ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីបានឯកភាពគ្នា បង្កើតនូវយន្តការមួយបន្ថែមទៀតគឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី (Cambodia-Australia's Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្មវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី។ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងពេល ដែលលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក Bran Black នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ក្នុងឱកាសដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។
នាកិច្ចពិភាក្សានោះ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បន្តធ្វើកិច្ចសហការទៅលើការរៀបចំយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមការផ្សព្វ ផ្សាយតាមរយៈតេឡេក្រាមលោកហ៊ុន ម៉ាណែត។ លោកលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានឱ្យតម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជននៅក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ជំនួបនាថ្ងៃនេះជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជនប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ កម្ពុជាស្វាគមន៍ និងមានក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ច អូស្ត្រាលី ជាមួយនឹងកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានាបរិយាកាសវិនិយោគនៅកម្ពុជា»។
លោកបន្ថែមថា កម្ពុជាមានគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជនដែលមកវិនិយោគនៅកម្ពុជាស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានា នៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី។
លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និងលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គិសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។
ជាមួយគ្នានោះដែរ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) លើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១ លានកន្លែង។
លោកថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ចព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចរវាងវិស័យឯកជនអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនានាហើយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។
លោក Bran Black ថា៖ «ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី មានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាបន្ថែមទៀត»។
ចំពោះគោលដៅនៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី នេះដែរ លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បង្ហាញពីជំហរគាំទ្រ និងសហការជាមួយក្រុមការងាររបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ដើម្បីជំរុញការងារឱ្យបានលឿន។
លោកថា៖ «យើងស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយសារកន្លងមក យើងមិនទាន់មានលេខាធិការដ្ឋាន RCEP នៅឡើយ។ ដូច្នេះបើរៀបចំបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី វានឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនូវកិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធភាព»។
ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី ក៏នឹងអាចជួយជំរុញកិច្ចសហប្រតិបត្តិការបន្ថែមជាមួយការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ដែលវានឹងជំរុញឱ្យការងារពាណិជ្ជកម្ម និងវិនិយោគកាន់តែសកម្មជាងនេះបន្ថែមទៀត។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេស RCEP (ប្រទេសអាស៊ាន ១០ បូកនឹងប្រទេស ៥ ទៀត រួមមានចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី) មានតម្លៃទឹកប្រាក់ជិត ៣ ០០០ លានដុល្លារក្នុងឆ្នាំ ២០២៣ ថយចុះជាង ៥ ភាគរយធៀបនឹងឆ្នាំ ២០២២។ បើទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីវិញ សម្រេចបានក្នុងទឹកប្រាក់ជាង ៥០០ លានដុល្លារ ថយចុះជាង ២ ភាគរយ៕