​ក្រសួងមហាផ្ទៃ បានចេញ​ណែនាំ ពី​ការ​ទៅ​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អធិការកិច្ច ឬ​ការអង្កេត​ស្រាវជ្រាវ​ដោះស្រាយ​បណ្តឹង ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់​អគ្គាធិការដ្ឋាន ក្នុង​គោលដៅ​ព​ន្លឿ​ការងារ​ដោះស្រាយ​ឱ្យ​ឆាប់រហ័ស និង​បង្កើន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​។​

​នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការអញ្ជើញ និង​ការជូនដំណឹង​អំពី​លទ្ធផល​នៃ​ការធ្វើ​អធិការកិច្ច ឬ​អង្កេត​ស្រាវជ្រាវ​ដោះស្រាយ​បណ្តឹង ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៤​។​

លោក​បានឱ្យដឹងថា ប្រជាពលរដ្ឋ អង្គការ​មិនមែន​រាជរដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ត្រីរាជការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ដែលមាន​តំណែង​ចាប់ពី​មន្ត្រី​ដល់​អភិបាល​រាជធានី ខេត្ត និង​អគ្គនាយក ឬ​តំណែង​ប្រហាក់ប្រហែល ជា​សមត្ថកិច្ច​របស់​អគ្គាធិការដ្ឋាន​។ ចំណែក​មន្ត្រីជាន់ខ្ពស់​ដែលមាន​មុខតំណែង​ចាប់ពី​អនុរដ្ឋលេខាធិការ ឬ​តំណែង​ប្រហាក់ប្រហែល​ឡើងទៅ ត្រូវ​អញ្ជើញ​ដោយ​ក្រសួងមហាផ្ទៃ​។​

លោក ស សុខា បាន​បញ្ជាក់ថា​៖ «​ការអញ្ជើញ​ភាគី​ពាក់ព័ន្ធ​ឱ្យ​ឆ្លើយបំភ្លឺ​នេះ គឺ​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ក្នុង​ការធ្វើ​អធិការកិច្ច ឬ​ការអង្កេត​ស្រាវជ្រាវ​ដោះស្រាយ​បណ្តឹង ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់​អគ្គាធិការដ្ឋាន និង​ព​ន្លឿ​ការងារ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​»​។​

លោក​បាន​ឱ្យដឹងទៀតថា បន្ទាប់ពី​ទទួលបាន​លិខិតអញ្ជើញ សាមីខ្លួន​ត្រូវ​ទៅ​បំភ្លឺ​ដោយផ្ទាល់​តាម​ពេលវេលា​កំណត់ ហើយ​ប្រសិន​ក្នុងករណី​ដែល​សាមីខ្លួន​មិនអាច​ទៅ​បំភ្លឺ​បាន ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ឬ​ទំនាក់ទំនង​ទៅ​អគ្គាធិការ ដ្ឋាន ក្រសួងមហាផ្ទៃ ឱ្យបាន​មុន​កាលបរិច្ឆេទ​កំណត់ ដោយ​បញ្ជាក់​ពី​មូលហេតុ​សមស្រប​ឱ្យបាន​ច្បាស់លាស់ និង​មានភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​។​

​ដោយឡែក មន្ត្រីរាជការ ដែល​មិន​បានមក​បំភ្លឺ​តាម​ការអញ្ជើញ ដោយ​គ្មាន​មូលហេតុ​សមស្រប អគ្គាធិការដ្ឋាន​ត្រូវគោរព​ស្នើសុំ​គោលការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ស្របទៅតាម​ច្បាប់​កំណត់​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ចំពោះ​លទ្ធផល​នៃ​ការធ្វើ​អធិការកិច្ច ឬ​ការអង្កេត​ស្រាវជ្រាវ​ដោះស្រាយ​បណ្តឹង គឺ​ក្រសួងមហាផ្ទៃ បានប្រគល់​សិទ្ធិ​ជូន​អគ្គាធិការដ្ឋាន ក្នុង​ជូនដំណឹង​បន្តទៅ​កាន់​សាមី​បណ្ដឹង សមាគម ឫ​អង្គការ​មិនមែន​រាជរដ្ឋាភិបាល ដែល​បាន​បញ្ជូន​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​មក​សមត្ថកិច្ច​របស់​អគ្គាធិការដ្ឋាន​។​

​ជុំវិញ​រឿងនេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា រាល់​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ទៅ​ស្ថាប័នរដ្ឋ​ណាមួយ គឺ​ត្រូវតែមាន​ការយកចិត្តទុកដាក់ និង​ស្វែងរក​ដំណោះស្រាយ នេះ​បើ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​មាត្រ​៣៥ នៃ​កថាខណ្ឌ​ទី​២​។ ដូច្នេះ​អ្វីដែល​ក្រសួង​កំពុងតែ​ធ្វើ​នេះ វា​ជា​កិច្ចការ​មួយ​ល្អ ដើម្បីឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ដោះស្រាយ និង​ចូលរួម​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដែល​កើតឡើង​ជាមួយ​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចំណុច​ទាំងអស់នេះ ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ គាត់​មានការ​ចូលរួម​ដោះស្រាយ​បណ្ដឹង​ដែល​កើត​ឡើងលើ​ប្រជាពលរដ្ឋ ប៉ុន្តែ​គ្រាន់តែ​ថា ការបែងចែក​សមត្ថកិច្ច​នេះ ធ្វើយ៉ាងណា​ឱ្យ​សមស្រប កុំឱ្យ​មានការ​ឆ្លើយ​ដាក់គ្នា​ពីមួយ​ទៅមួយ នាំឱ្យមាន​ភាពយឺតយ៉ាវ និង​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​»៕