​ភ្នំពេញៈ មេដឹកនាំ​អាស៊ាន និង​អូស្ត្រាលី​ប្តេជ្ញា​រក្សា​សន្តិភាព ស្ថិរភាព និង​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​សម្រាប់​ការអភិវឌ្ឍ និង​វិបុលភាព​ក្នុង​តំបន់ ខណៈ​មេដឹកនាំ​កម្ពុជា និង​វៀតណាម​ បាន​ពិភាក្សាគ្នា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ សន្តិសុខ វិស័យ​ទេស​​ចរណ៍ និង​ការតភ្ជាប់​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ប្រទេស​ទាំង​​ ២​។​

​ការប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​អាស៊ាន និង​អូស្ត្រាលី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​ នៅ​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃទី​ ៦ ខែមីនា​។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​ទស្សន​វិស័យ​របស់​មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី​ ស្តីពី​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព​។​

​ដើម្បី​ធានាបាន​កំណើន​ប្រកប​ដោយ​និរន្តរភាព និង​វិបុលភាព មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី​ បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​លើកកម្ពស់​និម្មាបនកម្ម​តំបន់​ដោយ​ផ្អែកលើ​ច្បាប់​បើកចំហ ប្រកប​​ដោយ​បរិ​យាប​ន្ន និង​តម្លាភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​អាស៊ាន​ជា​ចំណុចកណ្តាល ដែល​គោលបំណង និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហ​​ប្រជាជាតិ ​(UN)​ ធម្មនុញ្ញ​អាស៊ាន សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ​(TAC)​ និង​ចក្ខុវិស័យ​អា​-​ស៊ាន​ ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក (AOIP) ត្រូវបាន​គោរព និង​ប្រកាន់យក​។​

​មេដឹកនាំ​ទាំងអស់​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នេះ​ថា​៖ «​យើង​ចង់បាន​តំបន់​មួយ​ដែលមាន​ការគោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​។ យើង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​តំបន់​ដែលមាន​ការ​​ខ្វែងគំនិត​គ្នា​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​កិច្ចសន្ទនា​ប្រកបដោយ​ការគោរព មិនមែន​ជាការ​គំរាម​​កំហែង ឬ​ការប្រើប្រាស់​កម្លាំង​នោះទេ​។ យើង​ខិតខំ​ធ្វើ​យ៉ាង​​ណា​ឱ្យ​តំបន់​ដែលមាន​ជម្លោះ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិ​​វិធី​ស្របតាម​គោលការណ៍​ទទួល​ស្គាល់​ជាស​កល​នៃ​ច្បាប់​អន្តរ​ជាតិ រួមមាន​អនុសញ្ញា​អង្គការ​​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ​១៩៨២ (UNCLOS)»​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ «​យើង​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព និង​ស្ថិរភាព ក៏ដូចជា​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​ក្នុង​តំបន់ ជាពិសេស​គាំទ្រ​ដល់​ដំណើរ​ការកសាង និង​សមាហរណកម្ម​សហគម​ន៍​អាស៊ាន​»​។​

​មេដឹកនាំ​អាស៊ាន និង​អូស្ត្រាលី​បានបញ្ជាក់​ទៀតថា​៖ «​យើង​នឹង​បន្ត​លើកកម្ពស់​និម្មាបនកម្ម​តំបន់​ផ្អែកលើ​ច្បាប់ ដែល​ប្រកាន់យក​ច្បាប់​អន្តរជាតិ ដោយមាន​អាស៊ាន​ជា​កណ្តាល​ដើម្បី​រក្សា​ទំនាក់ទំនង​ប្រកបដោយ​ការគោរព ស្ថិរភាព និង​សន្តិវិធី​រវាង​រដ្ឋ​។ យើង​នឹង​លើកកម្ពស់​ការទុកចិត្ត​គ្នា​ជា​យុទ្ធ​សាស្ត្រ និង​ធានា​នូវ​អាកប្បកិរិយា​ប្រកបដោយ​តម្លាភាព​អាច​ព្យា​ករ​បាន និង​ការទទួលខុសត្រូវ​។ យើង​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ និង​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​តាមរយៈ​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​តំបន់ និង​ពហុភាគី​ផ្សេងទៀត​»​។​

​ជាមួយគ្នានេះ ភាគី​ទាំង ​២ ប្តេជ្ញា​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​បើកចំហ និង​កិច្ចសន្ទនា​នៅក្នុង​យន្តការ​ដឹក​នាំ​ដោយ​អាស៊ាន​ដើម្បី​បង្កើន​ការយល់​ពីគ្នា​ទៅវិញទៅមក កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គណនា​ខុស និង​ទប់ស្កាត់​ជម្លោះ ព្រមទាំង​នឹង​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​តួនាទី​សំខាន់​របស់​អាស៊ាន​ក្នុងនាម​ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ឈានមុខ​គេ​ក្នុង​តំបន់​សម្រាប់​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​។​

​មេដឹកនាំ​ទាំងអស់​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់ខ្លួន​ចំពោះ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មាន​អត្ថន័យ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅ​​មក ដោយ​ផ្អែកលើ​មិត្តភាព ការ​​ជឿទុកចិត្ត​គ្នា ផលប្រយោជន៍​រួម និង​ចក្ខុវិស័យ​វិជ្ជមាន​សម្រាប់​អនាគត​ក្នុង​តំបន់​របស់​ភាគី​ទាំង​ ២​។​

លោក​ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ច​ប្រជំុអាស៊ាន-អូស្ត្រាលី ម្សិលមិញ។ រូប STPM

