម្មជាតិ ជាមួយនឹង​សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​នៅ​កម្ពុជា គឺ​អង្គការ​បានធ្វើការ​ជា​​មួយ​រាជរដ្ឋាភិបាល តាំងពី​ឆ្នាំ​ ២០១៤ រហូតដល់​ឆ្នាំ ​២០២៣ ដែល Recoftc បាន​គាំទ្រ​ដល់​រហូតដល់​ ១៩៥ នៃ​សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ ក៏ដូចជា​ក្រុម​អ្នកធ្វើការងារ​នៅ​តំបន់ការពារធម្មជាតិ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​គ្រប់គ្រង​ជាង ​២០០ ​ពាន់​ហិកតា នៃ​ផ្ទៃដី​ព្រៃឈើ​ដែល​ផ្តល់​ប្រយោជន៍ ដល់​ប្រជាជន​លើសពី ៣៥​ ពាន់​នាក់ ហើយ​យើង​នឹង​បន្ត​ការគាំទ្រ​ថែមទៀត​ក្នុងការ​កសាង​សមត្ថភាព​ស្ថាប័ន​ថ្នាក់​តំបន់​នេះ តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី ២០២៣-២០២៨»​។

បើតាម​លោក Markus Buerli  ​មួយផ្នែក​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ គឺ​អង្គការ រី​ខូ​ហ្វ​នឹង​សហ​​ការសម្របសម្រួល​អនុ​វត្ត​ន៍​ការងារ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមមាន ស្ថាប័នរដ្ឋ វិស័យ​ឯកជន​នានា និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដើម្បី​សម្រេច​លទ្ធផល​ដែលមានដូចជា ការ​​លើកកម្ពស់​ជីវភាពរ​ស់​នៅ ការ​ស្តារ​តំបន់​ទេសភាព​ព្រៃឈើ ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការជំរុញ​ឱ្យមាន​សមភា​ព​យេនឌ័រ និង​បរិ​យាប​ន្ន​សង្គម​៕