ភ្នំពេញៈ ក្រុមហ៊ុនអន្តរជាតិមួយចំនួនបានបង្ហាញពីគោលបំណងចង់មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះរួមមាន គម្រោងបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ការដាំនិងកែច្នៃដំណាំស្ពៅ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជាជាដើម។
ការលើកឡើងពីគោលបំណងនៃការចង់មកធ្វើវិនិយោគរបស់បណ្តាក្រុមហ៊ុនអន្តរជាតិទាំងនោះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី ៤ ខែមីនា។ អ្នកវិភាគសេដ្ឋកិច្ច សមាគម និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសាទរ និងសម្តែងនូវការស្វាគមន៍ ចំពោះគោលបំណងនៃការចង់មកវិនិយោគទាំងនេះ។
ក្នុងជំនួបពិភាក្សាការងារនាឱកាសនោះលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើយោងតាមលទ្ធផលនៃជំនួបដែលបានផ្សព្វផ្សាយតាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត។
លោក Paul Serra បានលើកឡើងថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្ត្រាលីទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។ ព្រមគ្នានេះដែរ លោកបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គិសនី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទិកល្អប្រសើរផងដែរ។
ផ្អែកលើសក្ដានុពលទាំងនេះ លោក Paul Serra បញ្ជាក់ថា៖ «ក្រុមហ៊ុន [លោក] មានចំណាប់អារម្មណ៍ ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគ របស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនក្រុមហ៊ុនវិញដែរថា៖ «វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែក បច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្ម នៅតាមមូលដ្ឋាន»។
លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ទាក់ទងនឹងគម្រោងនៃការបង្កើតរោងចក្រកែច្នៃអង្ករ នៅកម្ពុជានេះ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងថា លោកពិតជាមានក្តីរំភើប នៅពេលដែលឮ ថា មានក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសធំៗ ក៏ដូចជាប្រទេសមហាអំណាចចាប់អារម្មណ៍ពីវិស័យស្រូវអង្កររបស់កម្ពុជា។
លោកថ្លែងថា៖ «នេះគឺជាព័ត៌មានដ៏ល្អសម្រាប់កម្ពុជា ហើយខ្ញុំពិតជារំភើបណាស់ចំពោះដំណឹងនេះ។ ជំនួបនេះពិតជាពិសេស ហើយរឹតតែប្រសើរក្នុងការជួយដាស់ និងពញ្ញាក់ក្រុមហ៊ុន SunRice ឱ្យងាកមើលប្រទេសកម្ពុជាជាប្រទេសសក្តានុពលមួយក្នុងការចាប់ជាដៃគូ ក្នុងការវិនិយោគលើវិស័យស្រូវអង្ករនេះ»។
តាមពិតក្រុមហ៊ុន SunRice ធ្លាប់បានសិក្សាពីការបង្កើតរោងចក្រនៅកម្ពុជាម្តងរួចមកហើយក្នុងអំឡុងមុនមានការផ្ទុះឡើងនូវវិបត្តិកូវីដ ១៩ ប៉ុន្តែត្រូវបានខកខានវិញដោយសារវិបត្តិនៃជំងឺសកលមួយនេះ។
លោក ចាន់ សុឃាំង បានលើក ឡើងទៀតថា នេះគឺជាជំហានមួយថ្មីទៀត ក្នុងការជំរុញវិស័យស្រូវអង្ករកម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត និងការបើកទីផ្សារទៅដល់ប្រជាកសិករ។
លោកបានបញ្ជាក់ថា៖ «ក្នុងរយៈពេល ១ ខែចុងក្រោយនេះ យើងឃើញថា មានការចាប់អារម្មណ៍ខ្លាំងពីក្រុមហ៊ុនខ្នាតយក្សនៅក្នុងពិភពលោកលើវិស័យស្រូវអង្ករយើងនេះ ឃើញមានក្រុមហ៊ុន SunRice របស់ប្រទេសអូស្ត្រាលី និងមានក្រុមហ៊ុននៅប្រទេសសិង្ហបុរី មួយទៀត ដែលចាប់អារម្មណ៍លើការវិនិយោគវិស័យស្រូវ អង្កររបស់កម្ពុជាយើង»។
ដោយឡែក នៅថ្ងៃដដែលនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជួបជាមួយនឹងលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។
ក្នុងឱកាសនោះប្រធានក្រុមហ៊ុននេះបានលើកឡើងពីសកម្មភាពអាជីវកម្មរបស់ខ្លួនដោយផ្ដោតលើការដាំដុះដំណាំស្មៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន (Biogas)។
