កម្ពុជា និង​ហ្វីលីពីន បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ចម្បង​ ៣ គឺ​ពាណិជ្ជកម្ម ការពារជាតិ និង​ការតភ្ជាប់​ផ្លូវអាកាស ខណៈ​ភាគី​ទាំង​២ បង្ហាញ​សុទិដ្ឋិនិយម​រៀងខ្លួន​ចំពោះ​ការពង្រឹង​នេះ​ដើម្បី​ប្រយោជន៍​រួម​រវាង​កម្ពុជា​និង​ហ្វីលីពីន​។​

​ការឯកភាព​រវាង​មេដឹកនាំ​ទាំង​២ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក​ហ្វី​ឌី​ណាន់ ម៉ា​កូ​ស ជេ​អ (Ferdinand Romualdez Marcos Jr.)​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន កាលពី​ថ្ងៃទី​៤ ខែមីនា អំឡុង​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​តាមរយៈ​តេ​ឡេ​ក្រាម លោក​ហ៊ុន ម៉ា​ណែ​ត​។​

នៅក្នុង​ជំនួប មេដឹកនាំ​ទាំង​២​រូប បានបង្ហាញ​ឆន្ទៈ​ក្នុងការ​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២ និង​បាន​ពិភាក្សា​ពង្រឹង​បន្ថែមទៀត​លើ​វិស័យ​ចម្បងៗ​ចំនួន​៣ គឺ​វិស័យ​ពាណិជ្ជកម្ម ការពារជាតិ និង​ការតភ្ជាប់​។​

​ចំពោះ​វិស័យ​ពាណិជ្ជកម្ម លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក​ហ្វី​ឌី​ណាន់ ម៉ា​កូ​ស ជេ​អ ឯកភាព​ជំរុញ​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ហ្វីលីពីន ជំរុញ​ការតភ្ជាប់​រវាង​វិស័យ​ឯកជន ក្នុង​គោលដៅ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​។​

ដោយឡែកសម្រាប់​វិស័យ​ត​ភ្ជាប់​វិញ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ បានលើកឡើង​ពី​សារៈសំខាន់​លើ​ផ្នែក​ទេសចរណ៍ ដោយ​ឯកភាពគ្នា​សិក្សា​លើ​ការជំរុញ​ត​ភ្ជាប់​ផ្លូវអាកាស ឬ​ជើងហោះហើរ​បន្ថែមទៀត ជាពិសេស​ត​ភ្ជាប់​ជើងហោះហើរ​ទៅកាន់​គោលដៅ​ទេសចរណ៍​ផ្សេងៗ រវាង​ប្រទេស​ទាំង​២​។​

ក្នុង​វិស័យ​ការពារជាតិ មេដឹកនាំ​ទាំង​២ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក ហើយ​ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត ដើម្បី​អាចឈាន​ទៅ​ការធ្វើ​លំ​ហាត់​សម​យោធា​រួមគ្នា​ទ្វេភាគី នាពេល​អនាគត ហើយ​ភាគី​ទាំង​ទាំង​២ ក៏​ពិភាក្សាគ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​រួម​ផង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា កម្ពុជា​និង​ហ្វីលីពីន មាន​ទំនាក់ទំនង​មិន​ស៊ីជម្រៅ​នឹង​គ្នា​ប៉ុន្មាន​ឡើយ​នាពេល​កន្លងមកនេះ ជាពិសេស​ជុំវិញ​ទស្សនៈ​ក្នុង​ទំនាស់​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​តែង​ប្រឆាំង​ស្រួចស្រាល​ទៅនឹង​ចិន​។

ទោះជា​យ៉ាងណា ចំពោះ​ការឯកភាព​រវាង​មេដឹកនាំ​ទាំង​២ លោក​ថា​៖ «​ការឯកភាព​នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ ជាស​ញ្ញា​លើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ការជំរុញ​ទៅលើ​ជើងហោះហើរ​ត្រង់​ដើម្បី​ពង្រឹង​ការតភ្ជាប់ ការពង្រឹង​ផ្នែក​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​ការពារជាតិ សុទ្ធ​ជា​រឿង​សំខាន់​»​។​

