​ភ្នំពេញៈ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ស សុខា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​ស្នើ​ឱ្យ​អភិ​បាលរាជ​ធានី​ ខេត្ត ​សម្រប​សម្រួលនិង​គាំទ្រ​ពី​រដ្ឋ​បាល​ក្រុង ​ស្រុក ​ខណ្ឌ​ ក្នុង​ការ​អនុវត្ត​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ស្រប​តាម​ផែន​ការ​របស់​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​នីយ​កម្ម​ និង​សំណង់​។​

​លោក​ ស សុខា ​បាន​លើក​ឡើង​តាម​រយៈ​លិខិត​ផ្ញើ​ជូន​អភិ​បាល​រាជធា​នី​ ខេត្ត​ចុះ​ថ្ងៃទី​៥​ ខែមីនា​ថា ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់​កាល​ទី​១ មាន​រួម​បញ្ចូល​ការ​ធ្វើ​កំណែ​ទម្រង់​ដីធ្លី ​និង​នគរូ​បនីយ​កម្ម​ ជា​មួយ​នឹង​កា​របង្កើត​ឱ្យមាន​គោល​នយោ​បាយ​ដីធ្លី រួម​មាន ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយ​កម្ម ​និង​សំណង់ ​បាន​កំណត់​យក​ការ​ចុះ​បញ្ជី​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ជា​ការ​ងារ​អាទិ​ភាព​ខ្ពស់ និង​ត្រូវ​អនុ​វត្ត​ឱ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ទូទាំង​ប្រទេស​។ 

​លោក​ ស ​សុខា ​បាន​បញ្ជាក់​ថា​៖«​កន្លងម​ក​ ក្រុម​ការងា​រ ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​នៅតា​ម​បណ្តា​រាជ​ធានី​ ខេត្ត​ ដែល​មាន​ប្រធាន​ការិ​យា​ល័យ​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម​ សំណង់ និង​ភូមិ​បាល​ក្រុង​ ស្រុក​ ខណ្ឌ ជា​ប្រធាន​ក្រុម​ការងារ​ចុះ​បញ្ជី បាន​និង​កំពុង​អនុវត្ត​កម្ម​វិធី​អនុ​វិស័យ​រដ្ឋ​បាល​ដីធ្លី ​ក្នុង​គោល​បំណង​ចុះបញ្ជី​កម្ម​សិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលន​វត្ថុ​ឱ្យ​បាន​ច្បាស់​លាស់​និងជា​ផ្លូវ​ការ​ដើម្បី​ទប់​ស្កាត់​ និង​ដោះ​ស្រាយ​វិវាទ​ដីធ្លី ​សំដៅ​ពង្រឹង​សុវត្ថិ​ភាព​នៃ​កា​រកាន់​កាប់​ដីធ្លី ​និង​បង្កើន​ភាព​ជឿ​ជាក់ ​លើ​ប្រព័ន្ធ​ចុះ​បញ្ជី​ដីធ្លី​»​។ 

​ក្នុង​ន័យ​នេះ​ ដើម្បី​ជំរុញ​កា​រអនុវត្ត​កា​រចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​ទទួល​បាន​ជោគ​ជ័យ​តាម​ផែន​ការ​ដែល​បាន​កំណ​ត់ ក្រសួង​មហា​ផ្ទៃ​បាន​ស្នើ​ឱ្យ​រដ្ឋ​បាល​ រាជ​ធានី ​ខេត្ត​ ណែ​នាំ​ដល់​រដ្ឋ​បាល​ក្រុង ​ស្រុក ខណ្ឌ​ ដើម្បី​សម្រប​សម្រួល ​និង​គាំទ្រ​ក្នុ​ងការ​អនុវត្ត​ការ​ចុះប​ញ្ជី ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​ក្រុម​ការងា​រ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដែល​មាន​ប្រធាន​ការិ​យា​ល័យ​រៀបចំ​ដែន​ដី ​នគរូប​នីយ​កម្ម​ សំណង់​ និង​ភូមិ​បាល​ក្រុង ​ស្រុក ​ខណ្ឌ ​ជា​ប្រធាន​ក្រុម​ការ​ងារ​ដឹកនាំ​ការ​ងារ​ចុះ​បញ្ជី​ដីធ្លី​នេះ​។​

