ភ្នំពេញៈ មេដឹកនាំកម្ពុជា និងសិង្ហបុរីឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Cybercrime) និងល្បែងស៊ីសងអនឡាញខុសច្បាប់។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក លី ស៊ានឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបុរីនាថ្ងៃទី៥ ខែមីនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនេះ មេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យវិស័យនយោបាយ ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និងការពារជាតិនិងសន្ដិសុខការតភ្ជាប់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំង២។
មេដឹកនាំទាំង២បានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយឡើងវិញ និងបានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ។ នេះបើយោងតាមបណ្តាញតេឡេក្រាម (Telegram) នាយករដ្ឋមន្ត្រីកម្ពុជា។
Telegram ដដែលបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង២ ក៏បានឯកភាពគ្នា ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Cybercrime) ល្បែងស៊ីសងអនឡាញ[ខុស]ច្បាប់នានា»។
មេដឹកនាំទាំង២ក៏បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង២ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និងផែនការសកម្មភាពជាក់លាក់។
លោក ហ៊ុន ម៉ាណែត បានប្រាប់លោក លី ស៊ានឡុង ថា ថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។
លោកថ្លែងថា៖«ប្រទេសទាំង២គួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំង២ និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំង២ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំង២។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ម៉ាឡេស៊ីបានឯកភាព និងគាំទ្រលើការតភ្ជាប់បណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។
ដោយឡែក យោងតាមបណ្តាញ Telegram ដដែល ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី៥ មីនា នេះដែរ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
បណ្តាញ Telegram ដដែលបន្តថា លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោក Albanese ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត ហើយលោក Albanese បានសម្តែងការរីករាយទទួលយកការអញ្ជើញនេះដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របខាងមុខ៕