អង្គការយូនីសេហ្វ បានលើកឡើងថា ក្រុមហ៊ុនចំណីអាហារ កំពុងវាយប្រហារកុមារតូចៗ ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មអាហារ ដែលមិនល្អជារៀងរាល់ថ្ងៃ ដែលបណ្ដាលឱ្យកុមារទទួលទានមានជំងឺលើសទម្ងន់ ខណៈបញ្ហានេះ ក្រសួងពាណិជ្ជកម្ម កំពុងអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារដល់កុមារៗនៅតាមសាលារៀន។
ការលើកឡើងនេះ បន្ទាប់ពីអង្គការយូនីសេហ្វ បានរកឃើញថា ប្រព័ន្ធចំណីអាហារនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលត្រូវបានស្គាល់ជាតំបន់ ដែលមានរបបអាហារស្រស់ និងចម្រុះសម្រាប់សុខភាពតាមប្រពៃណី កំពុងត្រូវបានជំនួសដោយការប្រើប្រាស់កាន់តែច្រើននូវអាហារកែច្នៃដែល «អន់គុណភាព»និងភេសជ្ជៈដែលសម្បូរដោយជាតិស្ករ អំបិល និងខ្លាញ់មិនល្អចំពោះសុខភាព។ ជាមួយនឹងការកែច្នៃអាហារដែលខ្វះគុណភាពទាំងនេះកុមារនៅក្នុងតំបន់ទាំងនោះកំពុងតែរស់នៅក្នុងបរិស្ថានអាហារដែលជំរុញការលក់ និងការបរិភោគអាហារ និងភេសជ្ជៈ «អន់គុណភាព»។ នេះបើយោងតាមហ្វេសប៊ុករបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
អង្គការយូនីសេហ្វ បានបញ្ជាក់ថា៖ «ក្រុមហ៊ុនចំណីអាហារ កំពុងវាយប្រហារកូនៗរបស់យើងជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មអាហារដែលមិនល្អជារៀងរាល់ថ្ងៃ។ បញ្ហានេះកំពុងធ្វើឱ្យកុមារបរិភោគអាហារ ដែលមិនល្អចំពោះសុខភាព និងបណ្តាលឱ្យមានបញ្ហាប្រឈមនឹងជំងឺលើសទម្ងន់ និងជំងឺរ៉ាំរ៉ៃដទៃទៀត»។
ទន្ទឹមនេះដែរ អង្គការយូនីសេហ្វ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីដាក់ចេញគោលនយោបាយ និងច្បាប់ សំដៅបញ្ឈប់ការកើនឡើងនៃសកម្មភាពផ្សព្វផ្សាយលក់ចំណីអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព ដូចជាការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការលក់អាហារដែលមិនល្អចំពោះសុខភាពនៅក្នុង និងជុំវិញបរិវេណសាលារៀន ការដាក់ស្លាកសម្គាល់អាហារូបត្ថម្ភនៅខាងមុខកញ្ចប់ឱ្យបានច្បាស់លាស់ និងការយកពន្ធលើភេសជ្ជៈដែលមានជាតិស្ករ និងវិធានការផ្សេងៗទៀតផងដែរ។
ពាក់ព័ន្ធបញ្ហានេះលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែមីនានេះថា ក្រសួង បាននិងកំពុងយកចិត្តទុកដាក់ណាស់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយចំណីអាហារសម្រាប់ក្មេងៗ ដែលមានសារធាតុផ្អែម ដូចជានៅក្នុងភេសជ្ជៈ និងអាហារសម្រន់ជាដើម។ លោកបន្តថា ក្រសួងក៏បានទទួលស្គាល់ថាការផ្សាយពាណិជ្ជកម្មអាហារដែលមិនល្អទាំងនោះ គឺបានធ្វើឱ្យកុមារបរិភោគ នឹងបង្កឱ្យមានបញ្ហាប្រឈមនឹងជំងឺលើសទម្ងន់ និងជំងឺលើសសម្ពាធឈាមជាដើម។
យ៉ាងណាមិញលោកថា តាំងពីដើមមក រហូតមកដល់បច្ចុប្បន្ននេះ ទាំងក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងទៀត តែងតែរកដំណោះស្រាយ និងវិធានការសមស្រប ដើម្បីចូលរួមក្នុងការកាត់បន្ថយលើបញ្ហាប្រឈមទាំងអស់នោះ តាមរយៈស្ថាប័ននាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានចុះធ្វើការអប់រំផ្សព្វផ្សាយឱ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យ នៅគ្រប់រាជធានី-ខេត្តទាំងអស់។
