របាយការណ៍សង្ខេបមួយក្រោមការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានបង្ហាញថា ទន្លេមេគង្គ បានជាប់ចំណាត់ថ្នាក់លេខ ៣ ជាទន្លេដែលបានផ្ដល់ទីជម្រកដល់សត្វជាង ១ ០០០ ប្រភេទ និងជាទន្លេដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក។
របាយការណ៍ថ្មីមួយដែលមានចំណងជើងថា «The Mekong's Forgotten Fishes» ត្រូវបានបោះពុម្ពផ្សាយដោយអង្គការ Wonders of the Mekong ជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF-Cambodia) ដើម្បីអបអរចំពោះប្រភេទជីវៈចម្រុះដ៏អស្ចារ្យមួយចំនួន ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចជាដើម្បីបង្ហាញពីក្ដីបារម្ភអំពីការធ្លាក់ចុះនៃប្រភេទជីវៈចម្រុះទាំងនោះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤។
ទីភ្នាក់ USAID បានលើកឡើងថា៖ «ជាមួយទីជម្រកដល់សត្វជាង ១ ១៤៨ ប្រភេទ ទន្លេមេគង្គ បានជាប់ចំណាត់ថ្នាក់លេខ ៣ ដែលជាទន្លេដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោកហើយទន្លេនេះជួយសម្រួលដល់ការផ្លាស់ទីប្រចាំឆ្នាំដល់ត្រីប្រហែល ៥ ពាន់លានក្បាល»។
ប្រភពដដែលបន្តថា៖ «ដូច្នេះដំណើរដ៏អស្ចារ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវាស់ស្ទង់សុខភាពអាងទន្លេមេគង្គ ដែលទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៤០ លាននាក់ និងគាំទ្រដល់ការនេសាទទឹកសាបដ៏ធំបំផុតរបស់ពិភពលោក»។
ទន្ទឹមនឹងការសម្បូរជីវៈចម្រុះទាំងអស់នោះ នៅក្នុងរបាយការណ៍ថ្មីនេះ ក៏បានបង្ហាញពីស្ថានភាពដ៏គួរឱ្យបារម្ភផងដែរ ក្នុងនោះត្រីទន្លេមេគង្គមួយក្នុងចំណោម ៥ ប្រភេទ ប្រឈមនឹងការផុតពូជ ដោយសារកត្តាបាត់បង់ទីជម្រក ទំនប់វារីអគ្គីសនី ការបំប្លែងដីសើមក្លាយជាដីសម្រាប់ធ្វើកសិកម្ម ការធ្វើវារីវប្បកម្ម ការជីកយករ៉ែខ្សាច់ដែលគ្មាននិរន្តរភាព ប្រភេទសត្វដែលរាតត្បាត និងផលប៉ះពាល់កាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ។
ជាមួយនឹងកត្តាគំរាមកំហែងទាំងនោះ បាននិងកំពុងបំផ្លិចបំផ្លាញមច្ឆា និងជលផល ធ្វើឱ្យចំនួនត្រីមួយចំនួនបានធ្លាក់ចុះយ៉ាងឆាប់រហ័សរហូតដល់៨៨% ហើយការធ្លាក់ចុះនេះ បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង។
បើតាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងទៀតថា ដើម្បីបញ្ចៀសពីវិបត្តិនេះ នៅក្នុងរបាយការណ៍ ក៏បានផ្ដល់អនុសាសន៍ឱ្យមានវិធានការការការពារ និងការស្ដារប្រព័ន្ធអេកូឡូស៊ីទឹកសាប ជាពិសេសផ្តួចផ្តើមគំនិតឱ្យបណ្តាប្រទេសទន្លេមេគង្គ គួរតែអនុវត្តផែនការសង្គ្រោះបន្ទាន់ឆ្លងដែនសម្រាប់ជីវចម្រុះទឹកសាប។
តាមរយៈការផ្តល់អាទិភាពក្នុងកិច្ចការពារត្រី និងក៏ដូចជាក្នុងការបង្កើតគោលនយោបាយ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន នោះគេជឿជាក់ថា វានឹងអាចជួយផ្លាស់ប្តូរ នៃការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ីដែលមានតែមួយប្រភេទនេះ ការការពារចំនួនត្រី ប្រវត្តិសាស្ត្រក្នុងតំបន់ និងជីវភាពផ្ទាល់ខ្លួន។
USAID បានសង្កត់ធ្ងន់ថា៖ «សូមចាប់ផ្ដើមធ្វើសកម្មភាពឥឡូវនេះ មុនពេលអ្វីៗប្រែជាហួសពេលអស់ ដោយចូលរួមពួតដៃគ្នា ទើបយើងអាចការពារ និងស្តារទន្លេមេគង្គឡើងវិញ ដោយធានាបាននូវការរស់រានមានជីវិត និងភាពរុងរឿងនៃធនធានទឹកសាបដ៏វិសេសវិសាលរបស់ទន្លេមេគង្គ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត»៕