ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើដល់អ្នកវិនិយោគ ដែលបានបណ្តាក់ទុន ឬមានបំណងវិនិយោគលើវិស័យល្បែងស៊ីសងនៅកម្ពុជា មេត្តាយោគយល់ ដោយសារកម្ពុជាមិនចង់ឱ្យមានការវិនិយោគបែបនេះទេ ព្រោះវាមិនមានផលចំណេញទៅដល់ប្រជាពលរដ្ឋ តែនាំផលវិបាកសម្រាប់សង្គមកម្ពុជាទៅវិញ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងឱកាសលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត សហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃទី ៣ ខែមីនា។
លោកថ្លែងថា៖ «រឿងល្បែង ខ្ញុំបានបញ្ជាឱ្យផ្អាកចេញអាជ្ញាប័ណ្ណ ហើយកំពុងពិនិត្យមើល ដើម្បីកាត់បន្ថយ ឬលុបអាជ្ញាប័ណ្ណវាអត់ចំណេញទេ គោលដៅរបស់យើង គឺត្រូវពង្រាយរោងចក្រ ពង្រាយការងារ បង្កើតចំណូលទៅដល់ប្រជាពលរដ្ឋ អត់មានទៅពង្រីកទីតាំងល្បែងទេ ទោះជាស្របច្បាប់ក៏ដោយលុបចោលទៅវាអត់ចំណេញទេ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពទៅលើគោលនយោបាយពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណល្បែងពាណិជ្ជកម្ម ដើម្បីឈានដល់ការសម្រេចបិទរួចហើយចាប់ផ្តើមពង្រាយរោងចក្រវិញ។
លោកមានប្រសាសន៍ថា៖ «ដូចខ្ញុំនិយាយអ៊ីចឹង ត្រូវការពង្រាយរោងចក្រ ត្រូវការពង្រាយការងារ ត្រូវការពង្រាយអាជីវកម្ម ដែលយកលុយចូលហោប៉ៅប្រជាជន។ កុំយកអីដូចជាល្បែងនេះ ទៅឱ្យប្រជាជន វាអត់ចំណេញទេ ធ្វើឱ្យលំបាក វាផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
ជុំវិញការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម នៅថ្ងៃទី ៤ ខែមីនា បានថ្លែងគាំទ្រចំពោះការហាមប្រាមមិនឱ្យមានល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការបើកកាស៊ីណូដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ គួរតែបន្ត។
លោក ជ័យ តិច បញ្ជាក់ថា៖ «ការបិទល្បែងឡូតូ កន្ទុយលេខ និងហាមប្រាមពលរដ្ឋមិនឱ្យចូលលេងនៅក្នុងកាស៊ីណូ គឺជារឿងល្អ តែបើការបើកកាស៊ីណូ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ រាជរដ្ឋាភិបាលគួរតែបន្ត ដើម្បីរួមចំណែកដល់ការលើកស្ទួយដល់ការងារ ទេសចរណ៍ និងសេដ្ឋកិ្ចរបស់កម្ពុជាផងដែរ ប៉ុន្តែត្រូវធ្វើឡើងស្របទៅតាមច្បាប់របស់កម្ពុជា»។
ជាមួយគ្នានោះ លោកក៏បានលើកឡើងផងដែរថា ទោះបីជាកន្លងមកមានការហាមប្រាមពលរដ្ឋចូលលេងល្បែងនៅក្នុងកាស៊ីណូ និងឆ្នោតមួយចំនួនក្តី ប៉ុន្តែការចូលរួមលេងលួចលាក់ពីសំណាក់ពលរដ្ឋនៅតែមាន។ ដូច្នេះ គួរតែអនុវត្តច្បាប់ឱ្យបានតឹងរុឹង និងហ្មត់ចត់ព្រោះបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឱ្យមានចោរកម្មនៅក្នុងសង្គម ជម្លោះគ្រួសារ និងមានភាពអសកម្មផ្សេងៗនៅក្នុងសង្គមកម្ពុជា។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី ៤ ខែមីនាថា គិតពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បានចំនួន ៣០០ ទីតាំង លើ ១៩ រាជធានី-ខេត្ត ដោយឃាត់ខ្លួនមនុស្សសរុបបានចំនួន ៤៩៦ នាក់។ ក្នុងចំណោមទាំង ៣០០ ទីតាំង ដែលបង្ក្រាបបាននោះ សមត្ថកិច្ចបានចាត់វិធានការច្បាប់ចំនួន ៦៩ ទីតាំង លើ ១៥ រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យចំនួន ១៩៤ នាក់។
ក្នុងចំណោមសំណុំរឿង ៦៩ ទីតាំង ដែលបញ្ជូនទៅតុលាការនេះក៏មាន Game Online ខុសច្បាប់ចំនួន ១ ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្មឬអាជ្ញាប័ណ្ណចំនួន ៧ ទីតាំង ត្រូវបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១ នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន ៦១ ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥៧ នាក់។
នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ប្រភពដដែលឱ្យដឹងទៀតថា ក្រៅពីការចាត់វិធានការច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរលើសំណុំរឿងទាំង ៣០០ ទីតាំងដែលត្រូវបានបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន ២៣១ ទីតាំង លើ ១០ រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្ត លើមនុស្សចំនួន ៣៣៩ នាក់។
សូមបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រីកាលពីដើមអាណត្តិទី ៧ រួមមាន៖បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើងការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោក និងទឹក៕