សាធារណរដ្ឋប្រជាមានិតចិន ជួយជួសជុលកែលម្អអគារមិត្តភាពរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៥៣,២ លានយន់ ឬស្មើនឹងជាង ៧ លាន ៣ សែនដុល្លារ អាមេរិក ក្រោយអគារនេះ ដាក់ឱ្យប្រើប្រាស់ជាង ១៤ ឆ្នាំ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា សាទរ និងចាត់ទុកនេះ ជាជំនួយដែលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ បន្ថែមទៀតស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
ជំនួយជួសជុលអគារនេះ ភាគីកម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង កាលពីថ្ងៃទី៤ ខែមីនាក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ZhongJie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។ នេះបើយោងតាមខ្លឹមសារប្រកាសព័ត៌មាននៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក វង្សី វិស្សុត បានលើកឡើងថា ភាគីចិនតែងតែផ្តល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសមកដល់កម្ពុជា ជាបន្តបន្ទាប់ ហើយលោកក៏រំពឹងដែរថាមិត្តចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតលើគ្រប់វិស័យនាពេលអនាគត ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
លោកបានថ្លែងថា៖ «កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រយ៉ាងយូរណាស់មកហើយ ដោយត្រូវបានបុកគ្រឹះនិងកសាងឡើងដោយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន និងរីកចម្រើនស្គុសស្គាយដោយ សម្តេចតេជោ ហ៊ុន សែន»។
លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកជំនួយជួសជុលអគាររបស់ភាគីចិននេះបង្ហាញរូបភាពល្អពីមិត្តភាពកម្ពុជានិងចិន ខណៈចិនតែងជួយជ្រោមជ្រែងកម្ពុជាទៅលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារធំៗ សំខាន់ៗ។
លោកបានប្រាប់ឱ្យដឹងថា៖ «អគារមិត្តភាពនៅទីស្តីការគណៈរដ្ឋមន្ត្រីជាជំនួយរបស់ចិនស្រាប់ដែលជាអ្នកសាងសង់ ដែលការផ្តល់ជំនួយជួសជុលបន្ថែមទៀត ជាការបន្តនិរន្តរភាពសម្រាប់អគារហ្នឹង ហើយក៏បញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិនផងដែរ ដែលជួយទាំងការសាងសង់ និងថែទាំអគារ ដូចជាថែទាំទំនាក់ទំនងទ្វេភាគីដូច្នេះដែរ»។
សូមជម្រាបជូនដែរថា អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីគឺជាអគារដែលបានសាងសង់ឡើងក្រោមជំនួយរបស់ចិនដែលមានកម្ពស់ ៤០ ម៉ែត្រ ឬស្មើនឹង ៧ ជាន់ ជាសាលសន្និសីទជាតិ និងអន្តរជាតិ ជាកន្លែងទទួលភ្ញៀវ ការិយាល័យ និងជាកន្លែងសម្របសម្រួលដោះស្រាយបញ្ហានានា។
អគារនេះ កសាងក្នុងទំហំទឹកប្រាក់ប្រមាណ ៣២,៩ លានដុល្លារ ចាប់កសាងឡើងអំឡុងឆ្នាំ២០០៨ ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០១០ ដំណាលគ្នានឹងវិមានសន្តិភាព ឬអាគារនាយករដ្ឋមន្ត្រី ដែលទទួលជំនួយចិនដូចគ្នា៕