ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្នុងរយៈពេល ២ ខែ ក្នុងឆ្នាំ២០២៤ នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ៣ម៉ឺននាក់ ដែលក្នុងចំនួននេះ ភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងក្នុងរង្វង់ ៨០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។
លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនាថា ចាប់ខែមករា ដល់ខែកុម្ភៈ ក្នុងឆ្នាំ២០២៤ នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរសរុប ៣៣ ៩៦៤នាក់។ ក្នុងនោះរមណីយដ្ឋានប្រាសាទព្រះវិហារ មានភ្ញៀវទេសចរសរុប ១៤ ៥៧៦ នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១១ ៣៦៧ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣ ២០៩ នាក់។
លោកបន្តថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុប ១៣ ៣៤៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១១ ៤៤៣ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១ ៩០១ នាក់។
លោកប្រាប់ថា ដូច្នេះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងរយៈពេល ២ខែក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិមានការថយចុះចំនួន ០,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈដែលភ្ញៀវទេសចរបរទេស មានការកើនឡើងចំនួន ៦៨,៨% បើធៀបនឹងឆ្នាំ២០២៣ ដូចគ្នាដែរ។
លោកថ្លែងបញ្ជាក់ថា៖ «ទោះបីមានភ្ញៀវទេសចរជាតិថយចុះក៏ពិតមែន ប៉ុន្តែដើមឆ្នាំនេះ ភ្ញៀវបរទេសមានការកើនឡើង ហេតុនេះធ្វើឱ្យចំនួនភ្ញៀវសរុបរយៈពេល២ខែនេះ បានកើនឡើង ៩,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣»។
លោក គង់ ពុទ្ធិកា ឱ្យដឹងទៀតថា ចំណែករមណីយដ្ឋានប្រាសាទកោះកេរវិញ ក្នុងរយៈពេល២ខែ ក្នុងឆ្នាំ២០២៤ នេះ បានទទួលភ្ញៀវទេសចរសរុប ១៩ ៣៨៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៣ ៥៩២ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៥ ៧៩៦ នាក់។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរសរុប ៩ ៣៧៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦ ៣៣០ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣ ០៤៦នាក់។
លោកថា ដូច្នេះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងរយៈពេល ២ខែក្នុងឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរជាតិមានការកើនឡើងចំនួន ១១៤,៧% និងភ្ញៀវទេសចរបរទេស មានការកើនឡើងចំនួន ៩០,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លោកថ្លែងថា៖ «ដូច្នេះចំនួនភ្ញៀវទេសចរសរុបចូលមកទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ក្នុងរយៈពេល ២ខែនេះ មានការកើនឡើងចំនួន ១០៦,៨% បើធៀបនឹងឆ្នាំ២០២៣»។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានថ្លែងថា ទោះបីដើមឆ្នាំនេះ មានការកើនឡើងភ្ញៀវទេសចរពីក្រៅក៏ពិតមែន ប៉ុន្តែលោកនៅតែចង់ឱ្យរាជរដ្ឋាភិបាល ក៏ដូចស្ថាប័នពាក់ព័ន្ធកុំប្រើយុទ្ធសាស្ត្រដដែលៗសម្រាប់បម្រើសេវាកម្មទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយពីវិស័យទេសចរណ៍។
លោកបន្ថែមថា៖ «ដូច្នេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ គួរតែកែប្រែយុទ្ធសាស្ត្ររបស់ខ្លួន កុំប្រើយុទ្ធសាស្ត្រដដែលៗសម្រាប់អនុវត្ត មានទាំងផ្នែកសមត្ថភាព បច្ចេកទេស សេវាកម្ម ហើយនិងការផ្សព្វផ្សាយវិស័យទេសចរណ៍ ត្រូវតែពង្រឹងផ្នែកទាំងនោះឡើងវិញ»៕