ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដាក់ចេញវិធានការចំនួន ៣ ទៅដល់ក្រុមហ៊ុនផលិតស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដោយត្រូវបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គម។
ការដាក់ចេញវិធានការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម នៅទីស្តីការក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ នេះបើយោងតាមក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលដៅរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃ និងសីលធម៌សង្គម ព្រមទាំងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សីលធម៌សង្គម និងសុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុពីការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
ដើម្បីគ្រប់គ្រងសណ្តាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងកុំឱ្យលេចចេញរូបភាពហួសហេតុដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសីលធម៌សង្គមក្រសួងបានដាក់ចេញវិធានការណែនាំចំនួន ៣។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ទី១.សូមបញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀនប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ ទី២. ពិធីករ-ពិធីការិនីដែលជាមនុស្សមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ កុំប្រើប្រាស់រូបភាពគាស់កំប៉ុងស្រាបៀរពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម»។ ចំណែកទី៣. ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើមានតុល្យភាពនៃសារផ្សាយពាណិជ្ជកម្ម និងសារអប់រំ។
លោក នេត្រ ភក្ត្រា ក៏បានសង្កត់ធ្ងន់ទៀតថា៖ «ការរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន ជួយទៅដល់ប្រជាជនកម្ពុជាដែលជាអ្នកប្រើប្រាស់ផលិតផល, កាត់បន្ថយគ្រោះថ្នាក់ និងបង្កើនសុខដុមនីយកម្មក្នុងសង្គម»។
ហេតុនេះលោកក៏បានស្នើឱ្យក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អនុវត្តនូវលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធដែលមានជាធរមានឱ្យបានល្អផងដែរ។
តាមរយៈកិច្ចប្រជុំនេះ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ដែរថា ក្រុមការងារបច្ចេកទេសចម្រុះរវាងស្ថាប័នរដ្ឋ និងឯកជននឹងត្រូវបង្កើតឡើងដើម្បីមានភាពងាយស្រួលក្នុងការពិភាក្សា និងដាក់ដំណោះស្រាយនានាសំដៅលើការគ្រប់គ្រងបច្ចេកទេសក្នុងការផលិតស្ប៉តពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មនានាដែលគោរពបាននូវក្រមសីលធម៌ និងអនុលោមតាមច្បាប់។
យ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំនោះដែរតំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលបានចូលរួមប្រជុំក៏បានបង្ហាញនូវការគាំទ្រចំពោះវិធានការ និងការសម្រេចនានាដែលបានផ្តួចផ្តើម និងដាក់ចេញអនុវត្តដើម្បីចូលរួមគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងផងដែរ។
លោក គង់ សុវណ្ណ ស្ថាបនិក និងជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់អង្គការខេមសេហ្វ បានបង្ហាញការគាំទ្រចំពោះការដាក់ចេញវិធានការរបស់ក្រសួងព័ត៌មាននាពេលនេះ ដែលនឹងរួមចំណែកដល់ការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងឆ្លើយតបតាមការចង្អុលបង្ហាញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតឱ្យមានការពិនិត្យមើលការផ្សព្វផ្សាយ
ផលិតផលគ្រឿងស្រវឹងឡើងវិញ។
លោកប្រាប់ថា៖ «ខ្ញុំយល់ថា នេះជាយន្តការឆ្លើយតបបណ្តោះអាសន្នក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ខណៈក្រសួងពាក់ព័ន្ធពិសេសរាជរដ្ឋាភិបាលកំពុងពន្លឿនការរៀបចំច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលច្បាប់នេះនឹងមានវិសាលភាពធំ ដាក់កំហិតច្រើន»។
លោក សុវណ្ណ ក៏សង្កត់ធ្ងន់ថា ជាការពិតគ្រឿងស្រវឹងមិនត្រឹមតែធ្វើឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ មានពិការភាពដ៏ច្រើនប៉ុណ្ណោះទេតែការបរិភោគគ្រឿងស្រវឹងហួសប្រមាណ ក៏បានបង្កឱ្យមានជំងឺប្រមាណ ២០០ មុខថែមទៀតដែរ។ លោកក៏រំពឹងដែរថា ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង នឹងអនុម័តក្នុងពេលឆាប់ៗ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
យោងតាមរបាយការណ៍របស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ជាង ៣ ០០០ ករណី ដែលកើនជាងឆ្នាំ ២០២២ ដែលមានប្រមាណ ២ ៩៧០ ករណី។ ក្នុងនោះ មូលហេតុដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍ក៏មានការបើកក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែរ៕