ក្រចេះ/ស្ទឹងត្រែងៈ សម្បុកពងកូន របស់សត្វកន្ធាយក្បាលកង្កែប ដែលជាសត្វកម្រម្យ៉ាងជិតផុតពូជពីភពផែនដី និងត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលថា ជាសត្វរងគ្រោះជិតផុតពូជនោះ ត្រូវបានគេប្រទះឃើញកាលពីពេលថ្មីៗនេះ នៅតាមដងទន្លេមេគង្គ ព្រំប្រទល់ ខេត្តក្រចេះ និងស្ទឹងត្រែង ខណៈដែលអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បង្ហាញការព្រួយបារម្ភចំពោះការបាត់បង់មេពងនៃសត្វប្រភេទនេះ។
ការប្រទះឃើញនេះត្រូវបានលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ប្រាប់ឱ្យនៅថ្ងៃទី ៦ ខែមីនាថា សម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែប ត្រូវបានអ្នកនេសាទម្នាក់ ប្រទះឃើញ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក កាលពីយប់ថ្ងៃទី ៤ ខែមីនា។
អ្នកនេសាទបានរាយការណ៍មកឆ្មាំទន្លេ ហើយក្រុមអភិរក្សឆ្មាំទន្លេមិនទុកយូរនោះទេ ក៏រាយការណ៍ភ្លាមបន្តមកមន្ត្រីជំនាញជលផល ដើម្បីដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីនោះភ្លាម។
លោកថ្លែងថា ដោយសារតែការរាយកាណ៍មករដ្ឋបាលជលផលយប់ជ្រៅពេក ខណៈដែលស្ថានភាពផ្លូវពិបាកធ្វើដំណើរផង រហូតដល់ព្រឹកថ្ងៃទី៥ ខែមីនា ទើបក្រុមការងារបានទៅប្រមូលយកពងរបស់សត្វកន្ធាយក្បាលកង្កែប។ ក្រោយពីមន្ត្រីជំនាញជីកកាយដីខ្សាច់នោះហើយក៏ប្រទះឃើញថា មានពងកប់នៅក្នុងដីខ្សាច់ពិតប្រាកដមែន ហើយវាជាពងសត្វកន្ធាយក្បាលកង្កែបមានចំនួន ៥៥ ពង។
លោក ស្រី សមវិចិត្រ បញ្ជាក់ថា៖ «ការរកឃើញសម្បុកពងកូននេះ ដោយសារតែអ្នកនេសាទបានឃើញដានមេពង ហើយក៏រកតាមដាននេះ ក៏ប្រទះឃើញពងកូនទាំងអស់នេះ។ កន្ធាយក្បាលកង្កែបនេះ ស្ទើរតែផុតពូជទៅហើយ តែជាភ័ព្វសំណាងនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញថា វានៅមានជីវិត លើទឹកដីខេត្តក្រចេះនិងស្ទឹងត្រែង»។
បច្ចុប្បន្ននេះ សត្វកន្ធាយក្បាលកង្កែបកំពុងតែមានការប្រឈមខ្លាំង ដោយសារនៅខេត្តទាំង ២ នេះ សម្បូរដោយអ្នកនេសាទ ជាពិសេសការនេសាទដោយប្រើសន្ទូច ដែលអាចធ្វើឱ្យសត្វនេះជាប់សន្ទូច និងងាប់បាន។
លោកបញ្ជាក់ថា៖ «កន្ធាយក្បាលកង្កែប វាចូលចិត្តស៊ីសន្ទូចរបស់អ្នកនេសាទយើងណាស់។ យើងមានការព្រួយបារម្ភថា វានឹងអាចហោចទៅៗ បើមានការនេសាទច្រើន ទោះជាប្រើប្រាស់ឧបករណ៍ស្របច្បាប់ក៏ដោយ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកនេសាទ សូមចូលរួមសហការ បើសិនជានេសាទបាន សូមលែងទៅក្នុងធម្មជាតិ ហើយបើសិនជាឃើញមានសម្បុកពងកូនសូមរាយការណ៍មកក្រុមការងារយើង ដើម្បីអភិរក្សនូវប្រភេទសត្វជិតផុតពូជទាំងនេះ។
លោក ចាន់ ទី មន្ត្រីអភិរក្សនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)ប្រចាំខេត្តស្ទឹងត្រែង បានឱ្យដឹងដែរថា ពងសត្វកន្ធាយក្បាលកង្កែបមានចំនួន៥៥ពង ដែលទើបនឹងរកឃើញនេះ នឹងត្រូវភ្ញាស់ឱ្យញាស់ ហើយនឹងបន្តលែងចូលទៅក្នុងទន្លេមេគង្គវិញ។
លោកថា បច្ចុប្បន្ននេះ WCS កំពុងតែមានការព្រួយបារម្ភពីការធ្លាក់ចុះនៃមេពូជកន្ធាយក្បាលកង្កែប ដោយសារការប្រទះឃើញសម្បុកពងកូនកន្លងទៅ គេពុំដែលប្រទះឃើញដានមេពូជរបស់វាទេ ដែលការថយចុះនេះ អាចកើតឡើងដោយសារតែការនេសាទខុសច្បាប់។
