​ភ្នំពេញៈ ដូច​ការគ្រោងទុក គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​ ៥ ខែមីនា ឆ្នាំ ​២០២៤ បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ នៅ​តា​មណ្ឌល​ភូមិភាគ ទាំង​ ៨ នៅ​ទូទាំងប្រទេស បន្ទាប់ពី​ក្នុង​រយៈពេល​ ៧២​ ម៉ោង​ មិន​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា​ពី​គណបក្សនយោបាយ​។​

​សេចក្តីប្រកាស​លទ្ធផល​ផ្លូវ​ការដែល​ចុះហត្ថលេខា​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី៥ កន្លងមកនេះ គណ​​បក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន ១០ ០៥២​ សំឡេង ស្មើនឹង ៥៥​ អាសនៈ​, គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន ១ ៣៩៤ សំឡេង​ស្មើនឹង ៣ ​អាសនៈ​។ រីឯ​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច​ទទួលបាន ១៩ សំឡេង និង​គណបក្ស​កម្លាំង​ជាតិ ទទួល​បាន ២៣៤ សំឡេង​មិន​ទទួល​បាន​អាសនៈ​នោះទេ​។

​ក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ​ភ្លាម គណបក្ស​ប្រជា​​ជនកម្ពុជា នៅ​ថ្ងៃទី​ ៥ ខែមីនា ​បានចេញ​សេចក្តីថ្លែងការណ៍ ប្រកាស ទទួលយក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ​៥ ​នេះ និង​បានចាត់ទុក​លទ្ធផល​នៃ​ការ​​បោះឆ្នោត​នេះ​ថា បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​ពី​ឆន្ទៈ​ដ៏​ថ្លៃថ្លា និង​មោះមុត​របស់​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស​ក្នុងការ​ថែរក្សា​សន្តិភាព និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ដើម្បី​លើកស្ទួយ​ជីវភាព​របស់ខ្លួន​។​

​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់ថា​៖ «​ជ័យជម្នះ​នេះ ជាការ​ផ្តល់​ឧត្តមភាព​ថែម​ទៀត​ចំពោះ​ការដឹកនាំ​របស់​គណ​​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការជំរុញ​អនុវត្តន៍​ឱ្យបាន​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​ ២០២៣-២០២៨ ដែល​បាន​ក្លាយជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧»​។​

​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ គជប ដែល​ «​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ទទួលខុស​​ត្រូវ​ខ្ពស់ ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ឯករាជ្យ អព្យាក្រឹត​ឥត​ល​ម្រៀ​ង តម្លាភាព និង​យុត្តិធម៌ ធ្វើឱ្យ​ដំណើរការ​រៀបចំ​ការបោះ​​ឆ្នោត​នៅ​គ្រប់​ដំណាក់កាល​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌​សម្រាប់​ការ​បោះឆ្នោត​។ 

​គណបក្ស​ប្រជាជន​កម្ពុជាប្តេជ្ញា​ថា​៖ «​ព្រឹទ្ធសភា នីតិ​កាល​ទី​៥ ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែលមាន សម្តេច​តេ​ជោ​ ហ៊ុន សែន ជា​ប្រធាន​នឹង​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រឹទ្ធសភា ក្នុង​ស្មារតី​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​បំពេញ​រាល់​មុខងារ​របស់​ព្រឹទ្ធសភា​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​ជាមួយគ្នានេះដែរ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បញ្ជាក់​ជាថ្មី​ថា គណបក្ស​នឹង​បន្តធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​លទ្ធភាព​ទាំងអស់​របស់ខ្លួន​ដើម្បី​ពង្រឹង​ធ្លុង​សាមគ្គី​​ភាព ឯកភាព​ជាតិ ថែរក្សា​សន្តិ​​ភាព ស្ថិរភាព​នយោបាយ​សន្តិ​​សុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​, ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​, ការពារ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​បន្ត​ជំរុញ​ការ​អភិ​វ​ឌ្ឍ ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​លោក គីម​សួរ ភី​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាវិន័យ​គណបក្ស​ឆន្ទៈ​ខ្មែរ​មិនអាច​ទាក់ទង​សុំ​ធ្វើ​អត្ថា​ធិ​ប្បាយ​បានទេ នៅ​ថ្ងៃទី​ ៥ ខែមីនា ប៉ុន្តែ​យោងតាម​សេចក្ដី​ថ្លែង​កា​​រណ៍​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​កាល​​ពីថ្ងៃ​ទី ​២៦ ខែកុម្ភៈ​ បានបញ្ជាក់​ថា ទោះបី​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​ដូច​ការរំពឹងទុក​ក្ដី ក៏​គណបក្ស​ឆន្ទៈ​ខ្មែរ គោរព​ឆន្ទៈ និង​ការសម្រេចចិត្ត​របស់​ស​មា​​ជិ​ក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង​អស់ ដែលជា​អង្គ​បោះឆ្នោត​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា​៖ «​គណបក្ស​ឆន្ទៈ​ខ្មែរ សូម​សម្តែង​ការគោរព​ដឹងគុណ និង​អរគុណ​ចំពោះ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​តំណាង​តែមួយគត់​របស់​គណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ​នេះ​»​។​

​គ​.​ជ​.​ប ក៏​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល ៧២ ​ម៉ោង បន្ទាប់​​ពី​ការប្រកាស​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានីតិកាល​ទី​៥ ឆ្នាំ​ ២០២៤ កាល​ពីថ្ងៃ​ទី​ ២៩ កុម្ភៈ គជប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពុំ​ទទួលបាន​ពាក្យ​បណ្ដឹងតវ៉ា​ណាមួយ​ឡើយ​។ ដូចនេះ លទ្ធផល​បណ្ដោះអាសន្ន នឹង​ក្លាយទៅជា​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​។​

​គ​.​ជ​.​ប​ បានប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ការបែងចែក​អាសនៈ និង​ការ​កំណ​ត់​បេក្ខជន​ជាប់ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមា​ជិ​ក​ព្រឹទ្ធសភា នីតិកាល​ទី៥ ឆ្នាំ ​២០២៤ ​នៅ​ថ្ងៃទី ៥ ​ខែមីនា​នេះ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូចជា តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​, ​វិទ្យុជាតិ​កម្ពុជា​,​ គេហទំព័រ គជប​,​ កម្មវិធី​ទូរស័ព្ទដៃ ​(App),​ ហ្វេ​ស​​ប៊ុ​ក និង​យូ​ធូប (YouTube) ​របស់​គជប​៕