​មេដឹកនាំ​អាស៊ាន និង​អូស្ត្រាលី​បាន​ថ្លែងថា អាស៊ាន និង​អូស្ត្រាលី​ប្តេជ្ញា​កសាង​ប្រវត្តិសាស្ត្រ​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​បន្ថែមថា ទំនាក់ទំនង​រវាង​ប្រជា​ជន និង​ប្រជាជន​ដ៏​រឹងមាំ​នឹង​នៅតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជា​ដៃ​គូ​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​រួម​នេះ​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​ពង្រឹង​និ​ម្មា​បន​កម្ម​សេដ្ឋកិច្ច​។ និម្មាបនកម្ម​នេះ​បាន​ផ្លាស់ប្តូរ​តំបន់​របស់​យើង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង និង​បន្ត​គាំទ្រ​វិបុលភាព​របស់​យើង​។ យើង​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ជំរុញ​ការតភ្ជាប់​ក្នុង​តំបន់​ឆ្ពោះទៅ​អនាគត​ប្រកប​ដោយ​និរន្តរភាព និង​ខិតខំ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង រហ័សរហួន និង​ធន់​»​។​

​ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី ​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​រួម រួមមាន ការប្រែប្រួល​អាកាសធាតុ និង​ការបាត់បង់​ជីវៈចម្រុះ កាកសំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ គ្រោះមហន្តរាយ​ធម្ម​ជាតិ សន្តិសុខ​ស្បៀង និង​ថា​ម​ពល ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​និរន្តរភាព ភាពក្រីក្រ ជំងឺ​រាតត្បាត ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការអភិវឌ្ឍ​ប្រកបដោយ​​ចីរភាព តាមរយៈ​ការចែករំលែក​ដំណោះស្រាយ​ប្រកបដោយ​បរិ​​យាប​ន្ន និង​សមធម៌​ដើម្បី​ធានា​សុខុមាលភាព និង​ភាព​ធន់​នៃ​សហគមន៍​របស់ខ្លួន​។​

​ដោយឡែក មេដឹកនាំ​កម្ពុជា និង​វៀតណាម​បាន​ពិភាក្សាគ្នា​លើ​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការបន្ថែមរ​វាង​ប្រទេស​ទាំង​ ២ លើ​វិស័យ​ការពារជាតិ សន្តិសុខ វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ការពិភាក្សា​នេះ ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​លោក ផាម មិញ​ជិ​ញ (Pham Minh Chinh)​ នាយករដ្ឋមន្ត្រី​វៀត​ណា​ម​នៅ​ថ្ងៃទី ​៦ ខែមីនា នា​ឱ​​កាស​ដែល​មេដឹកនាំ​ទាំង​ ២ ​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​យោងតាម​បណ្តាញ​សង្គម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ​ម៉ា​ណែ​ត បាន​បញ្ជាក់ថា ក្នុងជំនួប​នេះ លោក ផាម មិញ​ជិ​ញ បាន​អបអរសាទរ​កម្ពុជា​ចំពោះ «​ជោគជ័យ​» នៃ​រៀបចំ​ការបោះ​​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា កាលពី​ថ្ងៃទី​ ២៥ កុម្ភៈ ក៏​ដូច​ជា​អបអរសាទរ​ចំពោះ ​«​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជ័យជម្នះ​លើ​ការបោះឆ្នោត​នេះ ដោយ​ទទួលបាន​ ៥៥ ​អាសនៈ​»​។​

​បណ្តាញ​សង្គម​ដដែល​បន្តថា ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំង​ ២ ​ជាថ្មី​ម្ដងទៀត​នេះ គឺជា​ឱកាស​នៃ​កិច្ចពិភាក្សា​លើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការដែល​បាន​ឯកភាពគ្នា​នាពេល​កន្លងមក និង​ការបន្ត​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​នា​ថ្ងៃ​អនាគត​បន្ថែមទៀត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ក្នុងជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំង ​២​ បាន​ពិភាក្សាគ្នា​លើ​វិស័យ​គន្លឹះ ដែលជា​កម្មវត្ថុ​នៃ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម រវាង​កម្ពុជា និង​វៀតណាម ដែល​រួមមាន ដូចជា វិស័យ​ការពារជាតិ និង​សន្តិសុខ វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ​លឿន ភ្នំពេញ​-​បាវិត​-​ហូជីមិញ ជាដើម​»​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​កា​រងារ​ត្រីភាគី​កម្ពុជា​-​វៀតណាម​-​ឡាវ​ (CLV)​ មេដឹកនាំ​ទាំង ​២​ បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ខាងមុខ នឹងមាន​ការរៀបចំ​កិច្ចប្រជុំ​កំពូល CLV លើក​ទី​១២ ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​មួយចំនួន​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​គ្នា​ក្នុង​ក្របខ័ណ្ឌ CLV បន្ថែមទៀត​។​

​ក្នុង​វិស័យ​ទេសចរណ៍ មេ​ដឹក​​នាំ​ទាំង​ ២ ​បាន​ឯកភាព​ឱ្យ​ក្រសួង​ទេសចរណ៍​បង្កើន​កិច្ចពិភាក្សា​ដើម្បី​ស្វែងរក​ឱកាស​ក្នុងការ​ជំរុញ​កំណើន​ទេសចរណ៍​ក្នុងប្រទេស​ទាំង ៣​។ មេដឹកនាំ​ទាំង​ ២​ ក៏បាន​ពិភាក្សាគ្នា​លើ​កិច្ចការ​មួយចំនួន ដែលជា​ផលប្រយោជន៍​រួម សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណា​ម​ផងដែរ​៕