ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមការផ្តល់ជំនួយជុំទី១ ក្រោមគម្រោងថ្មីមួយឈ្មោះថា Advancing Youth Leadership (AYL) ដែលជាកម្មវិធីមានរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់យុវជន និងលើកស្ទួយយុវជនក្នុងការចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍសហគមន៍។
សេចក្តីប្រកាសព័ត៌មាន USAID កាលពីថ្ងៃទី៤ ខែមីនាបានឱ្យដឹងថា កម្មវិធី AYL មានគោលបំណងស្វែងរកយុវជនមានអាយុចន្លោះចាប់ពី១៥ ដល់ ២៩ ឆ្នាំ ដោយផ្តោតលើអ្នកដែលមកពីក្រុម ដែលត្រូវបានគេរើសអើង សហគមន៍ដែលខ្វះខាត សហគមន៍ LGBTQI+ អ្នកដែលមានពិការភាព និងអ្នកដែលមកពីក្រុមជនជាតិដើមភាគតិច ឬសាសនាជនជាតិភាគតិចផងដែរ។
យោងតាមរបាយការណ៍វាយតម្លៃ Cross-Sector Cambodia Youth របស់ USAID ឆ្នាំ២០១៩ បានរកឃើញថា យុវជនជាច្រើនចាប់អារម្មណ៍លើរឿងរ៉ាវជាច្រើន ដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ពួកគេ ហើយចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងជួយដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងសហគមន៍របស់គេផងដែរ។ ទោះជាដូច្នេះក្តី យុវជនកម្ពុជា ជាច្រើននាក់គ្មានឱកាសដើម្បីចូលរួម ទទួលបានការអភិវឌ្ឍជំនាញ ការចែករំលែកគំនិត ឬទទួលបានបទពិសោធន៍ជាក់ស្តែង ដើម្បីយកទៅអនុវត្តប្រកបដោយអត្ថន័យនោះទេ។ ការវាយតម្លៃនេះបានរកឃើញទៀតថា ភាគច្រើននៃគំនិតផ្តួចផ្តើមសមត្ថភាពរបស់យុវជននៅមានទំហំតូច និងមានដែនកំណត់នៅឡើយ។
លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID ប្រចាំនៅកម្ពុជា បានកត់សម្គាល់ក្នុងឱកាសនោះថា និន្នាការសកលបង្ហាញថាយុវជនកំពុងជួបប្រទះការផ្លាស់ប្តូរនៃការវិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ ស្របពេលសកលលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដូចនេះការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជននៅពេលនេះ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជា។
លោកស្រីបានលើកឡើងថា បទពិសោធន៍របស់យុវជនកម្ពុជា នាពេលបច្ចុប្បនេះគឺខុសពីជំនាន់ឪពុកម្ដាយ ឬអ្នជំនាន់មុនរបស់ពួកគេ។ បច្ចេកវិទ្យា និងសកលភាវូបនីយកម្មអនុញ្ញាតឱ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិទាំងនៅជិត និងនៅឆ្ងាយ។
លោកស្រីបានបញ្ជាក់ថា៖«ដោយដឹងពីគុណតម្លៃក្នុងការគាំទ្រយុវជនដោយផ្ទាល់បែបនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ ព្រមទាំងបើកដំណើរការអនុវត្តកម្មវិធី Cambodia Advancing Youth Leadership ដែលជាជំនួយឥតសំណងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID»។
លោកស្រី Nicole Johnson ប្រធានគ្រប់គ្រងកម្មវិធី AYLបានមានថ្លែងក្នុងពិធីសម្ពោធនោះផងដែរថា យុវជនគឺជាភាគីពាក់ព័ន្ធដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ តាមរយៈកម្មវិធី AYL នេះ ស្ថាប័នក្នុងស្រុក នឹងទទួលបានធនធាន និងការគាំទ្រដើម្បីចូលរួមជាមួយយុវជនក្នុងការអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ ដែលសមស្របដើម្បីរៀបចំអនាគតមួយដែលល្អប្រសើរ។
ក្នុងពិធីសម្ពោធនោះ យុវជនឈ្មោះ ទេព ប៊ុណ្ណាក់ នៅរាជធានីភ្នំពេញ ក៏បានចែករំលែកអត្ថប្រយោជន៍ដែលខ្លួនទទួលបានតាមរយៈការចូលរួមជាយុវជនស្ម័គ្រចិត្តជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុក។
ប៊ុណ្ណាក់ បាននិយាយថា៖«ខ្ញុំបានបង្កើនភាពក្លាហានរបស់ខ្ញុំ និងទទួលបានឱកាសដើម្បីចូលរួមក្នុងកម្មវិធីជាច្រើនដើម្បីពង្រឹងសមត្ថភាពខ្លួនឯង។ ខ្ញុំចាប់ផ្ដើមស្រឡាញ់សង្គមកាន់តែច្រើន មានទំនាក់ទំនងល្អ និងមានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនខ្ញុំ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID។
តាមរយៈកម្មវិធីបើកឱ្យអនុវត្តជាផ្លូវការកកម្មវិធី AYL នេះ ស្ថាប័នចូលរួមនឹងទទួលបានជំនួយមូលនិធិសម្រាប់ធ្វើអន្តរាគមន៍ ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពស្នូលរបស់យុវជន។ ក្នុងនោះរួមមាន៖ ជំនាញជីវិត និងមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ ជំនាញអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជំនាញឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ជាក់ស្តែងផងដែរ។
កម្មវិធីជំនួយដែលបានប្រព្រឹត្តឡើងនៅក្នុងរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការនៅខែក្រោយៗ ទៅតាមទីតាំងចំនួន៣បន្ថែមទៀត។ ក្នុងនោះរួមមាននៅតំបន់ជុំវិញខេត្តសៀមរាបដូចជា៖ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំងនិងពោធិ៍សាត់, តំបន់ជុំវិញខេត្តរតនគិរីដូចជា ខេត្តស្ទឹងត្រែង និងមណ្ឌលគិរី និងតំបន់ជុំវិញខេត្តតាកែវដែលមានខេត្តកំពត ព្រៃវែង និងស្វាយរៀង។
តំបន់ទាំងនោះត្រូវបានបង្កើតឡើង ដើម្បីគ្របដណ្តប់ខេត្តទាំង១៤ ដែលតំណាងឱ្យជាង ៦៦ ភាគរយនៃចំនួនប្រជាជនកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនវ័យជំទង់ និងក្រុមដែលត្រូវបានគេរើសអើងខ្ពស់។ ប្រទេសកម្ពុជា មានយុវជន និងក្មេងជំទង់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានជាង ៦០ ភាគរយនៃចំនួនប្រជាជនដែលមានអាយុក្រោម៣០ឆ្នាំ និងស្ទើរតែ ៣៧ភាគរយ ដែលមានអាយុចន្លោះពី ១០ ទៅ ២៩ ឆ្នាំ។ បច្ចុប្បន្ននេះជិត ៤៣ ភាគរយនៃប្រជាជនដែលមានអាយុធ្វើការនៅកម្ពុជាគឺចន្លោះពី ១៥ ទៅ ២៩ ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសដដែលនេះ៕