ការផ្ទុះឆេះរថយន្តដឹកភ្ញៀវទេសចរ នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៥ ខែមីនានេះ មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ខណៈមូលហេតុនៃការផ្ទុះឆេះនេះ បណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។
ប្រភពដដែលបានឱ្យដឹងថា រថយន្តដែលផ្ទុះឆេះនោះជារថយន្តដឹកភ្ញៀវទេសចរ ៤៥ កៅអី ពាក់ផ្លាកលេខ ភ្នំពេញ 3E-4674 ដែលបានដឹកភ្ញៀវទេសចរចូលទៅមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត។ ការឆេះរថយន្ត ១ គ្រឿងនេះ បណ្តាលឱ្យរថយន្ត២គ្រឿងផ្សេងទៀតខូចខាតដោយសារចតនៅក្បែរគ្នា។
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា៖«គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ»។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តសៀមរាបបញ្ជាក់បន្ថែមថា ករណីដែលបានកើតឡើងនេះបណ្តាលឱ្យមនុស្ស២នាក់រងរបួស ប៉ុន្តែមិនមែនជាភ្ញៀវទេសចរនោះទេ ចំណែករថយន្តមានការខូចខាតសរុប ចំនួន៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង។
ក្នុងករណីនេះ រដ្ឋបាលខេត្តសៀមរាប បានក្រើនរំឭកដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ កុំធ្វើការសន្និដ្ឋានតាមការយល់ឃើញរបស់ខ្លួនទាំងមិនដឹងពីមូលដ្ឋានច្បាស់លាស់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់៕