លោកបញ្ជាក់ថា៖ «កន្លងមកឆ្នាំ ២០១៧ និង ២០១៨ យើងមិនសូវទទួលបានការរាយការណ៍ច្រើនទេ ក្នុងការប្រទះឃើញសម្បុកពងកូននេះ តែក្រោយពីយើងបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ ក្នុងឆ្នាំ ២០១៩ ឃើញថា មានការរាយការណ៍ច្រើន»។
លោកបន្តថា ៖ «កាលពីឆ្នាំ ២០២១ និង ២០២២ កន្លងទៅយើងរកឃើញសម្បុកពងកូនជាង ៦០ សម្បុក ប៉ុន្តែយើងក៏មានការសោកស្តាយដែរ ដែលឆ្នាំ ២០២៣ កន្លងទៅយើងរកឃើញតែជាង ១០ សម្បុក និងដើមឆ្នាំ ២០២៤ នេះ ទើបរកឃើញ ៦ សម្បុក។ ដូច្នេះវាតិចមែនទែន បើធៀបនឹងឆ្នាំកន្លងទៅ»។
លោកថា WCS មិនមានតួលេខជាក់លាក់ចំពោះចំនួនសត្វកន្ធាយក្បាលកង្កែបនេះទេ ដោយសារតែមិនមានឧបករណ៍តាមដានគ្រប់គ្រាន់ ប៉ុន្តែគេអាចដឹងនៅក្នុងទិន្នន័យប្រចាំឆ្នាំ តាមរយៈការរកឃើញសម្បុកពងកូនទាំងនេះ។
លោក ចាន់ ទី បានបន្ថែមថា៖ «យើងអាចសន្និដ្ឋានថា មេពូជសត្វកន្ធាយក្បាលកង្កែប មានប្រហែល ១៥ ក្បាលប៉ុណ្ណោះ ប៉ុន្តែកូនវា យើងបានលែងចូលប្រមាណជិត ១ ម៉ឺនក្បាល ទៅក្នុងទន្លេមេគង្គ ដែលជាទីជម្រកតែ ១ គត់របស់សត្វប្រភេទនេះ។ មានកត្តាមួយចំនួនដែលធ្វើឱ្យសត្វប្រភេទនេះបន្តបាត់បង់ ដូចជាការនេសាទខុសច្បាប់ ការចាប់យកមេពូជទៅជួញដូរខុសច្បាប់ជាដើម»។
ជាមួយគ្នានេះដែរ លោក ញួន ចន្ទី ប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គ បានប្រាប់ឱ្យដឹងដែរថា ចាប់តាំងពី ២០០៧ រហូតដល់ឆ្នាំ ២០២៣ កូនកន្ធាយក្បាលកង្កែបប្រមាណ ១៣ ០០០ ក្បាលបានញាស់ និងលែងចូលធម្មជាតិ។
លោកថា កន្ធាយក្បាលកង្កែបនេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់ ជាសត្វជិតផុតពូជទូទាំងសកលលោក ពីព្រោះត្រូវបានស្រាវជ្រាវប្រទះឃើញវត្តមានតិចតួចបំផុត ក្នុងប្រទេសមួយចំនួនដូចជាប្រទេស បង់ក្លាដែស ចិន ឥណ្ឌូនេស៊ី ឥណ្ឌា ថៃ វៀតណាម ឡាវ និងកម្ពុជាជាដើម។
អង្គការ WCS នឹងបន្តសហការជាមួយរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូកខេត្តស្ទឹងត្រែ ដើម្បីពង្រឹងការងារអនុវត្តច្បាប់ និងបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងការងារអភិរក្សកន្ធាយក្បាលកង្កែប និងជីវៈចម្រុះតាមមូលដ្ឋាន និងតាមសាលារៀន លើកកម្ពស់ជីវភាពសហគមន៍តាមរយៈមុខរបរចិញ្ចឹមជីវិតបន្ត និងពង្រឹងកម្មវិធីការពារសម្បុក និងលែងកូនកន្ធាយចូលទីជម្រកធម្មជាតិ។
លោក ញួន ចន្ទី «សូមអំពាវនាវដល់ពុកម៉ែ មាមីងបងប្អូន និងកូនៗសិស្សសាលាទាំងអស់ទូទាំងប្រទេស សូមចូលរួមថែរក្សា និងចូលរួមចំណែកក្នុងកិច្ចការពារអភិរក្សតាមរយៈ មិនបរិភោគ សាច់ ទិញលក់ ដឹកជញ្ជូន ផលផលិតផលជលផលរងគ្រោះថ្នាក់ជិតផុតពូជ ជាពិសេសកន្ធាយក្បាលកង្កែប»។
បើតាមការលើកឡើងបន្ថែមពីនាយខណ្ឌជលផលស្ទឹងត្រែង កន្ធាយក្បាលកង្កែប នាពេលបច្ចុប្បន្នជិតផុតពូជទៅហើយ វារស់នៅតែក្នុងទឹកដីខេត្តស្ទឹងត្រែង និងខេត្តក្រចេះប៉ុណ្ណោះ។ វាមានពងជាមធ្យមចន្លោះពី ២៨ ទៅ ៣០ ពង ក្នុងមេ១ក្បាល វាស៊ីត្រី ក្តាម កំពឹស និងរុក្ខជាតិដុះក្នុងទឹក។ កន្ធាយក្បាលកង្កែប រស់នៅក្នុងអន្លង់ទឹកជ្រៅរហូតដល់ ៤០ ម៉ែត្រ ចំណែកទម្ងន់ជាអតិបរមាមានរហូតដល់ ៥០ គីឡូក្រាម និងមានប្រវែង២ម៉ែត្រ៕