​លោក គិ​ន ភា បាន​បន្តថា ប្រទេស​ទាំង​២ អាច​ធ្វើការ​ជាមួយគ្នា​បាន ក្នុង​លក្ខខណ្ឌ​ប្រយោជន៍​រួម ដែល​នឹង​មិនមាន​ភាពចម្រូងចម្រាស​កើតឡើង​ឡើយ ក៏ប៉ុន្តែ​អាចមាន​ភាពចម្រូងចម្រាស​តែ​ក្នុងករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ ខណៈ​កម្ពុជា​ព្យាយាម​រក្សា​ជំហរ​កណ្តាល មិន​កាន់ជើង​ម្ខាងៗ មិន​ថា​ហ្វីលីពីន​ជា​សមាជិក​អាស៊ាន ឬ​ចិន​ជា​មិត្ត​ជិតស្និទ្ធ​ក្តី​។​
​លោក គិ​ន ភា យល់ថា កម្ពុជា​គួរ​ជំរុញ​ឱ្យ​ភាគី​ទាំង​២ គោរព​គោលការណ៍​និង​ច្បាប់​អន្តរជាតិ និង​សម្របសម្រួល​គ្នា​ដោយ​យន្តការ​ការទូត​ដើម្បី​រក​ច្រកចេញ​។​

​ចំពោះ លោក​រ៉ូ វណ្ណៈ អ្នកសិក្សា​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​វិញ យល់ថា ការឯកភាព​រវាង​មេដឹកនាំ​ទាំង​២ លើ​កិច្ចសហប្រតិបត្តិការ​នា​នា​នេះ ជា​គំនិត​ផ្តួចផ្តើម​ល្អ​សម្រាប់​ប្រយោជន៍​ប្រទេស​ទាំង​២ នៅ​ចំពោះមុខ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​តំបន់​មិនមាន​លំនឹង ឬ​តុល្យភាព ហើយក៏​ជា​ពិពិធ​កម្ម​ការទូត​របស់​រដ្ឋា​ភិ​បាល​ថ្មី​ផងដែរ​។​

ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា​៖ «​ការឯកភាព​រវាង​មេដឹកនាំ​ទាំង​២ នាពេលនេះ ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ ដែលជា​សញ្ញា​វិជ្ជមាន​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ជំរុញ​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​២ ឱ្យបាន​កាន់តែ​ប្រសើរ ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សន្តិសុខ ជាដើម​នេះ​»​។​

​លោក រ៉ូ វណ្ណៈ បាន​បន្ថែមទៀតថា កម្ពុជា​និង​ហ្វីលីពីន​អាចធ្វើ​ការ​ជាមួយគ្នា​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ​ផ្អែកលើ​គោលការណ៍​ប្រយោជន៍​រួម ដែល​នឹង​មិនមាន​ភាពចម្រូងចម្រាស​ណាមួយ​ឡើយ​។ ប៉ុន្តែ មានការ​ចម្រូងចម្រាស​ទៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ខណៈ​កម្ពុជា​ស្និទ្ធ​នឹង​ចិន ដែល​កម្ពុជា​គួរ​ជំរុញ​ហ្វីលីពីន និង​ចិន គោរព​ច្បាប់​និង​គោលការណ៍​អន្តរជាតិ​។​

​ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​ដដែល​នេះដែរ លោក​យល់ថា​៖ «​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២ កន្លងមក នៅ​កម្រិត​ធម្មតា បើ​ប្រៀបធៀប​ជាមួយ ចិន ថៃ និង​វៀតណាម​ជាដើម​។ ខ្ញុំ​រំពឹងថា ការលើកកម្ពស់​កម្រិត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​នឹង​ធ្វើឡើង​បន្ថែមទៀត​»​។​

​ជុំវិញ​កិច្ចសហប្រតិបត្តិការ​យោធា​វិញ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូបនេះ មាន​សុទិដ្ឋិនិយម​ថា កម្ពុជា និង​ហ្វីលីពីន​ពិតជា​អាចធ្វើឱ្យ​ប្រសើរឡើង បើសិនជា​មានការ​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​គ្នា ហើយ​ស្រប​ទិស​ផលប្រយោជន៍​គ្នា បើទោះ​បី​ កម្ពុជា​ ស្និទ្ធ​ជាមួយ​ចិន និង​ហ្វីលីពីន​ពឹងពាក់​អាមេរិក ​ក្តី ក៏ប៉ុន្តែ​ប្រទេស​ទាំង​២ នៅមាន​លម្ហ​ក្របខ័ណ្ឌ​ទ្វេភាគី ជាពិសេស​ក្របខ័ណ្ឌ​អាស៊ាន​តែម្តង​៕