ទន្ទឹមនឹងការអប់រំផ្សព្វផ្សាយនេះ មន្ត្រីជំនាញក៏បានចុះពិនិត្យ និងនាំយកឧបករណ៍វិភាគទៅធ្វើតេស្តបឋមនៅតាមសាលារៀនផ្ទាល់ចំពោះចំណីអាហារណាដែលសង្ស័យពីគុណភាព និងសុវត្ថិភាព។
លោកបានថ្លែងថា៖ «ចំពោះការផ្សាយពាណិជ្ជកម្មចំណីអាហារ ខាងក.ប.ប. ក៏បានយកចិត្តទុកដាក់លើផ្សាយអត្ថបទជារូបភាព ស្ប៉ត ជាពិសេសការផ្សាយចំណីអាហារជាគ្រឿងកំប៉ុង ដែលមានសារធាតុផ្អែមអីហ្នឹង គឺយើងមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយសម្រាប់គោលដៅទាក់ទាញចំៗទៅលើកុមារ ឫក្មេងតូចៗនោះទេ។ ការផ្សាយពាណិជ្ជកម្មហ្នឹងដែរ គឺយើងបានផ្ទៀតផ្ទាត់តាំងពីខ្លឹមសារនិយាយ សកម្មភាព និងការដាក់រង្វាន់ជាដើម គឺយើងប្រយ័ត្នប្រយែងណាស់»។
ជាមួយគ្នានេះ លោកស្នើដល់ឪពុក-ម្ដាយ ឫអាណាព្យាបាល ដែលមានកូនតូចៗចូលរួមសហការគ្នា ដើម្បីណែនាំបន្ថែមទៀតទៅដល់កូនចៅរបស់របស់ខ្លួនឱ្យយល់ដឹងអំពីការបរិភោគចំណីអាហារណាដែលមានសុវត្ថិភាព និងចំណីអាហារណាដែលមិនមានសុវត្ថិភាពសម្រាប់សុខភាព បើទោះបីកន្លងមកក្រសួងអប់រំ បានចូលរួមហាមឃាត់នៅតាមសាលារៀន មិនឱ្យមានការលក់ភេសជ្ជៈផ្អែម និងអាហារដែលមានជាតិខ្លាញ់ក៏ដោយ។ លោកបានបញ្ជាក់ថា៖ «យើងនឹងបន្តចូលរួមអប់រំផ្សព្វផ្សាយទៀត ពីព្រោះយើងមិនអាចធ្វើការហាមឃាត់គេមិនឱ្យធ្វើពាណិជ្ជកម្ម ផ្សព្វផ្សាយការលក់ដូរផលិតផលដែលសមស្របមានលក្ខណៈអនាម័យសម្រាប់បរិភោគហ្នឹងទេ»។
ហេតុនេះក្រសួងពាណិជ្ជកម្ម មានតែការផ្សព្វផ្សាយ និងដាក់វិធានការឱ្យបានតឹងរ៉ឹងចំពោះចំណីអាហារណាដែលមិនមានគុណភាព និងមិនមានសុវត្ថិភាព សម្រាប់អ្នកបរិភោគទូទៅ ជាពិសេសប៉ះពាល់ទៅដល់សុខភាពកុមារតូចៗ។ នេះបើតាមការបន្ថែមរបស់លោក គឹម មាសសុខសីហា។
យោងតាមការសិក្សាថ្មីមួយរបស់អង្គការយូនីសេហ្វ និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) ដែលបានចេញកាលពីចុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ បានរកឃើញថា ៧២% នៃអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម មានបន្ថែមជាតិស្ករ និងសារធាតុផ្អែមនៅក្នុងចំណោមនំចំណី និងអាហារសម្រន់ទាំងនោះ។ ដូច្នេះការទទួលទានអាហារមានជាតិផ្អែមក្នុងវ័យក្មេងនេះ អាចនាំឱ្យកុមារតូចៗ ពុកធ្មេញ ការឡើងទម្ងន់ និងមានជំងឺរ៉ាំរ៉ៃផ្សេងទៀតជាដើម។
ការសិក្សាដដែលក៏បានរកឃើញទៀតថា ជិត ៩០ ភាគរយនៃស្លាកនៅលើផលិតផលដែលបានសិក្សាមានការបំភាន់ ឬបញ្ឆោតអំពីសមាសធាតុរបស់អាហារសម្រន់ និងនំចំណីទាំងនោះ ខណៈដែលការសិក្សានេះ ក៏បានកត់សម្គាល់ថា គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៧នេះ មានវិធានការផ្លូវច្បាប់ក្នុងការគ្រប់គ្រងបរិមាណជាតិស្ករ ឬអំបិល ដែលមាននៅក្នុងអាហារសម្រន់ និងនំចំណីទាំងនោះឡើយ៕