សភាពាណិជ្ជកម្ម កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនានា ជាមួយប្រទេសវៀតណាម ដើម្បីរក្សានូវទំនាក់ទំនង និងជំរុញទំហំពាណិជ្ជកម្មនៃការវិនិយោគដោយផ្ទាល់ (FDI) នៃប្រទេសទាំង ២ ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនវៀតណាមធំប្រមាណ ៥០ កំពុងប្រតិបត្តិការនៅក្នុងកម្ពុជា។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ ខែមីនានេះថា សភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ នេះ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនាក់ទ្វេភាគី រវាងវិស័យឯកជនកម្ពុជា និងផ្នែករដ្ឋាភិបាលរបស់វៀតណាម ខណៈប្រទេសនេះជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «យើងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យធុរកិច្ច និងវិនិយោគ នានា រវាងធុរជន និងវិនិយោគិនប្រទេសទាំង២។ ជាពិសេស ដើម្បីរក្សានូវទំនាក់ទំនង និងចែករំលែកព័ត៌មានពាណិជ្ជកម្ម, វិនិយោគ និងបរិយាកាសធុរកិច្ចទាំង២ នាពេលអនាគតដ៏ខ្លី»។
លោកបានបន្ថែមថា គិតត្រឹមដើមឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនវៀតណាមចំនួន ៥០ ដែលកំពុងប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក្នុងសកម្មភាពធុរកិច្ចលើវិស័យកសិកម្ម ជាដើម។
«ក្នុងនាមវិស័យឯកជន យើងរីករាយជានិច្ចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ យើងដឹងហើយថា ផលិតផលកសិកម្មយើងនាំចេញស្រស់នៅវៀតណាមច្រើន ដូច្នេះយើងចង់ទាក់ទាញឱ្យវិនិយោគិនវៀតណាមមកវិនិយោគបើករោងចក្រកែច្នៃនៅកម្ពុជាតែម្តង ដើម្បីឱ្យយើងទទួលបានតម្លៃបន្ថែមកាន់តែច្រើន»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ងួន ម៉េង តិច។
បើតាមអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានយល់ឃើញថា នៅកម្ពុជា វិនិយោគិនវៀតណាម មានការវិនិយោគភាគច្រើនលើវិស័យកសិកម្ម និងទូរគមានគមន៍ ខណៈដែលកន្លងទៅ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងវៀតណាម ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជំរុញធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនឡើងទ្វេដង ពោលគឺដល់ទៅ ២០ពាន់លានដុល្លារ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោកបានបញ្ជាក់ថា៖«យើងមើលទំហំពាណិជ្ជកម្មនាពេលកន្លងទៅ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣របស់កម្ពុជា ខណៈមកទល់បច្ចុប្បន្ន ក្រុមហ៊ុនវៀតណាមកំពុងវិនិយោគនៅកម្ពុជាមានប្រមាណជាង ២០០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ។ដូច្នេះ ការទាក់ទាញអ្នកវិនិយោគពីវៀតណាមមកកម្ពុជា គឺរឿងសំខាន់»។
លោកបានបន្ថែមថា សម្រាប់ក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ប្រទេសទាំង២ក៏គួរតែពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចជាមួយគ្នា តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមព្រំដែនជាដើម។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ដែលបានបង្ហាញ កាលពីត្រីមាសទី១ ឆ្នាំ២០២៣ ប្រទេសវៀតណាមបានជាប់លេខ៥ ក្នុងចំណោម១០ប្រទេស ក្នុងនាមជាប្រទេសដែលបានបោះទុនវិនិយោគដោយផ្ទាល់មកកម្ពុជា ដោយមានទំហំទឹកប្រាក់ជាង១០,២ ទ្រីលានរៀល ស្មើនឹងជិត៣ពាន់លានដុល្លារ៕