ភ្នំពេញៈ លោក​ លី ធុជ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​ ២០២៤ បាននិងកំពុង​បន្ត​ជួប​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ​នានា​ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្តិការ និង​ការគាំទ្រ​កិច្ចប្រជុំ​កំពូល​សៀមរាប​អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ដែល​កម្ពុជា​ធ្វើជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​សម្រាប់​ឆ្នាំ ​២០២៤ ​នេះ​។​

​ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​បំពេញបេសកកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស លោក ​លី ធុជ បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក Tormod C. Endresen តំណាង​ស្ថាន​បេស​ក​កម្ម​អចិ​ន្រៃ្ត​យ៍​នៃ​ប្រទេស​ន័​រ​វែ​ស​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា កាលពី​ថ្ងៃទី​ ៤ ខែមីនា ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​របស់​ប្រទេស​ន័​រ​វែ​ស​។​

​ក្នុងជំនួប​នោះ ភាគី​ទាំង​ ២ បាន​ពិភាក្សា និង​ប្រមូល​ព័ត៌មាន​បន្ថែម​ពី​សកម្មភាព​ដែល​ប្រទេស​ន័​រ​វែ​ស​អាច​ចូលរួម​គាំទ្រ ឬ​សកម្ម​ភាព​នានា​សម្រាប់​កិច្ចប្រជុំ​កំពូល​សៀមរាប​​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ក្នុង​គោល​​បំណង​ធានា​ឱ្យ​ការរួមចំណែក​វិភាគទាន​ពី​ប្រទេស​ន័​រ​វែ​ស​អាច​សម្រេចបាន​នូវ​គោលដៅ​រួម​សម្រាប់​ព្រឹត្តិការណ៍​នានា​នៃ​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​។​

​លោក លី ធុជ​ ថ្លែងថា​៖ «​ក្នុងនាម​សម្តេច​បវរ​ធិបតី​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ន័​រ​វែ​ស​សម្រាប់​ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​កម្ម​វិធី​ឧបត្ថម្ភ (Sponsorship Program) (​កម្មវិធី​គាំទ្រ​ប្រទេស​ដែល​មិនមាន​លទ្ធភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​) និង​គាំទ្រ​ដល់​ដំណើរ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​​អង្គរ​»​។​

​សូម​បញ្ជាក់ដែរថា រដ្ឋាភិបាល​និង​ប្រជាជន​ន័​រ​វែ​ស តែងតែ​ផ្តល់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ដើម្បីឱ្យ​កម្ពុជា​អាច​សម្រេចបាន​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​នៃ​សង្គ្រាម​។ ជាមួយគ្នា​នោះ​អង្គការ NPA គឺជា​ដៃគូ​យុទ្ធសាស្ត្រ និង​យូរអង្វែង​ដែល​គាំទ្រ​ដល់​ការកសាង​សមត្ថ​ភាពចាំបាច់​របស់​អាជ្ញា​ធរ​មីន ចាប់តាំងពី​ឆ្នាំ ​២០១៤ មក​។​

​ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះដែរ លោក លី ធុជ​ ក៏បាន​ទទួល​ជួបពិភាក្សា​ជាមួយ លោក Greygory Crowther នាយក​កម្មវិធី​នៃ​អង្គការ MAG ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកជំនាញ​របស់ MAG លើ​ធាតុ​ចូល​សម្រាប់​ការពិនិត្យ​ឡើងវិញ​នៃ​ផែនការ​សកម្មភាព​ទីក្រុង​អូ​ស្លូ​ឆ្នាំ​ ២០១៩ និង​ការ​រៀបចំ​ផែនការ​សកម្មភាព​សៀម​​រាប​​អង្គរ​ផងដែរ​។​

​យោងតាម​អាជ្ញាធរ​មីន ភាគី​ទាំង​ ២ ជំរុញឱ្យមាន​កិច្ចពិភាក្សា​បន្ត​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត និង​តម្រូវឱ្យមាន​ភាសា​តែមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការងារ​សកម្ម​ភាព​មីន ដើម្បីឱ្យ​សម្រេច​តាម​គោលដៅ​កំណត់​។​

ចំណែក​ក្នុងជំនួប​ជាមួយនឹង​លោក Ioannis GHIKAS តំណាង​ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​នៃ​ប្រទេស​ក្រិ​ក​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរ​ជាតិ​នានា​ផងដែរ​នោះ លោក​លី​ ធុជ បាន​ចូលរួម​អបអរសាទរ​ដល់​ប្រទេស​ក្រិ​ក​ដែលមាន​ដំណើរការ​វិជ្ជមាន ឆ្ពោះទៅរក​ការសម្រេចបាន​គោលដៅ​តាម​មាត្រា​ ៤ នៃ​អនុសញ្ញា​ស្តីពី​ការបំផ្លាញ​គ្រាប់មីន​ដែល​រក្សាទុក​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ប្រ​​ទេស​ក្រិ​ក បាន​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុង​ឆ្នាំ​ ២០០៤ រហូតដល់​បច្ចុប្បន្ន ប្រទេស​ក្រិ​ក គ្មាន​តំបន់​ដែល​រង​ប៉ះពាល់​ដោយ​គ្រាប់មីន​ទៀត​ទេ ព្រម​​ទាំង​បាន​បំផ្លាញចោល​គ្រាប់មីន​ក្នុង​ស្តុក​បាន​ចំនួន​ជាង ១,២ លាន​គ្រាប់ និង​នៅសល់​ប្រមាណ​ជាង ​៣៤៣ ០០០​ គ្រាប់​ទៀត​។

​សូម​រំឭកថា លោក លី ធុជ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញបេសកកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី ​២៧ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ៧ ខែ​មីនា ឆ្នាំ ​២០២៤៕​