លោកបានលើកឡើងថា ដំណាំស្មៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាសផងដែរ។
លោក Tanachat Pochana បានបញ្ជាក់ថា ស្ថានភាពដីកសិកម្មនៅកម្ពុជាមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។ លោកបានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំស្មៅនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត ថ្លែងថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងថ្មីដើម្បីផលិតថាមពលអគ្គិសនីគឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា មានក្រុមហ៊ុនមួយចំនួនរបស់អូស្ត្រាលីធ្លាប់បានវិនិយោគនៅប្រទេសកម្ពុជារួចហើយ។ ដូចនេះប្រទេសអូស្ត្រាលីបានដឹងពីច្បាប់ទម្លាប់ និងបរិយាកាសនៃការវិនិយោគនៅកម្ពុជាមួយចំនួនធំរួចហើយដែរ។
លោកបានបន្តថា៖ «អ៊ីចឹង សម្រាប់ក្រុមហ៊ុនថ្មីដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជានេះ ខ្ញុំគិតថា មិនពិបាកក្នុងការស្វែងយល់ និងសម្រេចចិត្តក្នុងការវិនិយោគនោះទេ។ មួយវិញទៀត បើគម្រោងនេះក្លាយជាការពិតក្នុងឆន្ទៈឬចំណាប់អារម្មណ៍របស់អូស្ត្រាលីមកលើកម្ពុជានេះ ខ្ញុំគិតថា វាឆ្លើយតបនឹងគោល នយោបាយកំណែទម្រង់វិស័យកសិកម្មដែលជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ»។
លោក ហុង វណ្ណៈ បានបន្ថែមទៀតថា ការវិនិយោគទាំងនេះជួយរួមចំណែក ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាច្រើនណាស់និងបង្កើតការងារជាច្រើនសម្រាប់យុវជន និងពលរដ្ឋខ្មែរផងដែរ។ចំណែក លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែមីនាថា ដូចដំណើរទស្សនកិច្ចទៅតាមបណ្តាប្រទេសមុនៗដែរ គោលបំណង ២ ធំៗរបស់លោកនាយករដ្ឋមន្ត្រី គឺការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការផ្នែកការទូតនិងការស្វះស្វែងរកអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា រួមនឹងការទាក់ទងទេសចរផងដែរ។
លោកបានថ្លែងថា៖ «ទាំងនេះជាកិច្ចការការទូតសកម្មរបស់សម្តេចធិបតីរយៈពេលចុងក្រោយនេះ។ អ៊ីចឹង! នៅពេលដែលជួបជាមួយនឹងអ្នកវិនិយោគធំៗ លោកតែងតែជម្រាបជូនពីឱកាសនៃការវិនិយោគនៅកម្ពុជា ដែលកម្ពុជាមានសុខសន្តិភាព មានច្បាប់វិនិយោគដែលអំណោយផល ជាប្រទេសកំពុងអភិវឌ្ឍន៍ទៅមុខដែលទាំងនេះជាឱកាសសម្រាប់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាយើង»។
លោក ប៉ែន បូណា បានបន្ថែមថា ការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលគឺទទួលបានលទ្ធផល ផ្លែផ្កាដូចលោក [ហ៊ុន ម៉ាណែត] ធ្លាប់បានបញ្ជាក់កន្លងមកថា ក្នុងរយៈពេល ៦ ខែកន្លងមកមានគម្រោងវិនិយោគធំៗជាច្រើនបានចុះឈ្មោះនៅ CDC ដែលនេះជាលទ្ធផលជាក់ស្តែង។
នារសៀលថ្ងៃទី ៤ មីនា ដដែលនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជួបជាមួយនឹងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ Aegros និងក្រុមហ៊ុន Freshstart Logistics ផងដែរ។
ប្រធានក្រុមហ៊ុននេះលើកឡើងថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដា ប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទិក ខ្សែច្រវាក់ផ្គត់ផ្គង់និងឃ្លាំងស្តុកទំនិញជាដើម។
ចំណែកក្រុមហ៊ុន Aegros ជាបុត្រសម្ព័នមួយនៃ Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យ សុខាភិបាល។បន្ថែមលើនេះ លោក Daniel Phillips ថ្លែងពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទិក ថាមពល និងវិស័យសុខាភិបាលផងដែរ។
លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល៕