​ក្រសួងបរិស្ថាន នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ន័​រ​វែ​ស​ ក្នុងការ​ពង្រឹងសមត្ថភាព​មូលដ្ឋាន​ សម្រាប់​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​តំបន់​អាស៊ាន​ដំណាក់កាល​ទី​២ (ASEANO2) ដែល​ការអនុវត្ត​នេះ ស្របទៅនឹង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​របស់​ក្រសួងបរិស្ថាន​។​

ការចាប់ផ្ដើម​អនុវត្ត​នេះ​ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​មួយ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​ ដោយ​លោក សាន វណ្ណ​ទី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងបរិស្ថាន និង​លោក KjellTormodPettersen​អគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ន័​រ​វែ​ស​ប្រចាំ​អាស៊ាន រួម​នឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​ផងដែរ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន បានឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤​។​

លោក សាន វណ្ណ​ទី បានលើកឡើង​ពី​គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ន័​រ​វែ​ស​ក្នុងការ​ពង្រឹងសមត្ថភាព​មូលដ្ឋាន​សម្រាប់​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​តំបន់​អាស៊ាន​ដំណាក់កាល​ទី​២ (ASEANO 2) ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ត្រូវបាន​ជ្រើសរើស​ជាទី​តាំង​អនុវត្ត​។​

លោក​ថ្លែងថា​៖ «​ការចាប់ផ្តើម​អនុវត្ត​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ន័​រ​វែ​ស​ក្នុងការ​ពង្រឹងសមត្ថភាព​មូលដ្ឋាន​សម្រាប់​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​តំបន់​អាស៊ាន (ASEANO 2) គឺ​ស្របទៅនឹង​អាទិភាព​របស់​ក្រសួងបរិស្ថាន ជាពិសេស​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​២០២៣-២០២៨»​។​

​ទ​ន្ទឺ​ម​នេះ លោក​ក៏បាន​លើកឡើង​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុង​កាត់បន្ថយ​ប្រើ​ប្លា​ស្ទិ​ក តាមរយៈ​ការធ្វើ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​និង​«​យុទ្ធនាការ​ផ្ទៃ​ទឹកស្អាត កាត់បន្ថយ​ការបំពុល​ក្នុង​ផ្ទៃ​ទឹក ដើម្បី​សុខភាព​ប្រជាជន​» ដែល​ទើបនឹង​ប្រកាស​ចាប់ផ្តើម​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពីដើម​ខែមីនា​ថ្មី​នេះ​។​

តាមរយៈ​យុទ្ធនាការ​ទាំងនេះ លោក KjellTormodPettersen​ក៏បាន​គាំទ្រ ចំពោះ​កិច្ច​ផ្តួចផ្តើម​របស់​ក្រសួងបរិស្ថាន និង​បាន​សាទរ​ដល់​ការជោគជ័យ​របស់​ក្រសួងបរិស្ថាន អំពី​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដែល​បាន​ចូលរួម​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​ប្រទេស​កម្ពុជា និង​ឈានទៅដល់​ថ្នាក់​តំបន់​ផងដែរ​។​

​លោក​ថ្លែង​បញ្ជាក់ថា​៖ «​ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​ក បាន​បំពុល​ដល់​បរិស្ថាន​នៅលើ​ភពផែនដី សំខាន់​នៅលើ​ដី ក្នុង​ដី ក្នុង​ទឹក ដែល​វា​ត្រូវការ​ពេលវេលា​ជាច្រើន​រយ​ឆ្នាំ ដើម្បី​ធ្វើការ​បំបែក​សំណល់​ប្លា​ស្ទិ​ក ដែលជា​សារធាតុ​ដែល​មិន​ងាយ​នឹង​ពុកផុយ ឬ​រលួយ​បាន​ដោយ​ងាយ​នោះទេ​»​។​

លោក​បាន​បន្ថែមថា ដូច្នេះ​ចំណោទបញ្ហា​បរិស្ថាន​នៅលើ​ពិភពលោក បានធ្វើឱ្យ​មានការ​បម្រែបម្រួល​អាកាសធាតុ និង​ការបំពុល​បរិយាកាស​នៅក្នុង​តំបន់ ខណៈ​ការបំពុល​បរិយាកាស​នេះ វា​ធ្វើឱ្យ​ប្រទេស​មួយចំនួន​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​។​

ដោយឡែក លោក យុន លីន​ណេ អភិបាលរង​ខេត្តសៀមរាប​បានលើកឡើង​ដែរ​ថា ខេត្តសៀមរាប ជា​ខេត្ត​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌ ដែលមាន​ប្រាសាទបុរាណ​ដ៏​ល្អ​ប្រណីត មាន​ប្រាសាទអង្គរវត្ត ជា​ដួងព្រលឹង​ជាតិ ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​ត​ភ្ជាប់​ទៅ​បឹង​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។

 បន្ថែម​ពីនេះ លោក​ថា លក្ខខណ្ឌ​ជីវ​ភូមិសាស្ត្រ​នៃ​បឹង​ទន្លេសាប ក៏មាន​សារៈសំខាន់ ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ទេស​ភាព បរិស្ថាន ដែលមាន​គុណភាព​ខ្ពស់ ជំរុញ​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​យូរអង្វែង​របស់​សហគម​ន៍​មូលដ្ឋាន​ពេញ​១​សតវត្សរ៍​ផងដែរ​៕