បាត់ដំបងៈ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ កំពុងពិនិត្យ និងស្រាវជ្រាវករណីចែកលុយគ្នារបស់មន្ត្រីនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ហើយប្រសិនជារកឃើញមានកំហុស នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឡើយ។
លោក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនាថា ថ្មីៗនេះ ខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងពិនិត្យ និងស្រាវជ្រាវលើករណីទាំងនោះហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីនៅឡើយទេ។
ការលើកឡើងដូចនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន និងការចែកចាយបន្តនូវសារសំឡេង ព្រមទាំងឯកសារមួយចំនួន ដែលត្រូវបានអះអាងថា ជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបងពាក់ព័ន្ធនឹងការបែងចែកលុយគ្នា ទៅលើចំណូល ចំណាយផ្សេងៗ។
លោកបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន ដោយកំពុងពិនិត្យ និងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ»។
ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា កុំយករូបថតរបស់ថ្នាក់ដឹកនាំអង្គភាព ឬមន្ត្រីមិនពាក់ព័ន្ធ ទៅភ្ជាប់ជាមួយករណីនេះ ដែលបង្កជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ក៏ដូចជាអង្គភាពទាំងមូល។
ដោយឡែក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងករណីនេះ គឺមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខាងអាជ្ញាធរខេត្តនោះទេ ទោះបីករណីនេះបានកើតឡើងក្នុងមូលដ្ឋានខេត្តបាត់ដំបងក៏ដោយ។
លោកប្រាប់ថា៖ «ក្នុងនាមជាអាជ្ញាធរខេត្ត យើងមិនអាចបំភ្លឺលើករណីហ្នឹងបានទេ ពីព្រោះមិនមែនជាដែនសមត្ថកិច្ចរបស់ខេត្ត ដូច្នេះសូមទាក់ទងទៅខាងអគ្គនាយកដ្ឋានជំនាញខាងហ្នឹងទៅ»។
ចំណែក លោក ម៉ាក ទន ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា ក្នុងដែនសមត្ថកិច្ចការងាររបស់លោក បានត្រឹមតែផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ចំណែកខាងផ្នែកផ្ដល់លិខិតឆ្លងដែន មានតែមន្ត្រីមកពីក្រសួងទាំងអស់ ដូច្នេះខាងប៉ូលិសខេត្តយើង អត់មានលូកដៃបាននោះទេ»៕