ត្បូងឃ្មុំៈ លោក ខ្វៃ អាទិត្យា មន្ត្រីនាំពាក្យរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រជាពលរដ្ឋក្មេងចាស់ជាច្រើននាក់បានមកលេងកម្សាន្តក្នុងថ្ងៃសម្រាកចុងសប្តាហ៍ នៅក្នុងតំបន់ឧទ្យានទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤។
លោកបានឱ្យដឹងនៅថ្ងៃទី ៤ ខែមីនាថា៖ «យោងតាមមន្ត្រីរដ្ឋបាលស្រុកអូររាំងឪនៅថ្ងៃអាទិត្យ ទី ៣ ខែមីនា មានប្រជាពលរដ្ឋភាគច្រើនជាកុមារចំនួនប្រមាណ ១ ម៉ឺននាក់ បានមកជិះទោងកម្សាន្ត និងលេងក្នុងតំបន់ឧទ្យានទន្លេស្ងួតដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកស្រី កាលពីថ្ងៃទី ១ មីនា កន្លងទៅ»។
លោកបានលើកឡើងដែរថា តំបន់ជិះទោងកម្សាន្តនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំតំបន់ទេសភាព ការដាំផ្កាស្បៃរឿង ១ លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនាគត គម្រោងអភិវឌ្ឍន៍ឧទ្យានទន្លេស្ងួតនឹងជួយតំបន់ទន្លេស្ងួតដែលពីមុនមានភាពស្ងប់ស្ងាត់ឱ្យក្លាយជាកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ ។
លោក ខ្វៃ អាទិត្យា បានថ្លែងថា៖ «ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី ១៤ ហិកតា នឹងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្ត បែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ»។
បើតាមអ្នកនាំពាក្យដដែល កន្លែងកម្សាន្តនេះមានដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និងបាល់ទាត់) កន្លែងធម្មជាតិ តំបន់ វប្បធម៌ ប្រវត្តិសាស្ត្រ ព្រៃឈើ ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្ត្រ ផងដែរ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងក្នុងពិធីសម្ពោធឱ្យប្រើប្រាស់តំបន់ឧទ្យានទន្លេស្ងួតនេះកាលពីថ្ងៃទី ១ ខែមីនា ដោយលោកបានថ្លែង អំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលបានសម្របសម្រួលដល់ក្រុមការងារជំនាញ និងសប្បុរសជននៃប្រទេសកាណាដាក្នុងការសម្រេចបានលទ្ធផលជោគជ័យលេចចេញជារូបរាងឡើងនូវតំបន់ឧទ្យានទន្លេស្ងួតនេះសម្រាប់ពលរដ្ឋកម្សាន្ត។
បើតាមលោក ខ្វៃ អាទិត្យា នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងខែមេសា ឆ្នាំ ២០២៤ ខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនឹងរៀបចំជាសង្ក្រាន្តឆ្នាំថ្មីដើម្បីទទួលទេវតាឆ្នាំថ្មី និងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទីនៅតំបន់ទន្លេស្ងួតដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ចំណាស់ ស្ថិតនៅក្បែរតំបន់ប្រាសាទបុរាណ វត្តព្រះធាតុបាស្រី ទីទួលបុរាណ និងកន្លែងសក្ការបូជាជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានស្វាគមន៍ចំពោះការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មី ទោះជានៅតំបន់ណាក៏ដោយ សម្រាប់តម្រូវការពលរដ្ឋនៅមូលដ្ឋាន និងអ្នកទេសចរ។
លោកបានបន្តថា នៅពេលមានទីតាំងផលិតផលទេសចរណ៍ថ្មីៗ ប្រាកដណាស់ផ្តល់ចំណូល និងសេដ្ឋកិច្ចដល់ពលរដ្ឋនៅក្នុងសហគមន៍នោះ។ សូមរំឭកដែរថា កាលពីឆ្នាំមុន លោក អ៊ាង សុផល្លែត បានរៀបចំដាំផ្កាស្បៃរឿងចំនួន ១ លានដើម ដុះរីកស្គុសស្គាយលឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរមកពីគ្រប់ទិសទីចូលទស្សនា និងលម្ហែកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗនៅទីតាំងទន្លេស្ងួត។
បន្ទាប់មកទៀត លោកបានឱ្យដាំដើមព្រីង និងឫស្សីផ្អែមដើម្បីផ្តល់ជាម្លប់ និងបង្កើនភាពបៃតងរយៈពេលវែង ជាពិសេសផ្តល់ជាផល សម្រាប់ប្រជាជននៅតំបន់នេះអាចដកហូតធ្វើម្ហូបអាហារពិសាហើយអាចដកហូតយកទៅធ្វើសម្ភារប្រើប្រាស់ផ្សេងៗនៅពេលខាងមុខ។ មិនតែប៉ុណ្ណោះ លោក អ៊ាង សុផល្លែត ក៏បានដំឡើងអំពូលសូឡាជាង ១០០ បង្គោល នៅជុំវិញតំបន់ទន្លេស្ងួតសម្រាប់បំភ្លឺនៅពេលយប់ទៀតផង៕