​លោក​ ទូច ​សុខៈ ​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃបាន​ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​៦​ ខែមីនា​ថា ​លិខិត​សំណើ​របស់​លោក​ ស សុខា ​នេះ មិន​មែន​អាជ្ញា​ធរ​ថ្នាក់​ក្រោម​មិន​ស្តាប់​ក្រសួង​មហា​ផ្ទៃ ​ឬ​មិន​សហ​ការ​ជា​មួយ​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនី​យកម្ម​ និង​សំណង់​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​លិខិត​រដ្ឋ​បាល​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ជា​គោល​ការណ៍​ ទាំង​ពេល​កន្លង​មក ​ទាំង​បច្ចុប្បន្ន ​និង​ទៅ​អនា​គត ​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ ​តែង​តែ​ធ្វើ​កិច្ច​ការ​ងារ​ទាំង​អស់​នេះ ​ដោយ​សហ​ការ​ជាមួយ​ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែន​ដី ​នគរូប​នីយក​ម្ម និង​សំណង់​ក្នុង​ការ​សម្រប​សម្រួលតាម​បែប​បទ​រដ្ឋ​បាល​ស្រប​តាម​ច្បាប់ឈាន​ទៅ​ដល់​ការផ្តល់​បណ្ណ​កម្ម​សិទ្ធិ​ក្នុង​ការ​អនុវត្ត​កា​រចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ​»​។​

​បើតាម​ លោ​កទូច សុខៈ  ​គោល​នយោ​បាយ​របស់​ក្រសួង​រៀប​ចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់​ ចាប់​យក​ការ​ចុះ​បញ្ជី​ដីធ្លី​កម្ម​សិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​ជា​អាទិ​ភាព ​នៅ​ក្នុង​រាជ​រដ្ឋាភិ​បា​ល​នីតិ​កាល​ទី៧ នេះ​។ ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​រៀបចំ​ដែន​ដី មាន​ការ​សហ​ការ​គ្នា​ធ្វើ​លើ​កិច្ច​ការ​ងារ​នេះ​។ ដូច្នេះ ​ក្រសួង​មហា​ផ្ទៃបាន​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​រដ្ឋ​បាល​រាជ​ធានី​ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ​ជន​បង្គោល​សម្រប​សម្រួល​ធ្វើ​កិច្ច​ការ​ទាំង​នេះ​តែ​ម្តង​។​

​លោក ​ឡុង ឌី​ម៉​ង់ អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ ​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​អភិ​បាល​ខេត្ត​បាន​ដាក់​ចេញ​ផែន​ការ​រួច​ហើយ​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ដល់​ប្រជា​ពល​រដ្ឋ​ទូទាំង​ខេត្ត ​សរុប​ ៥ក្រុង​ ស្រុក​ រួមមាន ​​ក្រុង​ព្រះ​សីហនុ ​ក្រុង​កោះ​រ៉ុង ស្រុក​ព្រៃ​នប់​ ស្រុក​កំពង់​សីលា​ និង​ស្រុក​ស្ទឹង​ហាវ​ឱ្យ​ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២៤​នេះ​។ 

​លោក​បាន​បញ្ជាក់​ថា​៖«​នៅ​ពេល​ដែល​យើង​ចុះ​បញ្ជី​ជា​ប្រព័ន្ធ​រួច​ហើយ​ យើង​មាន​ការ​គ្រប់​គ្រង​ដីធ្លី​មាន​លក្ខណៈ​វិទ្យា​សាស្ត្រត្រឹម​ត្រូវ​ ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ដី ​កាត់​បន្ថយ​ទំនាស់​ដីធ្លី ​ដែល​កន្លង​មក​ជាន់​កម្ម​សិទ្ធិ​គ្នា ​ហើយ​អ្នក​នេះ ​អះអាង​ថា​របស់​អ្នក​នេះឬ​អះ​អាង​ថា​របស់​អ្នក​នោះ​ជា​ដើម »៕