តាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) នៃរដ្ឋបាលជលផលកម្ពុជា បានបង្ហាញថា ចំនួនសិប្បីសត្វ (លៀស គ្រំ) នៅក្នុងបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ កំពុងត្រូវបានគំរាមកំហែងដោយការនេសាទហួសប្រមាណ និងការបាត់បង់ទីជម្រក ខណៈដែលក្នុង ១ ឆ្នាំៗ លៀសជិត ២ ម៉ឺនតោន ត្រូវបាននេសាទចេញពីខេត្តចំនួន ៤ ជុំវិញបឹងទន្លេសាប។
លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) បានប្រាប់ឱ្យដឹងថានៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ នេះ ដោយមានការព្រួយបារម្ភចំពោះបញ្ហានេះកាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមការងារ IFReDI នៃរដ្ឋបាលជលផលកម្ពុជា បានចាប់ផ្ដើមបេសកកម្មរយៈពេល៣ថ្ងៃ ដើម្បីយកសំណាកសិប្បីជាតិជាច្រើនប្រភេទដែលនេសាទនៅក្នុងបឹងទន្លេសាប ជាពិសេសពពួកលៀស/គ្រំ ដោយក្រុមការងារ គឺបានផ្តោតទៅលើលៀស ស្របពេលដែលមានការព្រួយបារម្ភថាជាប្រភេទសត្វកំពុងត្រូវបាននេសាទលើសកម្រិត។
លោកបានបន្ថែមថា ក្តីបារម្ភមួយបន្ថែមទៀត ចំពោះបញ្ហានេះគឺ កញ្ច្រែងដែកដែលប្រើសម្រាប់ការនេសាទលៀសនេះកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីបាតបឹង ដែលអាចរំខានដល់ខ្សែច្រវាក់ចំណីអាហារសត្វក្នុងទឹក។ ការព្រួយបារម្ភនេះបន្ទាប់ពីក្រុមការងារបានយកសំណាកនៅក្នុងខេត្តចំនួន ៣ គឺពោធិ៍សាត់ បាត់ដំបង សៀមរាប ខណៈដែលខេត្តកំពង់ធំ មិនទាន់ធ្វើនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «គោលបំណងសំខាន់នៃការសិក្សាវាយតម្លៃរហ័សនេះ គឺដើម្បីស្វែងរកដំណោះស្រាយឈ្នះ ឈ្នះ រវាងការគ្រប់គ្រងជលផល និងសហគមន៍មូលដ្ឋាន។ យើងគួរបែងចែកផ្ទៃដី ៣០ ភាគរយសម្រាប់ការអភិរក្សក្នុងជម្រៅទឹកសមរម្យនៅរដូវប្រាំង និង ៧០ ភាគរយសម្រាប់ការនេសាទរបស់សហគមន៍»។
លោកបានបន្តថា បន្ទាប់ពីមានការពិគ្រោះជាមួយមន្ត្រីថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងសហគមន៍មូលដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញប្រតិបត្តិការនេសាទលៀសដោយប្រើប្រាស់ក្រឡាទំហំចាប់ពី ២,៥ ទៅ ៣,៥ សង់ទីម៉ែត្រ ជាងប្រើប្រាស់ក្រឡាទំហំ ០១ ទៅ ១,៥ សង់ទីម៉ែត្រ។ ក្រសួងក៏កំពុងណែនាំឱ្យប្រើកម្លាំងម៉ាស៊ីនទូកតូចៗដែលមានកម្លាំង ២៤ សេះ ឬតិចជាងនេះ។
លោកបាននិយាយថា៖ ការនេសាទសម្រាប់ចំណីអាហាររបស់មនុស្ស ហើយការរង់ចាំការកំណត់ច្បាស់លាស់នៃការបែងចែកព្រំដែនរវាងការប្រមូលផល និងតំបន់អភិរក្សដោយមានបង្គោល ឬឧបករណ៍អណ្តែតទឹកដែលមានសញ្ញាច្បាស់លាស់ ឧទាហរណ៍ ការនេសាទនៅជិតតំបន់អភិរក្សបានហាមឃាត់។
ការស្រាវជ្រាវក្នុងរយៈពេលវែងគួរតែផ្តោតលើការវាយតម្លៃ ដើម្បីកំណត់និន្នាការនៃទិន្នផលតាមរដូវនីមួយៗ និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នា ដោយផ្អែកលើកត្តាដូចជា ស្រទាប់បាតខាងក្រោម កម្រិតកម្ពស់ទឹក និងគុណភាពទឹក។ «យើងក៏ត្រូវធ្វើការតាមដានការប្រមូលផលនៅក្នុងតំបន់ផ្សេងៗគ្នាផងដែរ ដើម្បីវាយតម្លៃសុខភាពប្រព័ន្ធអេកូឡូស៊ី និងកែសម្រួលវិធានការអភិរក្សប្រសិនបើចាំបាច់»។នេះជាអ្វីដែលប្រធានវិទ្យាស្ថានស្រាវជ្រាវបានលើកឡើង។
លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រដែលកំពុងតែធ្វើប្រតិបត្តិសម្អាតទន្លេចំនួន៣នៅកម្ពុជា ក៏បង្ហាញពីការព្រួយបារម្ភផងដែរ ជាពិសេសការបំពុលដោយសំរាមនិងប្លាស្ទិកនានានៅតាមដងទន្លេ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានជីវៈចម្រុះ និងពពួកសិប្បីសត្វនេះផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ការនេសាទដោយគ្មានដែនកំណត់ វាប្រឈមនឹងបាត់ហិនហោចនៃប្រភេទសិប្បីសត្វទាំងនោះ ខណៈដែលការបំពុលដោយសំរាមនានា និងប្លាស្ទិកក៏នឹងប៉ះពាល់ធ្ងន់ធ្ងរផងដែរ។យើងចង់ឱ្យប្រជាពលរដ្ឋមានការចូលរួមជាមួយពួកយើង ក្នុងការសម្អាតទន្លេទាំងអស់នៅកម្ពុជា ខណៈដែលធនធានក្នុងទឹកទាំងអស់នោះ ជាពិសេស ត្រី សិប្បីសត្វ មានសារៈសំខាន់ណាស់សម្រាប់សន្តិសុខស្បៀង»។
បើតាមលោក សុវណ្ណ តាំងពីឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន សំរាមចំនួន ១៧៥០ តោន ត្រូវបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
បើតាមវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល ផ្អែកលើទិន្នផលក្នុងមួយហិកតាដោយទូកនេសាទចំនួន ១៧៨ គ្រឿង ទឹកសាប ត្រូវបានប៉ាន់ប្រមាណថាជាមធ្យមនៃការនេសាទលៀស ក្នុង១ឆ្នាំៗ ពីខេត្តចំនួន៤ ជុំវិញបឹងទន្លេសាបមានចំនួន ១៨ ៧២៦ តោន។ ជាមួយនឹងតម្លៃលក់ពីអ្នកនេសាទ ប្រមាណចាប់ពី ៣០០ ដល់ ៤០០ រៀល/គីឡូក្រាម ដែលមានតម្លៃប្រហែល ៥,៦ ពាន់លានរៀល (១,៤ លានដុល្លារ) ដល់ ៧,៥ ពាន់លានរៀល (១,៩ លានដុល្លារ) នៅក្នុងខេត្តចំនួន៤គឺ ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និងខេត្តសៀមរាប៕