ភ្នំពេញៈ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោកចំនួន ២៥ ប្រទេស នាប្រទេសបារាំង គឺជាឱកាសដែលលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អាចចែករំលែកពីតម្លៃសុខសន្តិភាព និងជោគជ័យរបស់កម្ពុជានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទៅកាន់ពិភពលោក។
ប្រធានសភាជាស្រ្តីដែលចូលរួមកិច្ចប្រជុំនាទីក្រុងប៉ារីស ប្រទេសបារាំងរួមមាន៖ លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាប្រទេសបារាំង, លោកស្រីឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា,ឥណ្ឌូនេស៊ី,អាល្លឺម៉ង់, អេស្ប៉ាញ, អាបានី, អាហ្រិ្វកខាងត្បូង, ម៉ាដាហ្គាស្ការ, ម៉ូណាកូ សាធារណរដ្ឋឆេក,រវ៉ាន់ដា, ស្លូវេនី, លីទុយអានី,បែលហ្ស៊ិក និងប្រធានរដ្ឋសភានៃប្រទេសតង់ហ្សានី។ល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី៥ ខែមីនា។
លោកស្រី ឃួន សុដារី បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី លើសកលលោកលើកទី១ តបតាមការអញ្ជើញរបស់លោកស្រី Yaël Braun-Pivet។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសបារំាងលើកនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងបារំាង ដែលមានតំាងពីយូរលង់មកឱ្យកាន់តែរឹងមាំថែមទៀតនោះទេ ប៉ុន្តែជាឱកាសមួយ ក្នុងការលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២ កម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធគ្រប់ជ្រុងជ្រោយផងដែរ។
រដ្ឋសភាបញ្ជាក់ថា៖«វត្តមានសម្តេចរដ្ឋសភាធិបតី នៅក្នុងប្រទេសបារំាង ក៏ដូចជានៅសហភាពអឺរ៉ុបនេះ ជាការបង្ហាញនូវឆន្ទៈដ៏មុតមាំ និងយ៉ាងសកម្មរបស់សភាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់និងដោះស្រាយបញ្ហាស្រ្តី ក៏ដូចជាបញ្ហាពលរដ្ឋទូទៅ នៅក្នុងបរិបទដែលសកលលោកកំពុងជួបប្រទះនូវស្ថានភាពស្មុគស្មាញ ទាំងនយោបាយ សង្រ្គាម រួមនឹងការប្រឈមនៃការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាតនានាជាបន្តបន្ទាប់ផងដែរ»។
លោកស្រី ឃួន សុដារី បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមោះមុតក្នុងការលើកទឹកចិត្ត ជំរុញ លើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
លោកស្រីថា ៖ «រដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។ រដ្ឋសភាក៏កំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី»។
លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីឃួន សុដារី ទៅកាន់ប្រទេសបារាំងដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រធានសភា ជាស្រ្តីលើសកលលោកលើកទី១នៅពេលនេះ គឺជារឿងល្អ ព្រោះវាជាវេទិកាអន្តរជាតិ ដែលអាចបង្ហាញពីកម្ពុជា មានតំណាងជាស្រ្តី ដែលមានតួនាទីខ្ពស់បានចូលរួម។
លោកបានថ្លែងថា៖ «នេះគឺជារឿងមួយសំខាន់ ព្រោះវាជាវេទិកាឆាកអន្តរជាតិ ហើយយើងមានតំណាងរបស់យើងជាស្ត្រី… គាត់ជាស្ត្រីជារឿងមួយ.. គាត់ជាស្ត្រីដែលកាន់តួនាទីជាប្រធានសភារបស់ប្រទេសកម្ពុជានេះ ជារឿងមួយទៀត។ អ៊ីចឹង! សរុបមកវិញ ដំណើរទស្សនកិច្ចនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាផង ក៏ដូចជាមានសារៈសំខាន់សម្រាប់ស្ត្រីដែលកំពុងកាន់តំណែងជាប្រធានរដ្ឋសភាផងដែរ»៕