​ភ្នំពេញៈ លោ​ក ស ថេត អគ្គ​ ស្នងការ​នគរបាលជាតិ​បាន​ថ្លែងថា ការលើកកម្ពស់​តួនាទី​របស់​ស្ត្រី និង​ក្មេងស្រី នៅក្នុង​បរិវត្ត​កម្ម​ឌីជីថល ពិតជា​ចាំបាច់ និង​មាន​សារៈសំខាន់​នៅក្នុង​កា​រព​ន្លឿ​ន កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​បរិ​យាប​ន្ន​។ នៅពេល​ស្ត្រី និង​ក្មេងស្រី​មានចំណេះដឹង និង​សមត្ថភាព​ផ្នែក​ឌីជីថល អាចធ្វើឱ្យ​ពួកគេ​បាន​ចូលរួម​ដោយ​សកម្ម និង​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។

​លោ​ក ស ថេត​ បានលើកឡើង​បែបនេះ ក្នុងពេល​ធ្វើជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​នារី ៨​ ​មីនា ឆ្នាំ​ ២០២៤ ​ក្រោម​មូលបទ ​«​ស្ត្រី​និង​ក្មេងស្រី​ក្នុង​បរិវត្ត​កម្ម​ឌីជីថល​» ដែលមាន​ការចូលរួម ពី​កងកម្លាំង​នគរបាល​នារី ជាង ​៦០០ ​នាក់​ កាលពី​ថ្ងៃទី​ ៥ មីនា​។ នេះ​បើ​យោងតាម​ក្រសួងមហាផ្ទៃ​។​

​លោក​អគ្គស្នងការ​ថ្លែង​ទៀតថា បរិវត្ត​កម្ម​ឌីជីថលនឹង​ផ្តល់នូវ​មធ្យោបាយ​ថ្មីៗ​សម្រាប់​ស្ត្រី​និង​ក្មេងស្រី ក្នុងការ​អនុវត្ត​សិទ្ធិ ការ​​លើកកម្ពស់​ឋានៈ តួនាទី ការ​ទទួលបាន​កាលានុវត្តភាព និង​ជម្រើស​នានា​នៅក្នុង​ការរស់នៅ​រួមទាំង​ការលើកកម្ពស់ ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់ខ្លួន និង​គ្រួសារ​ព្រមទាំង​ការទទួលបាន លទ្ធភាព​កាន់តែ​ទូលំទូលាយ​សម្រាប់​ការសិក្សា អប់រំ ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និង​អាជីវកម្ម​ជាដើម​។​

​បន្ថែម​ពីនេះ លោក ស ថេត បានធ្វើ​ការណែនាំ​ដល់​កម្លាំង​នគរបាល​នារី ត្រូវ​បន្ត​រក្សា​នូវ​ប្រពៃណី​ថ្លៃថ្នូរ រក្សា​កិត្តិយស​ក្នុងនាម​ជា​កងកម្លាំង​នគរបាលជាតិ ដែលមាន​វិន័យ សីលធម៌ គុណ​ធម៌ និង​មាន​មនសិការ​វិជ្ជាជីវៈ ជាពិសេស​រក្សាបាន​នូវ​គុណ​តម្លៃ ឱ្យ​ស័ក្តិសម​នឹង​កិត្តិនាម​របស់​ស្ត្រី​ជា «​មាតា​ពិភពលោក​»​។​

​លើសពីនេះ​កម្លាំង​នគរបាល​នារី​ត្រូវ​បន្ត​ខិតខំ​ចាប់យក​កាលានុវត្តភាព អភិវឌ្ឍ​ចំណេះដឹង​របស់ខ្លួន​ ដើម្បីឱ្យ​ស័ក្តិ​សមជា​ស្ត្រី​នៃ​យុគសម័យ​ឌីជីថល​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ និង​ត្រូវ​លើកកម្ពស់​ឧត្តមភាព​ក្នុងនាម​ជា​ភរិយា ជា​មាតា ជា​ម្តាយមីង ជា​បងស្រី ឬ​ជា​កូនស្រី​គំរូ​ក្នុង​គ្រួសារ​៕